• July 16, 2024
 អ្នកនេសាទក្រីក្រនិងតម្លៃនៃពេលវេលា

អ្នកនេសាទក្រីក្រនិងតម្លៃនៃពេលវេលា

Spread the love
Digiqole Ad

អ្នកនិទានរឿងម្នាក់បានតំណាលប្រាប់អ្នកស្រុកថា ថ្ងៃមួយមានអ្នកនេសាទក្រីក្រម្នាក់បានបង់សំណាញ់បានត្រីធំមួយ។ ពេលគាត់យកត្រីនោះមកវះពោះដើម្បីធ្វើម្ហូប គាត់បានឃើញត្បូងពេជ្រដ៏ធំចម្លែកមួយមានពន្លឺចាំងព្រាតៗភ្លឺថ្លាលើសពីកញ្ចក់ទៅទៀត។ គាត់បានយកត្បូងពេជ្រនោះទៅលក់ឲ្យឈ្មួញកណ្ដាលម្នាក់ ពេលនោះឈ្មួញកណ្ដាលដែលជាមនុស្សទៀងត្រង់បានប្រាប់គាត់ថា ត្បូងពេជ្ររបស់គាត់មានតម្លៃខ្លាំងណាស់ គ្មានជនណាម្នាក់មានទ្រព្យសម្បត្តិគ្រប់គ្រាន់អាចនឹងទិញពីគាត់បានឡើយ។ ដូច្នេះ គាត់ត្រូវតែទៅជួបនឹងព្រះមហាក្សត្រ ហើយយកត្បូងនេះទៅបង្ហាញព្រះអង្គ ពីព្រោះព្រះអង្គមានអ្វីគ្រប់បែបយ៉ាងអាចនឹងទិញអ្វីក៏បានដែរ បើសិនជាព្រះអង្គសព្វព្រះរាជហឫទ័យ ។
អ្នកនេសាទបានទៅព្រះរាជវាំងសុំអ្នកយាមចូលគាល់ព្រះមហាក្សត្រតាមពាក្យណែនាំរបស់ឈ្មួញកណ្ដាល។ ពេលដែលបានឃើញត្បូងរបស់អ្នកនេសាទហើយ ព្រះមហាក្សត្រមានបន្ទូលប្រាប់គាត់ថា ៖ “ត្បូងរបស់អ្នកពិតជាមានតម្លៃលើសលប់ណាស់ ខ្ញុំមិនអាចកាត់ថ្លៃវាបានទេ។ ដូច្នេះ ខ្ញុំនឹងបើកទ្វារមហាប្រាសាទដែលខ្ញុំតម្កល់ទ្រព្យធនធានរបស់ខ្ញុំទាំងអស់ ចំនួន៦ម៉ោងឲ្យអ្នកចូលទៅនៅក្នុងនោះ។ អ្នកមានសេរីភាពអាចនឹងធ្វើអ្វីក៏បានដែរតាមចិត្តអ្នកចង់។ បន្ទាប់ពីរយៈពេល៦ម៉ោងនេះមក អ្នកត្រូវតែចេញពីមហាប្រាសាទមកវិញ ហើយអ្នកគ្មានសិទ្ធិនឹងចូលនៅទីនោះជាថ្មីម្ដងទៀតទេ។ អ្វីក៏ដោយដែលអ្នកយកបានពេលមហាប្រាសាទបើកទ្វារឲ្យអ្នកចូល អ្វីទាំងអស់នោះគឺជាតម្លៃរបស់ត្បូងពេជ្រអ្នក។
ពេលមានបន្ទូលរួចហើយ ព្រះមហាក្សត្រក៏បញ្ជាឲ្យសេនានាំអ្នកនេសាទនោះទៅកាន់មហាប្រាសាទ ហើយបើកទ្វារឲ្យគាត់ចូលចំនួន៦ម៉ោង។ អ្នកនេសាទដើរចូលគ្រប់បន្ទប់ទាំងអស់ គាត់មានការភ្ញាក់ផ្អើលជាខ្លាំង ពីព្រោះ អ្វីៗដែលគាត់ធ្លាប់ឃើញនិងធ្លាប់ឮគេនិយាយប្រាប់ថាជាវត្ថុដ៏ល្អៗបំផុតក្នុងលោកសុទ្ធតែស្ថិតនៅក្នុងមហាប្រាសាទនេះទាំងអស់។ គាត់ឃើញមាសប្រាក់ កែវកង លុយកាក់គរដូចភ្នំនៅក្នុងបន្ទប់ខ្លះ ឯបន្ទប់ខ្លះទៀតមានសុទ្ធតែសម្លៀកបំពាក់ធ្វើអំពីសូត្រប៉ាក់ឌិនភ្លឺចិញ្ចែងចិញ្ចាច។ អ្វីៗសុទ្ធតែប្លែកៗហើយល្អៗជាក្រៃលែង។ ពេលដើរមកដល់បន្ទប់ធំវែងមួយក្បែរមាត់ទ្វារចេញ គាត់ឃើញម្ហូបអាហារគ្រប់បែបយ៉ាងដាក់ក្នុងចានតម្កល់លើតុបញ្ចេញក្លិនឈ្ងុយឈ្ងប់គួរឲ្យស្រេកឃ្លាន។
អ្នកនេសាទទ្រាំមិនបានក៏ស្ទុះទៅភ្លក្សម្ហូបពីមួយចានទៅមួយចានរហូតដល់ឆ្អែត និងផឹកទឹកភេសជ្ជៈទាំងឡាយដោយចិត្តរីករាយជាក្រៃលែង។ បន្ទាប់មកគាត់មានអារម្មណ៍ថាតឹងពោះ ហើយគាត់ក៏ទៅដេកសម្រាកលើពូកទន់ល្មើយដោយនឹកគិតថា គាត់នៅមានពេលនៅឡើយ កាលណាគាត់ភ្ញាក់ គាត់នឹងទៅប្រមូលយកមាសពេជ្រ កែវកង និងលុយកាក់របស់ព្រះមហាក្សត្រច្រកស្បោងធំៗអូសទៅផ្ទះគាត់ ។ ពេលវេលាឥតនៅរង់ចាំអ្នកនេសាទឲ្យគាត់ភ្ញាក់ស្រួលបួលដើម្បីទៅយកទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រឡើយ។ កាលដែលគាត់កំពុងដេកស្រមៃនៅឡើយថាគាត់ជាមហាសេដ្ឋីនោះ ពួកសេនាស្ដេចក៏ចូលមកអូសជើងគាត់ទម្លាក់ពីលើគ្រែឲ្យចេញពីមហាប្រាសាទភ្លាម ពីព្រោះ រយៈពេល៦ម៉ោងដែលគាត់មានសិទ្ធិនឹងធ្វើអ្វីក៏បានដែរនោះបានកន្លងផុតទៅហើយ។ អ្នកនេសាទបានបាត់បង់អ្វីៗទាំងអស់ដោយសារគាត់ធ្វេសប្រហែសមិនយល់តម្លៃនៃពេលវេលា ។
ខណៈពេលនោះ ក្មេងម្នាក់ដែលនៅអង្គុយស្ដាប់រឿងបានសួរទៅអ្នកនិទានថា : តើមហាប្រាសាទដែលមានអ្វីៗល្អៗគ្រប់មុខនេះនៅឯណា? អ្នកនិទានតបថា : “មហាប្រាសាទនោះ គឺពិភពលោកនេះឯង។ ត្បូងពេជ្រនៅក្នុងពោះត្រី គឺជាព្រលឹងរបស់មនុស្សម្នាក់ៗ។ អល់ឡោះជាម្ចាស់អនុញ្ញាតឲ្យព្រលឹងនិមួយៗមករស់នៅក្នុងពិភពលោកតែក្នុងរយៈពេលមួយដែលទ្រង់បានកម្រិតតែប៉ុណ្ណោះ។ បុគ្គលធ្វេសប្រហែសរត់ដេញតាមសម្បត្តិលោកិយដោយភ្លេចថា គេឥតរកអ្វីបានក្រៅអំពីម្ហូបអាហារដែលគេយកមកបំពេញពោះគេជារៀងរាល់ថ្ងៃឡើយ។ នៅទីបំផុត ព្រះមហាក្សត្របានដកយកត្បូងពេជ្រត្រឡប់ទៅវិញ ពីព្រោះ អ្វីៗសុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គទាំងអស់ វាប្រៀបដូចជាអល់ឡោះបានយកគ្រប់យ៉ាងមានត្រលប់ទៅកាន់ទ្រង់វិញប់សិនជាដល់ពេលវេលាកំណត់ ៕
ជាការពិតណាស់ អល់ឡោះជាព្រះមហាក្សត្រគ្រប់គ្រងឋានសួគ៌និងផែនដីនិងអ្វីៗទាំងអស់ដែលនៅចន្លោះ(ពិភពទាំងនោះ) ហើយអ្វីក៏ដោយត្រូវតែវិលត្រឡប់ទៅរកព្រះអង្គវិញ ដូចច្នេះអ្នកមិនត្រូវខ្លាចមនុស្សលោកទេ តែអ្នកត្រូវខ្លាចអល់ឡោះ ហើយកុំប្រព្រឹត្តិអ្វីផ្ទុយពីអល់ឡោះបញ្ជារឱ្យសោះ ពីព្រោះជនណាដែលមិនព្រមពិចារណាធ្វើតាមពាក្យសម្តីរបស់អល់ឡោះបានប្រាប់ក្នុងគម្ពីរគួរអាន ជននោះជាមនុស្សដែលខាតបង់និងជាអ្នកគ្មានជំនឿ។ ដូចនេះ ចូរពួកអ្នកកុំខ្ជះខ្ជាយពេលវេលារបស់អ្នកប្រព្រឹត្តិនូវរឿងដែលឥតបានការឱ្យសោះ ពីព្រោះការកំណត់របស់អល់ឡោះមានព្រំដែន ចូរធ្វើអ្វីៗតាមការបង្គាប់បញ្ជាររបស់អល់ឡោះ បើសិនជាអ្នកចង់ក្លាយជាមនុស្សដែលអាចទទួលបានរង្វាន់ស៏អស្ចារ្យពីទ្រង់ ចូរកុំភ្លេចខ្លួនជាមួយទ្រព្យសម្បត្តិបណ្តោះអាសន្នដែលអ្នកកំពុងមាន ពីព្រោះវានិងបាត់បង់ទៅវិញនៅពេលអល់ឡោះចង់។

 

Digiqole Ad

Related post