• May 20, 2024
 អារ៉ាប៊ីសាអូឌីត តែងតាំងឯកអគ្គរដ្ឋទូតរបស់ខ្លួនជាលើកដំបូង ទៅកាន់ប៉ាឡេស្ទីន ក្នុងទឹកដីដែលស្ថិតក្រោមការកាន់កាប់ដោយអ៊ីស្រាអែល

អារ៉ាប៊ីសាអូឌីត តែងតាំងឯកអគ្គរដ្ឋទូតរបស់ខ្លួនជាលើកដំបូង ទៅកាន់ប៉ាឡេស្ទីន ក្នុងទឹកដីដែលស្ថិតក្រោមការកាន់កាប់ដោយអ៊ីស្រាអែល

Spread the love
Digiqole Ad

អារ៉ាប៊ីសាអូឌីតបានតែងតាំងឯកអគ្គរដ្ឋទូតរបស់ខ្លួន សម្រាប់ដែនដីប៉ាឡេស្ទីន ដែលត្រូវកាន់កាប់ដោយអ៊ីស្រាអែល ដែលនឹងធ្វើជាអគ្គកុងស៊ុល នៅទីក្រុងហ្សេរុយសាឡឹម ចំពេលមានការរំពឹងទុកអំពីទំនាក់ទំនងនាពេលអនាគត ដែលអាចមានជាមួយអ៊ីស្រាអែល។

តួនាទីនេះ នឹងត្រូវបំពេញដោយ Nayef Al Sudairi ដែលជាឯកអគ្គរដ្ឋទូតបច្ចុប្បន្ន ប្រចាំប្រទេសហ្ស៊កដានី។ នេះបើយោងតាមការបង្ហោះផ្សាយលើបណ្តាញសង្គម ដោយមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ពីស្ថានទូតនៅទីក្រុង Amman នៃប្រទេសហ្ស៊កដានី បានបញ្ជាក់កាលពីថ្ងៃសៅរ៍ ទី១២ ខែសីហា កន្លងទៅថ្មីៗនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ Al Ekhbariya អ្នកការទូតដែលត្រូវបានតែងតាំង Al Sudairi បានបញ្ជាក់ថា ការតែងតាំងនេះ ជាជំហានដ៏សំខាន់មួយដែលបង្ហាញពីបំណងប្រាថ្នារបស់ស្តេច សាល់ម៉ាន និងព្រះអង្គម្ចាស់ Mohammed bin Salman ក្នុងការពង្រឹងទំនាក់ទំនងជាមួយប៉ាឡេស្ទីនក្នុងនាមជាបងប្អូន ក៏ដូចជាជំរុញអោយមានការរីកចម្រើនលើគ្រប់វិស័យ រវាងអារ៉ាប៊ីសាអូឌីត និងប៉ាឡេស្ទីន។

នោះមានន័យថា ឯកសារសម្រាប់ដែនដីប៉ាឡេស្ទីនដែលកាន់កាប់ដោយអ៊ីស្រាអែល នឹងត្រូវបានចាត់ចែងដោយស្ថានទូតអារ៉ាប៊ីសាអូឌីត នៅទីក្រុង Amman។

អារ៉ាប៊ីសាអូឌីត មិនបានទទួលស្គាល់អ៊ីស្រាអែល និងមិនបានចូលរួមកិច្ចព្រមព្រៀង Abraham ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២០ទេ បើទោះបីអ៊ីស្រាអែលបង្កើតទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់ខ្លួន រួមមាន អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែនក៏ដោយ។

ទីក្រុងរីយ៉ាដ បានប្រកាសម្តងហើយម្តងទៀតថា ខ្លួននឹងប្រកាន់ខ្ជាប់នូវជំហររបស់សម្ព័ន្ធអារ៉ាប់ដែលមានអាយុកាលរាប់ទសវត្សរ៍ ក្នុងការមិនបង្កើតទំនាក់ទំនងផ្លូវការជាមួយអ៊ីស្រាអែល រហូតដល់បញ្ហានៃការកាន់កាប់ដោយខុសច្បាប់ដោយអ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន ត្រូវបានដោះស្រាយ។

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងរីយ៉ាដ និងទីក្រុងវ៉ាស៊ីនតោន បានពិភាក្សាគ្នាលើលក្ខខណ្ឌ សម្រាប់វឌ្ឍនភាពអំពីការធ្វើឱ្យមានលក្ខណៈធម្មតារបស់អារ៉ាប៊ីសាអូឌីត ជាមួយអ៊ីស្រាអែល ដែលរួមទាំងការធានាសន្តិសុខ និងជំនួយ ជាមួយនឹងកម្មវិធីនុយក្លេអ៊ែរស៊ីវិល ដែលមានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមផងដែរ។

ទោះបីយ៉ាងណា ការតែងតាំងឯកអគ្គរដ្ឋទូតរបស់អារ៉ាប៊ីសាអូឌីត សម្រាប់ប៉ាឡេស្ទីន ទទួលបានការគាំទ្រនិងស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីប៉ាឡេស្ទីន ដោយលោក Majdi al Khaldi ទីប្រឹក្សាប្រធានាធិបតីប៉ាឡេស្ទីនសម្រាប់កិច្ចការការទូត បានគូសបញ្ជាក់ថា “វានឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រជាជន ក្នុងនាមជាបងប្អូន”៕

Digiqole Ad

Related post