សប្បុរសជនសហរដ្ឋអាមេរិក ចូលរួមបរិច្ចាកសាច់គោកូរហ្ពានដល់បងប្អូនខ្មែរឥស្លាម ៤៥០គ្រួសារ ស្មើនឹងចំនួន ២៦៥០នាក់ ក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃបុណ្យរ៉យ៉ាហាជ្ជី ឆ្នាំ២០២៣
កំពង់ឆ្នាំង៖ សត្វគោរកូរហ្ពានចំនួន ១៤ក្បាល ជាការចូលរួមបរិច្ចាកពីសប្បុរសជនមូស្លីមសហរដ្ឋអាមេរិក តាមរយៈអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) ត្រូវបានសំឡេះនិងចែកជូនបងប្អូនខ្មែរអ៊ីស្លាមក្នុងខេត្តកំពង់ឆ្នាំង នៃភូមិទួលពង្រ និងភូមិអូររូង ស្រុកកំពង់ត្រឡាច ដើម្បីចូលរួមអបអរសាទរពិធីបុណ្យរ៉យ៉ាហាជ្ជី ដែលត្រូវបានប្រារព្ធកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។
ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមជ្ឈមណ្ឌលព័ត៌មូស្លីមកម្ពុជា ដែលមជ្ឈមណ្ឌលនេះបានសហការជាមួយអង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) បានមានប្រសាសន៍អោយដឹងក្នុងពិធីចែកសាច់គោកូរពាន ក្នុងភូមិទួលពង្រ និងភូមិអូររូង ស្រុកកំពង់ត្រឡាច ថា នេះជាឆ្នាំទី៨ហើយ ដែលមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាបានទទួលអនុវត្តគម្រោងចែកគោរកូរហ្ពានដែលផ្តល់ថវិកាពី អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America)។ ដោយឡែកឆ្នាំ២០២៣នេះទទួលបានថវិកាទិញគោចំនួន ១៤ក្បាល សម្រាប់សំឡេះយកសាច់ចែកជូនបងប្អូនខ្មែរឥស្លាមជិត ៤៥០គ្រួសារ ស្មើនឹងចំនួន ២៦៥០នាក់ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង។
ឯកឧត្តម បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងថ្លែងអំណរគុណដល់សប្បុរសជនអាមេរិក ដែលបានចូលរួមបរិច្ចាកថវិកាក្នុងគម្រោងនេះ ក្នុងសារស្មារតីសាមគ្គី និងភាពជាបងប្អូនរួមសាសនា។ ឯកឧត្តម ស្លេះ ណាស៊ី ក៏បានចូលរួមរំលឹកដល់បងប្អូនដែលបានចូលរួមទទួលសាច់គោអោយចេះសាមគ្គីគ្នា និងចូលរួមវិភាគទានក្នុងការងារអភិវឌ្ឍន៍សហគមន៍ ពីព្រោះស្មារតីនៃបុណ្យហាជ្ជី ពិសេសការសំឡេះសត្វគោកូរពាននេះ វាបានបង្ហាញនូវស្មារតីលះបង់ និងរួបរួមគ្នាក៏ដូចជាបង្ហាញនូវវប្បធម៌ចែករំលែកដែលឥស្លាមបានប្រៀនប្រដៅតាំងពីជំនាន់ព្យាការីអ៊ីព្រហ៊ីមមកម្លេះ។
ឯកឧត្តមក៏បានគោរពបួងសួងដល់អល់ឡោះជាម្ចាស់អោយប្រទានពរជ័យដល់ម្ចាស់ជំនួយ ហើយសង្ឃឹមយ៉ាងមុតមាំថា អង្គការមូលនិធិហ្សាកាត់សហរដ្ឋអាមេរិក (Zakat Foundation of America) នឹងបន្តជួយគម្រោងនេះ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតក្នុងបុព្វហេតុសហគមន៍ និងប្រទេសជាតិរបស់យើង ។
បងប្អូនខ្មែរឥស្លាមដែលបានទទួលសាច់គោ និងអជ្ញាធរ សុទ្ធតែបានបង្ហាញអារម្មណ៍រីករាយ និងដឹងគុណចំពោះម្ចាស់ជំនួយ និងក្រុមការងារនៃមជ្ឃមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ដែលបានចូលរួមឧបត្ថម្ភសាច់គោនាពេលនេះ។
គួរបញ្ចាក់ថា គម្រោងចែកគោរកូរបានជាផ្នែកមួយនៃគម្រោងប្រចាំឆ្នាំក្នុងកម្មវិធីមនុស្សធម៌ដែលមជ្ឈមណ្ឌលព័ត៌មូស្លីមកម្ពុជា បាននឹងកំពុងអនុវត្តន៍ដោយមានកិច្ចសហប្រត្តិការជាមួយសប្បុរសជន និងអង្គការសមាគមក្រៅប្រទេស ក្នុងបំណងលើកកំពស់ស្មារតីរួមគ្នា និងចែករំលែកសម្រាប់សហគមន៍៕