Police officers move past an ambulance outside an intensive care unit after a fire broke out at the Pakistan Institute of Medical Sciences (PIMS) hospital in Islamabad, Pakistan, August 26, 2026. REUTERS/Akhtar Soomro
ទារកទើបនឹងកើតយ៉ាងហោចណាស់ ១៤នាក់ ស្លាប់ក្នុងអគ្គិភ័យនៅមន្ទីរពេទ្យរដ្ឋប៉ាគីស្ថាន
ប៉ាគីស្ថាន ៖ មហន្តរាយអគ្គិភ័យដ៏រន្ធត់មួយ បានកើតឡើងនៅមន្ទីរពេទ្យរដ្ឋ Pakistan Institute of Medical Sciences (PIMS) ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ ដោយបណ្តាលឱ្យទារកទើបនឹងកើតយ៉ាងហោចណាស់ ១៤នាក់ស្លាប់ ខណៈប្រភពក្នុងស្រុកមួយចំនួនរាយការណ៍ថា ចំនួនអ្នកស្លាប់អាចកើនដល់ ១៥នាក់។
តាមការរាយការណ៍របស់ Reuters អគ្គិភ័យបានឆាបឆេះប្រមាណម៉ោង ៦:៤៥នាទីព្រឹក នៅជាន់ទី៣ នៃផ្នែកសុខភាពមាតា និងទារករបស់មន្ទីរពេទ្យ PIMS។ មូលហេតុដំបូងត្រូវបានរាយការណ៍ថា អាចបណ្តាលមកពីម៉ាស៊ីនត្រជាក់ ឬម៉ាស៊ីនបង្ហាប់របស់ប្រព័ន្ធម៉ាស៊ីនត្រជាក់មានបញ្ហា និងបានផ្ទុះ។
នៅពេលកើតហេតុ មានទារកទើបនឹងកើតប្រមាណ ១៥ ទៅ ១៦នាក់ស្ថិតនៅក្នុងបន្ទប់ទារក ហើយមានតែទារកម្នាក់ប៉ុណ្ណោះដែលត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ក្រុមពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះបានចូលទៅគ្រប់គ្រងស្ថានការណ៍ និងជម្លៀសអ្នកដែលនៅក្នុងតំបន់កើតហេតុ។
ក្រោយកើតហេតុ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងកំណត់អ្នកដែលអាចពាក់ព័ន្ធនឹងការធ្វេសប្រហែស។ លោកក៏បានបញ្ជាឱ្យចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលត្រូវរកឃើញថាមានកំហុស។
ហេតុការណ៍ដ៏សោកសៅនេះ បានធ្វើឱ្យមានការតក់ស្លុតយ៉ាងខ្លាំងនៅក្នុងប្រទេសប៉ាគីស្ថាន និងបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពអគ្គិភ័យ និងស្តង់ដារសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យរដ្ឋ។









