សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី ផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសភា សេដ្ឋកិច្ច និងការបណ្តុះបណ្តាលយុវជន
វិមានរដ្ឋសភា៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឯកឧត្តម Tan Sri Dato’ Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារទ្វេភាគី ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្មារតីភាតរភាព។
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំរដ្ឋសភាទាំងពីរបានគូសបញ្ជាក់ពីចំណុចគន្លឹះសំខាន់ៗមួយចំនួន រួមមាន៖
· ទំនាក់ទំនងប្រវត្តិសាស្ត្រ និងការគាំទ្រគ្នា៖ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ម៉ាឡេស៊ី ខណៈសម្ដេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ម៉ាឡេស៊ី ដែលតែងតែជួយគាំទ្រកម្ពុជាតាំងពីដំណាក់កាលស្វែងរកសន្តិភាពរហូតដល់ការអភិវឌ្ឍនាពេលបច្ចុប្បន្ន ព្រមទាំងបានអបអរសាទរខួបបុណ្យឯករាជ្យជាតិលើកទី៦៧ របស់ម៉ាឡេស៊ីផងដែរ។
· កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ៖ ជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ជាពិសេសលើវិស័យម្ហូបអាហារហាឡាល់ (Halal Food) ថាមពលស្អាត បច្ចេកវិទ្យា និងការយកចិត្តទុកដាក់លើសុខទុក្ខពលករ-និស្សិតខ្មែរ ព្រមទាំងពង្រឹងការទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime) និងឧក្រិដ្ឋកម្មឆ្លងដែន។
· វេទិកាអន្តរសភា និងការបណ្ដុះបណ្ដាលយុវជន៖ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីតួនាទីស្ថាប័ននីតិប្បញ្ញត្តិ និងមជ្ឈភាពអាស៊ានក្នុងការដោះស្រាយបញ្ហាសកល។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ីបានកោតសរសើរបរិយាកាសនយោបាយ និងដំណើរការបោះឆ្នោតនៅកម្ពុជា ព្រមទាំងបានចែករំលែកនូវការយកបទពិសោធន៍ល្អៗពីកម្ពុជាទៅបណ្តុះ បណ្តាលយុវជនក្នុងកម្មវិធី «សភាវ័យក្មេង» (Youth Parliament) នៅម៉ាឡេស៊ី ដើម្បីលើកកម្ពស់ស្មារតីស្រឡាញ់សន្តិភាព និងការអភិវឌ្ឍដឹកនាំប្រទេស។





