ក្រុមហ៊ុន CP ប្រកាសបិទសាខា 7-Eleven ទាំងអស់នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រុមហ៊ុន CP All Plc របស់ប្រទេសថៃ បានប្រកាសបញ្ឈប់ប្រតិបត្តិការអាជីវកម្មម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦ តទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនទៅកាន់ផ្សារមូលបត្រថៃ ការសម្រេចចិត្តនេះធ្វើឡើងដោយមានការព្រមព្រៀងរវាងក្រុមហ៊ុន CP All និងម្ចាស់សិទ្ធិពាណិជ្ជសញ្ញា 7-Eleven ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុន CP All បានចូលមកប្រកបអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ២០២១ ដោយទទួលបានសិទ្ធិអាជីវកម្មរយៈពេល ៣០ឆ្នាំ។ ទោះជាយ៉ាងណា ចំនួនសាខា 7-Eleven នៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ ពី ១១២ សាខានៅពាក់កណ្តាលឆ្នាំ២០២៥ មកនៅត្រឹម ៦៣ សាខានៅចុងត្រីមាសទី១ ឆ្នាំ២០២៦ ហើយសល់ត្រឹម ២៣ សាខា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
ការបិទប្រតិបត្តិការនេះមានន័យថា ម៉ាត 7-Eleven នឹងបញ្ចប់វត្តមានអាជីវកម្មរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា បន្ទាប់ពីដំណើរការអស់រយៈពេលប្រមាណ ៥ឆ្នាំ។



