• April 27, 2024
 អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទទួលបន្ទុកនៅប៉ាឡេស្ទីន រកឃើញថា អ៊ីស្រា​អែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ក្នុងសង្រ្គាមនៅ​ហ្គាហ្សា​ដែលកំពុងបន្ត

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទទួលបន្ទុកនៅប៉ាឡេស្ទីន រកឃើញថា អ៊ីស្រា​អែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ក្នុងសង្រ្គាមនៅ​ហ្គាហ្សា​ដែលកំពុងបន្ត

Spread the love
Digiqole Ad

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិនៅប៉ាឡេស្ទីន លោក​ស្រី Frances​ca Albanese មើលឃើញថា វាមានភាពសមហេតុផល ដើម្បីកំណត់ថា​អ៊ីស្រា​អែល​បាន​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ “ការបោសសម្អាតជនជាតិភាគតិច” ក្នុងសង្រ្គាមនៅ​ហ្គា​ហ្សា​ដែលកំពុងបន្ត។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២៤។

លោកស្រី Francesca Albanese បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃ​អង្គារថា មានការបង្ហាញយ៉ាងច្បាស់ថា ​អ៊ីស្រាអែលបាន​រំលោ​ភបំពានរហូតដល់ទៅ “៣ចំណុច” ក្នុង​ចំណោមចំណុចទាំងប្រាំ​ដែលបានចុះ​បញ្ជីនៅក្រោមអនុសញ្ញាប្រល័យពូជសាសន៍​របស់អង្គការ​សហប្រជាជាតិ។

របាយការណ៍ដែលបានដាក់ចេញកាលពីថ្ងៃច័ន្ទ បានគូសបញ្ជាក់ថា មានភស្តុតាងបង្ហាញ​យ៉ាង​ច្បាស់ថា អ៊ីស្រាអែលបានកំណត់​លក្ខ​ណៈប្រជា​ជនហ្គាហ្សា​ទាំង​មូលថា “ជាគោលដៅដែលអាច​សម្លាប់បាន និងអាចបំផ្លាញបាន” ហើយ​បាន​ដាក់​ចេញនូវ “ចេតនា​ប្រល័យពូជសាសន៍” របស់ខ្លួន​ដើម្បីកម្ចាត់ប្រជាជនប៉ាឡេស្ទីន។

ជុំវិញការលើកឡើងរបស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ បេសកកម្មការទូត​របស់​អ៊ីស្រាអែលនៅទីក្រុងហ្សឺណែវ បានបដិសេដ និងច្រានចោល​ទាំងស្រុងនូវរបាយការណ៍នេះ ដោយ​ពណ៌នាថា វាគ្រាន់តែជាការបន្ថែម​នៃយុទ្ធនាការ​ស្វែងរក​ការ​ធ្វើឱ្យខូចដល់ការបង្កើតរដ្ឋជ្វីហ្វ​ប៉ុណ្ណោះ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដែកថែបរបស់អ៊ីស្រាអែល នៅតែឈរខាងអ៊ីស្រា​អែល ហើយបានរិះគន់​យ៉ាង​ចាស់ដៃ​លើ​លោកស្រី Albanese និង​អាណត្តិ​របស់​លោកស្រី ដោយ​បាន​ចាត់ទុកការ​លើក​ឡើងនេះ​ថា លម្អៀង​ប្រឆាំង​នឹង​អ៊ីស្រាអែល។

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ របាយការណ៍ដែលបានបង្ហាញនេះទទួលបានការសាទរ និងគាំទ្រ​យ៉ាង​​ខ្លាំងពី​បណ្តា​ប្រទេសជាច្រើនលើពិភពលោក ជាពិសេសពីបណ្តាប្រទេសអារ៉ាប់។

គួរជម្រាបថា កាលពីពេលកន្លងទៅ អាហ្រ្វិកខាងត្បូងបានដាក់ពាក្យបណ្តឹងប្រឆាំងនឹង​អ៊ីស្រាអែល​រួច​ហើយនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ដោយចោទប្រកាន់អ៊ីស្រាអែលថា ការវាយលុក​លើតំបន់ហ្គាហ្សាគឺជាការរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍។ ប៉ុន្តែតុលាការមិន​ទាន់សម្រេច​លើបញ្ហាមូលដ្ឋាននៅឡើយទេ បានត្រឹមបញ្ជាឱ្យ​អ៊ី​ស្រាអែលធ្វើអ្វី​គ្រប់​យ៉ាងដែលអាចធ្វើទៅបាន ដើម្បីការពារអំពើ​ប្រល័យពូជសាសន៍ក្នុងអំឡុង​ពេល​យុទ្ធនាការរបស់ខ្លួន និងអនុញ្ញាតឱ្យផ្តល់​ជំ​នួ​យ​មនុស្សធម៌៕

Digiqole Ad

Related post