អ៉ីរ៉ង់ផ្ដល់សំណើថ្មីតាមប៉ាគីស្ថានឱ្យសហរដ្ឋអាមេរិកដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបិទបញ្ចប់សង្គ្រាមតែការចរចានុយក្លេអ៊ែរធ្វើតាមក្រោយ
អ៉ីរ៉ង់បានផ្ដល់សំណើថ្មីមួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបិទបញ្ចប់សង្រ្គាម ជាមួយការបើកកិច្ចចរចានុយក្លេអ៊ែរនៅពេលក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក Axios កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវបានដកស្រង់ផ្សាយសារព័ត៌មានអាល់ចាហ្សីរ៉ា ។
សារព័តមាន Axios ដោយផ្អែកលើប្រភពមិនបញ្ចេញឈ្មោះចំនួន២ ដែលបានដឹងពីសំណើថ្មីខាងលើរបស់អ៉ីរ៉ង់ បានឱ្យដឹងទៀតថានៅក្រោមសំណើថ្មីដែលត្រូវបានបញ្ជូនទៅឱ្យសហរដ្ឋអាមេរិកតាមរយៈប៉ាគីស្ថាន គឺផ្តោតជាសំខាន់ទៅលើការដោះស្រាយវិបត្តិច្រកសមុទ្រ Hormuz និងការបិទខ្ទប់របស់សហរដ្ឋអាមេរិកជាមុនសិន។ ជាផ្នែកនៃសំណើថ្មីនេះដែរ បទឈប់បាញ់នឹងត្រូវពន្យារបន្ថែមរយៈពេលវែង ឬក៏ ភាគីទាំងសងខាងនឹងយល់ព្រមលើការបិទបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍។ និយាយជារួម កិច្ចចរចានុយក្លេអ៊ែរអាចធ្វើទៅកើតនៅពេលក្រោយ បន្ទាប់ពីច្រកសមុទ្រ Hormuz ត្រូវបានបើកឡើងវិញ ហើយការបិទខ្ទប់ត្រូវបានដកចេញ។





