រឿង មនុស្សមានជំនឿតែគ្មានសីលធ៌ម

រឿង មនុស្សមានជំនឿតែគ្មានសីលធ៌ម

Spread the love
Digiqole Ad

ព្យាការីម៉ូហាំម៉ាត់គឺជាមនុស្សដែលត្រូវបានគេចាត់ទុកថា ជាអ្នកដែលមានសីលធ៌មខ្ពស់ មានចិត្តមេត្តាករុណាទៅចំពោះមនុស្សទាំងពួង ហើយគាត់ក៏ជាមនុស្សតែម្នាក់ដែលប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ខ្ពស់ មិនថាក្នុងកាលៈទេសៈបែបណានោះទេ ព្យាការីម៉ូហាំម៉ាត់មិនដែលក្បត់ឧត្តមគតិរបស់ខ្លួនឯងឡើយ។ ក្នុងនាមជាអ្នកនាំសាររបស់អល់ឡោះ ព្យាការីម៉ូហាំម៉ាត់បានបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ គាត់បានអំពាវនាវមនុស្សឱ្យដើរលើផ្លូវត្រឹមត្រូវ និងមិនវង្វេង។ លើសពីនោះ គាត់តែងតែបង្ហាញនូវអាកប្បកិរិយាយ៉ាងល្អទៅដល់អ្នកមូស្លីមឬអ្នកមិនមែនមូស្លីម។ គាត់ជាមេដឹកនាំដ៏គំរូមួយរូបសម្រាប់ប្រជាជននៅលើពិភពលោកពីព្រោះការដឹកនាំរបស់ព្យាការីពោរពេញដោយចិត្តមេត្តាធ៌ម ដោះស្រាយបញ្ហាជាមួយភាពវៃឆ្លាត ហើយមិនដែលដឹកនាំមនុស្សឱ្យប្រកាន់ខ្ជាប់នូវភាពហឹង្សាក្នុងខ្លួននោះឡើយ គាត់តែងតែទូន្មានសហាពាត់របស់ខ្លួនឱ្យមានសីលធ៌ម គុណធ៌ម នៅក្នុងជីវិតពីព្រោះវានិងអាចរក្សាពួកអ្នកនៅក្នុងភាពត្រឹមត្រូវហើយជាមនុស្សដែលអល់ឡោះស៊ុពហាណាហូវ៉ាតាអាឡាអាណិតស្រឡាញ់។

ជាការពិតណាស់ នៅសម័យព្យាការីម៉ូហាំម៉ាត់ មានថ្ងៃមួយនោះ សហាពាត់របស់គាត់ម្នាក់បានសួរទៅកាន់ព្យាការីម៉ូហាំម៉ាត់ថា៖ ឱ! រ៉ស៊ូឡុលឡោះ នរណាដែលជាទីស្រលាញ់របស់អ្នក? ហើយនរណាម្នាក់ដែលព្យាការីស្រឡាញ់និងចូលចិត្តជាងគេ? បន្ទាប់ពីលឺនូវសំណួរមួយនេះពីសហាពាត់របស់ខ្លួនហើយ ព្យាការីបានញញឺមហើយបានឆ្លើយទៅកាន់គេថា គឺជាមនុស្សដែលមានសីលធ៌មនិងសុជីវធ៌មល្អនៅក្នុងការរស់នៅរបស់ពួកគេ។ ក្រោយពីនោះ សហាពាត់ក៏បានសួរបន្តថា៖ ឱ! រ៉ស៊ូឡុលឡោះ ហើយចុះអ្នកណាដែលអាចនៅក្បែរអ្នកជាងគេនៅថ្ងៃបរលោក? ព្យាការីម៉ូហាំម៉ាត់ក៏បានឆ្លើយម្តងទៀតថា គឺជាអ្នកដែលមានសីលធ៌មនិងសុជីវធ៌មល្អជាងគេនិងជាមនុស្សដែលប្រកាន់ខ្ជាប់នូវភាពល្អប្រពៃនៅក្នុងខ្លួនរបស់ពួកគេ។

សហាពាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ហេតុម្តេចបានចម្លើយរបស់ព្យាការីម៉ូហាំម៉ាត់នៅតែដដែលបែបនេះ? ពេលនោះគេមិនអស់ចិត្ត ក៏បានសួរទៅកាន់គាត់បន្ថែមថា៖ ឱ! រ៉សូឡុលឡោះ តើអ្នកអាចប្រាប់ខ្ញុំបានទេ តើមានកត្តាអ្វីខ្លះ ដែលជំរុញមនុស្សឱ្យចូលឋានសួគ៌របស់អល់ឡោះស៊ុពហាណាហូវ៉ាតាអាឡា? ព្យាការីបានឆ្លើយនូវចម្លើយដដែល។ ខណៈពេលនោះ សហាពាត់ក៏បានសួរទៀតថា តើអាមាល់អ្វីដែលធ្ងន់ភ្នែកជញ្ជីងជាងគេនៅថ្ងៃបរលោកពេលដែលអល់ឡោះស៊ុពហាណាហូវាតាអាឡាជុំនុំជំរះ? ព្យាការីបានឆ្លើយបន្តថា គឺជាមនុស្សដែលគោរពកោតខ្លាចទៅចំពោះអល់ឡោះ ប្រកបដោយសុជីវធ៌មខ្ពស់ និងមានសីលធ៌លល្អប្រពៃ។

ពិតប្រាកដណាស់ ព្យាការីម៉ូហាំម៉ាត់បានបង្ហាញឱ្យសហាពាត់របស់ខ្លួនដឹងថា មិនថាអ្នកមានឋានៈ បុណ្យសក្តិខ្ពង់ខ្ពស់យ៉ាងណានោះទេ ប៉ុន្តែបើអ្នកគ្មានការគោរពកោតខ្លាចទៅចំពោះអល់ឡោះ ដោយប្រាកចាកពីសុជីវធ៌មនិងសីលធ៌មដែលសាសនាឥស្លាមបានបង្រៀននោះ អ្នកគឺជាមនុស្សដែលស្ថិតនៅឆ្ងាយពីឋានសួគ៌របស់អល់ឡោះជាមិនខាន។ ព្យាការីម៉ូហាំម៉ាត់បានសង្កត់ធ្ងន់លើការផ្តល់តម្លៃរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ គឺមិនមែនទ្រព្យសម្បត្តិនោះទេ តែភាពពិតប្រាកដនោះគឺជាសីលធ៌មដែលមនុស្សមានទៅវិញទេ ពីព្រោះដរាបណាមនុស្សមានសីធ៌មល្អនៅក្នុងខ្លួន ពួកគេរមែងមានចិត្តមេត្តាករុណា មានចិត្តចេះអាធ្យាស្រ័យទៅដល់ពោះមួយឥស្លាម មិនបំពានទៅលើអ្នកដ៏ទៃ មានអត្តចរិតឬកពាស្លូតបូត ចេះយកអាសារអ្នកដ៏ទៃ មានចិត្តរុះរាយរាប់អានមនុស្សជុំវិញខ្លួន ហើយជាពិសេសនោះ គឺនិងក្លាយទៅជាមនុស្សដែលអាចជួយសង្គមជាតិមានសន្តិភាព ពីព្រោះភាពលោភលន់ ការឈ្នានីស ភាពកេងប្រវ័ញ្ច និងមិនមាននៅក្នុងខ្លួនពួកគេឡើយ។

ឱ! បណ្តាអ្នកមានជំនឿ ចូរអ្នកកុំភ្លេចខ្លួនថា ភាពមានបានរបស់អ្នក ភាពសម្បូរសប្បាយដែលអ្នកទទួលបាននៅក្នុងលោកិយនេះ​ វាគ្រាន់តែជាកន្លែងបណ្តោះអាសន្នតែប៉ុណ្ណោះ គ្រប់យ៉ាងវាស្ថិតលើដៃអល់ឡោះតែមួយគត់ ចូរពួកអ្នកកុំតាំងខ្លួនថាជាមនុស្សអស្ចារ្យឱ្យសោះ ពីព្រោះបើអ្នករស់នៅខ្វះការគោរពទៅលើអ្នកដ៏ទៃ មានសីលធ៌មទាប ទោះបីជាអ្នកមានកប់ពពកយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចទទួលបាននូវភាពថ្លៃថ្នូរនិងទទូលបានការគោរពពីអ្នកដ៏ទៃនោះឡើយ ជាពិសេសអ្នកនឹងស្ថិតនៅក្នុងចំណោមមនុស្សដែលខាតបង់ទាំងក្នុងលោកិយនិងថ្ងៃបរលោក ហើយចាកឆ្ងាយពីឋានសួគ៌របស់អល់ឡោះជាមិនខាន។

 

Digiqole Ad

Related post