• May 19, 2024
 ប្រធានសភាពាណិជ្ជកម្មកម្ពុជា ស្នើអោយឯកអគ្គរដ្ឋទូតគុយវ៉ែត ជំរុញវិនិយោគិនគុយវ៉ែតមកវិនិ​យោគ​លើវិស័យស្រូវអង្ករ វិស័យថាមពល ប្រេង និងឧស្ម័ននៅកម្ពុជា

ប្រធានសភាពាណិជ្ជកម្មកម្ពុជា ស្នើអោយឯកអគ្គរដ្ឋទូតគុយវ៉ែត ជំរុញវិនិយោគិនគុយវ៉ែតមកវិនិ​យោគ​លើវិស័យស្រូវអង្ករ វិស័យថាមពល ប្រេង និងឧស្ម័ននៅកម្ពុជា

Spread the love
Digiqole Ad

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាន​ទទួលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារ ជាមួយលោក ម៉ូហាម៉ាត់ អាល់-ហាចរី (Moha​mad Alhjri) ឯកអគ្គរដ្ឋទូតគុយវ៉ែតប្រចាំកម្ពុជា ដែលប្រព្រឹត្តទៅនៅសភាពា​ណិជ្ជកម្ម​កម្ពុជា។ ជំនួប​ពិភាក្សានេះ ផ្តោតជាសំខាន់ទៅលើការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាង​ប្រទេ​សទាំង​ពីរ​។

នាក្នុងឱកាសនោះ លោកអគ្គរដ្ឋទូត បានជម្រាបជូន អ្នកឧកញ៉ាប្រធាន អំពីគោល​បំណង​របស់​ស្ថាន​ទូតគុយវ៉ែត ក្នុង​ការ​សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងទំ​នាក់ទំនងរវាងសហគមន៍​ធុរកិច្ចប្រទេសទាំងពីរ លើវិស័យសំខាន់ៗជាពិសេសវិស័យថាមពល និង​ការនាំអង្កពីកម្ពុជា​ទៅគុយ​វ៉ែត។

ទន្ទឹមនឹងនេះ សភាពាណិជ្ជកម្មគុយវ៉ែត បានអញ្ជើញ អ្នកឧកញ៉ា គិត ម៉េង ដឹកនាំ​គណៈ​ប្រតិភូ​ស​ភា​ពាណិជ្ជកម្មកម្ពុជា ទៅកាន់ប្រទេសគុយវ៉ែតក្នុងពេលវេលាសមស្របណាមួយ។ ក្រៅពីកិច្ច​សហ​ប្រតិ​បត្តិ​ការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស្ថានទូតគុយវ៉ែត បានធ្វើសកម្មភាពមនុស្សធម៌​ជា​មួយ​សមាគមនានានៅកម្ពុជាដែរផងដែរ។

ដោយឡែក លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនអំពីការបើកស្ថានទូតអារ៉ាប៊ីសាអូឌីត នៅកម្ពុជា នា​​ពេលអគនាគតដ៏ខ្លី។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគោលបំណងនៃកិច្ចសហប្រតិបត្តិការ ដែល​លើកឡើងដោយ លោកឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់ថា កម្ពុជាសំបូរផលិតផល
ស្រូវ​អង្ករដែលអាចផ្គត់ផ្គង់ទៅទីផ្សារគុយវ៉ែត ហើយកម្ពុជាត្រូវការជំនាញឯកទេសពីគុយវ៉ែត លើវិ​ស័យថាមពល ជាពិសេស ប្រេងនិងឧស្ម័ន។

អ្នកឧកញ៉ាប្រធាន ស្នើលោកឯកអគ្គរដ្ឋទូត ជំរុញវិនិយោគិនគុយវ៉ែតវិនិយោគវិស័យខាងលើ និង​បានជម្រាបជូនអំពីការរីកច្រើនសេដ្ឋកិច្ចកម្ពុជា វិស័យសក្តានុពលនានា និងសុខសន្តិភាព ស្ថិរភាព​កម្ពុជា ដែលជាកត្តាដ៏សំខាន់សម្រាប់វិនិយោគិន។ បន្ថែមពីលើនេះ អ្នកឧកញ៉ាប្រធាន ស្នើជំរុញ​វិស័យទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

អ្នកឧកញ៉ាប្រធាន នឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចធុរកិច្ច ទៅកាន់ប្រទេសគុយវ៉ែត ក្នុង​ពេល​វេលាសមស្រប និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយ ស្ថានទូត​គុយ​វ៉ែត រួមទាំងសកម្មភាពមនុស្សធម៌ផងដែរ។

គួរបញ្ជាក់ថា ប្រទេសគុយវ៉ែត គឺជាប្រទេសអាស៊ីខាងលិច ដែលមានសេដ្ឋកិច្ចរីកចម្រើន និងសំបូរ​ដោយ​ធនធានប្រេង និងឧស្ម័ន។ គុយវ៉ែត ជាសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ Gulf Cooperation Council (GCC) ដែលមានប្រទេសជាសមាជិកចំនួន៦ គឺ អារ៉ាប៊ីសាអូឌីត គុយ​វ៉ែត អ៊េមីរ៉ាតអារ៉ាប់រួម កាតា (Qatar) បារ៉ែន (Bahrain) និងអូម៉ង់ (Oman)។ គុយវ៉េត ក៏ជា​សមា​ជិក​អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC)ផងដែរ ដែលមានរដ្ឋជាសមាជិកចំនួន ៥៦ ប្រទេស៕

 

Digiqole Ad

Related post