ប្រជាពលរដ្ឋខ្មែរឥស្លាមសរុបចំនួន ៩០០គ្រួសារ មកពីរាជធានីខេត្តចំនួន៣ រួមនឹងនិស្សិតដែល​កំពុង​បន្តការសិក្សាមហាវិទ្យាល័យ ទទួល​បានកញ្ចប់​អា​ហារ​ស្រាយ​បួស​រ៉ម៉ាឌនពីសប្បុរសជនតួកគី នៅប្រទេសហូឡង់ តាមរយៈ​អង្គ​ការ​សម្ព័ន្ធបញ្ញវន្ត​មូស្លីម​កម្ពុជា

ប្រជាពលរដ្ឋខ្មែរឥស្លាមសរុបចំនួន ៩០០គ្រួសារ មកពីរាជធានីខេត្តចំនួន៣ រួមនឹងនិស្សិតដែល​កំពុង​បន្តការសិក្សាមហាវិទ្យាល័យ ទទួល​បានកញ្ចប់​អា​ហារ​ស្រាយ​បួស​រ៉ម៉ាឌនពីសប្បុរសជនតួកគី នៅប្រទេសហូឡង់ តាមរយៈ​អង្គ​ការ​សម្ព័ន្ធបញ្ញវន្ត​មូស្លីម​កម្ពុជា

Spread the love
Digiqole Ad

ភ្នំពេញ៖ អំឡុងខែរ៉ម៉ាឌន ដែលជាខែដ៏ពិសិដ្ឋនៅក្នុងសាសនាឥស្លាម បងប្អូនមូស្លីមតែងតែ​បង្កើន​ការធ្វើនូវទង្វើកុសល្យផ្សេងៗ គេសង្កេតឃើញអង្គការសមាគម និងសប្បុរសជនជាច្រើន ទាំងក្នុង​ស្រុក និងក្រៅស្រុក បានបង្កើន​សកម្ម​ភាព​មនុស្ស​ធម៌របស់​ខ្លួន តាមរយៈការផ្តល់ជំនួយជាកញ្ចប់​អា​ហារស្រាយបួស និងរៀបចំអាហាស្រាយបួសនៅតាមវិហារ ឬស៊ូរ៉ាវផ្សេងៗ។

ជាក់ស្តែង ប្រជាពលរដ្ឋខ្មែរឥស្លាមសរុបចំនួន ៩០០គ្រួសារ មកពីរាជធានីខេត្តចំនួន៣ ក្នុងនោះ៖ រាជធានី​ភ្នំ​ពេញ, ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង រួមនឹងនិស្សិតដែល​កំពុង​បន្តការសិក្សា​មហាវិទ្យា​ល័យ ទទួល​បានកញ្ចប់​អា​ហារ​ស្រាយ​បួស​រ៉ម៉ាឌនពី​សប្បុរស​ជន​តួកគី នៅប្រទេសហូឡង់ តាម​រយៈអង្គការ​សម្ព័ន្ធបញ្ញវន្ត​មូស្លីម​កម្ពុជា។

នាឱកាសអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីចែកកញ្ចប់អាហារស្រាយបួស ជូនដល់​ប្រជាពល​រដ្ឋ​ខ្មែរឥស្លាម​ចំនួន ២៥០គ្រួសារ នៅ​ភូមិឃ្លាំង​ស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ហូសេន មហា​ម៉ាត់ហ្វារីត ទី​ប្រឹក្សាក្រសួងធម្មការ និង​សាសនា និងជាប្រធានអង្គការសម្ព័ន្ធ​បញ្ញវន្តមូស្លីម​កម្ពុជា បានមានប្រសាសន៍អោយដឹងថា ការ​ផ្តល់ជូនជា​កញ្ចប់អាហារ​ទាំងនេះ គឺដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់បង​ប្អូនប្រជាពល​រដ្ឋ​ដែលមានជីវភាព​ខ្វះ​ខាត ចាស់ជរាគ្មានទីពឹង និងនិស្សិតដែល​កំពុង​បន្តការសិក្សាមហាវិទ្យាល័យ នៅក្នុងខែបួសរ៉ម៉ាឌន។

ឯកឧត្តមបានបន្តថា ជំនួយទាំងនេះទទួលបានពីសប្បុរសជនហូឡង់ និងតួរគី តាមរយៈ អង្គការ​ជំ​នួយមនុស្ស​ធម៌អន្តរជាតិ IHHNL ដែលជាអង្គការដៃគូរ។ ឯកឧត្តម បានថ្លែងអំណរ​គុណដល់​សប្បុ​រសជនហូឡង់ និងតួរគីទាំងអស់ ដែលតែងតែផ្តល់ជំនួយជួយ​ដល់​ប្រជាជន​កម្ពុ​ជាជាបន្តបន្ទាប់។

ក្រៅពីការផ្តល់ជំនួយជាកញ្ចប់អាហារ អង្គការ​ជំ​នួយមនុស្ស​ធម៌អន្តរជាតិ IHHNL ក៏​បានផ្តល់ជា​ថវិកា​ដើម្បីរៀបចំអាហារស្រាយបួសរួមគ្នានៅតាមវិហារឥស្លាម ចំនួន៣១៥នាក់ និងបានចែក​ជូន​សម្លៀកបំពាក់ដល់កុមារកំព្រានៅរាជធានីភ្នំពេញ និងខេត្តកំពង់​ឆ្នាំង​ ​សរុបចំនួន ១០០​នាក់ផង​ដែរ​។

គួរជម្រាបដែរថា ជារៀងរាល់ឆ្នាំ អង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា ដែលមានឯកឧត្តម បណ្ឌិត ហូ​សេន មហា​ម៉ាត់ហ្វារីត ជាប្រធាន តែងតែទទួលបានជំនួយជាកញ្ចប់អាហារស្រាយបួស​ពីសប្បុ​រស​ជន​មូស្លីមនៅក្រៅប្រទេស តាមរយៈអង្គការដែលជាដៃគូរ។ ហើយនៅឆ្នាំ២០២៤នេះ អង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជាក៏ទទួលបានសរុប ១០​៣០កញ្ចប់ផងដែរ ដើម្បីចែកជូនប្រជាពល​រដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា៕

Digiqole Ad

Related post