អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ ចុះកិច្ចព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការយោធា ចំពេលមានភាពតានតឹងកើនឡើងក្នុងតំបន់
ប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ កាលពីថ្ងៃចន្ទកន្លងទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយោធា ដែលជាជំហានដ៏សំខាន់មួយក្នុងទំនាក់ទំនងការពារជាតិ ចំពេលមានភាពតានតឹងកើនឡើងក្នុងតំបន់។ នេះបើតាមការផ្សាយដោយសារព័ត៌មាន The News Arab នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
កិច្ចព្រមព្រៀងដែលធ្វើឡើងក្រោមវត្តមាន រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman និងសមភាគីអ៊ីរ៉ាក់ លោក Thabet Al-Abbasi ត្រូវបានគេមើលឃើញថា ជាជំហានដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ ខណៈដែលអ៊ីរ៉ាក់រំពឹងថានឹងមានលទ្ធភាពសងសឹករបស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះ ដោយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់លើទឹកដីដែលកាន់កាប់ដោយអ៊ីស្រាអែល នៅមុនឆ្នាំ១៩៤៨ ជាទឹកដីប៉ាឡេស្ទីន និងតំបន់ Golan Heights របស់ស៊ីរី ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអ៊ីរ៉ាក់ បានគូសបញ្ជាក់ថា រដ្ឋមន្ត្រីបានពិភាក្សាអំពីការពង្រឹងការសម្របសម្រួលសន្តិសុខ ការបណ្តុះបណ្តាល និងសមយុទ្ធរួមគ្នារវាងកងកម្លាំងអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត។ វារួមបញ្ចូលទាំងកិច្ចព្រមព្រៀងដើម្បីបើកវគ្គសិក្សាយោធារួមគ្នា រៀបចំសមយុទ្ធ និងបង្កើតយន្តការសម្រាប់ទាហានអ៊ីរ៉ាក់ ដើម្បីទទួលបានការព្យាបាលនៅមន្ទីរពេទ្យអារ៉ាប៊ីសាអូឌីត ផងដែរ៕