យ៉ាងហោចណាស់ មនុស្ស ២១នាក់ស្លាប់ ១៣នាក់រងរបួស ខណៈ៥នាក់ផ្សេងទៀតនៅតែបាត់ខ្លួន ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កជាការរអិលបាក់ដី នៅកោះជ្វា ប្រទេសឥណ្ឌូនេស៊ី
គ្រោះធម្មជាតិមួយដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង បង្កជាការរអិលបាក់ដី នៅលើកោះជ្វា ប្រទេសឥណ្ឌូនេស៊ី បណ្តាលអោយមានមនុស្សស្លាប់យ៉ាងហោចណាស់ ២១នាក់ ១៣នាក់រងរបួស ខណៈ៥នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួន។
ក្រុមមន្ត្រីរបស់ប្រទេសនេះ បាននិយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដីនៅលើកោះជ្វា បានកើនឡើងដល់ ២១នាក់ និងមនុស្ស ៥នាក់នៅតែបាត់ខ្លួន ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា និងអាកាសធាតុអាក្រក់ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។ យោងតាមទីភ្នាក់ងាររុករក និងជួយសង្គ្រោះ Basarnas យ៉ាងហោចណាស់មនុស្ស ១៣នាក់ ក៏បានរងរបួសផងដែរនៅក្នុងការរអិលបាក់ដី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន TRT World នៅថ្ងៃតី២៣ ខែមករា ឆ្នាំ២០២៥។
ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃច័ន្ទ នៅតំបន់ភ្នំក្បែរទីក្រុង Pekalongan ក្នុងខេត្តជ្វា បានបង្កឱ្យមានការបាក់ដី បាក់ស្ពាន និងកប់រថយន្ត និងផ្ទះសម្បែង។
ប្រទេសឥណ្ឌូណេស៊ីងាយនឹងមានការបាក់ដីក្នុងរដូវវស្សា ជាធម្មតានៅចន្លោះខែវិច្ឆិកា និងខែមេសា ប៉ុន្តែគ្រោះមហន្តរាយមួយចំនួនដែលបណ្តាលមកពីអាកាសធាតុមិនល្អ បានកើតឡើងក្រៅរដូវនោះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ បម្រែបម្រួលអាកាសធាតុក៏បានបង្កើនឥទ្ធិពលនៃព្យុះ ដែលនាំឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ និងខ្យល់បក់កាន់តែខ្លាំងផងដែរ។
កាលពីខែឧសភា មនុស្សយ៉ាងហោចណាស់ ៦៧នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗនៅកោះស៊ូម៉ាត្រាខាងលិច ដោយរុញច្រានល្បាយនៃផេះ ខ្សាច់ និងគ្រួសពីការផ្ទុះភ្នំម៉ារ៉ាពី ចូលទៅក្នុងតំបន់លំនៅដ្ឋាន៕