កម្ពុជាបិទបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយជោគជ័យ ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញផ្តោតលើ ៣២ ចំណុច
(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពិធីបិទកិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់មកពីរដ្ឋ និងរដ្ឋាភិបាលសមាជិកចំនួន៨១ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
លទ្ធផលសំខាន់នៃកិច្ចប្រជុំ គឺការចេញនូវ «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដែលមានចំណុចសំខាន់ចំនួន៣២ ដោយផ្តោតលើការពង្រឹងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចប្រជុំកំពូលនេះធ្វើឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាពដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការធ្វើជាម្ចាស់ផ្ទះលើកនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំនៅកម្ពុជា និងជាលើកទី២ នៅតំបន់អាស៊ីអាគ្នេយ៍។
ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជា ក្នុងសហគមន៍អន្តរជាតិហ្វ្រង់កូហ្វូនី និងជាឱកាសពង្រឹងទំនាក់ទំនង ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ នវានុវត្តន៍ និងភាពជាដៃគូរវាងប្រទេសសមាជិកផងដែរ៕



