អារ៉ាប៊ីសាអូឌីត បើកដំណើរការឡើងវិញបំពង់បង្ហូរប្រេង East-West ក្រោយជួសជុលការខូចខាតពីការវាយប្រហារដោយដ្រូន
អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមដំណើរការឡើងវិញនូវការនាំចេញប្រេងឆៅ តាមរយៈ បំពង់បង្ហូរប្រេង East-West Pipeline បន្ទាប់ពីការជួសជុលការខូចខាត ដែលបណ្តាលមកពីការវាយប្រហារដោយដ្រូន កាលពីថ្ងៃទី១០ ខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃចន្ទ។
ក្រុមហ៊ុន Saudi Aramco បានធ្វើតេស្តបំពង់បង្ហូរប្រេងនេះកាលពីសប្តាហ៍មុន ដើម្បីត្រៀមសម្រាប់ការបើកលំហូរប្រេងឡើងវិញ ហើយបច្ចុប្បន្ន ការដឹកជញ្ជូនប្រេងសម្រាប់នាំចេញត្រូវបានចាប់ផ្តើមឡើងវិញហើយ។
ការបើកដំណើរការឡើងវិញនេះ នឹងស្តារឡើងវិញនូវផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយរបស់អារ៉ាប៊ីសាអូឌីត ដែលអាចជួយកាត់បន្ថយការពឹងផ្អែកលើ ច្រកសមុទ្រ Hormuz ខណៈហានិភ័យចំពោះការដឹកជញ្ជូនតាមសមុទ្រនៅតំបន់ឈូងសមុទ្រអារ៉ាប់ នៅតែបន្តមាន។
គួរឲ្យដឹងថា បំពង់ East-West មានសមត្ថភាពដឹកជញ្ជូនប្រេងប្រមាណ ៧លានបារ៉ែលក្នុងមួយថ្ងៃ។ ក្នុងចំណោមនេះ ប្រហែល ២លានបារ៉ែលក្នុងមួយថ្ងៃ ត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់រោងចក្រចម្រាញ់ប្រេងនៅតំបន់ភាគខាងលិចរបស់អារ៉ាប៊ីសាអូឌីត ខណៈសមត្ថភាពនៅសល់អាចប្រើសម្រាប់ការនាំចេញ។
ការប្រើប្រាស់ផ្លូវបង្ហូរប្រេងទៅភាគខាងលិច បានក្លាយជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់ក្នុងអំឡុងសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយជួយបន្ថយសម្ពាធលើការផ្គត់ផ្គង់ប្រេងនៅទីផ្សារអន្តរជាតិ។



