• July 24, 2026
 អង្គការពិភពលោកអ៊ីស្លាម សម្រាប់ការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ហៅកាត់ថា(ICESCO)សហការជាមួយអង្គការមូលនិធិអាស៊ាន រៀបចំសន្និសីទពង្រឹងស្តង់ដានៃការបង្រៀនភាសាអារ៉ាប់នៅកម្ពុជា

អង្គការពិភពលោកអ៊ីស្លាម សម្រាប់ការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ហៅកាត់ថា(ICESCO)សហការជាមួយអង្គការមូលនិធិអាស៊ាន រៀបចំសន្និសីទពង្រឹងស្តង់ដានៃការបង្រៀនភាសាអារ៉ាប់នៅកម្ពុជា

Spread the love
Digiqole Ad

នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ អង្គការពិភពលោកឥស្លាមសម្រាប់ការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ (ICESCO) សហការជាមួយអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ បានរៀបចំសន្និសីទស្តីពី «ដំណើរឆ្ពោះទៅរកប្រព័ន្ធអប់រំភាសាអារ៉ាប់ដែលមានគុណភាពខ្ពស់ និងចីរភាពនៅកម្ពុជា» នៅការិយាល័យអង្គការអាស៊ាន ក្នុងខេត្តកំពត។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ និង ឯកឧត្តម សេន សាប៊ីល អភិបាលរង នៃគណៈអភិបាលខេត្តកំពត ដោយមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ ប្រធានអង្គការ-សមាគម អ្នកអប់រំ គ្រូបង្រៀន និងតំណាងស្ថាប័នពាក់ព័ន្ធ។ ថ្លែងក្នុងពិធីបើក ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី បានឱ្យដឹងថា សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាព និងស្តង់ដានៃការបង្រៀនភាសាអារ៉ាប់នៅកម្ពុជា ព្រមទាំងជំរុញការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងរៀបចំប្រព័ន្ធអប់រំឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមស្តង់ដារអន្តរជាតិ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំភាសាអារ៉ាប់ ក្នុងការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង សីលធម៌ និងសមត្ថភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងសង្គមជាតិ។ ជាមួយគ្នានេះ ការបង្កើតស្តង់ដាររួមសម្រាប់ការបង្រៀន និងរៀន គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការធានានូវគុណភាពអប់រំ និងចីរភាពនាពេលអនាគត។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម សេន សាប៊ីល អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងបានវាយតម្លៃខ្ពស់ចំពោះសន្និសីទនេះ ដោយចាត់ទុកថាជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិ និងអន្តរជាតិ ក្នុងការអភិវឌ្ឍវិស័យអប់រំភាសាអារ៉ាប់នៅកម្ពុជា។ គួរបញ្ជាក់ថា អំឡុងពេលនៃសន្និសីទ ក៏មានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ពីសំណាក់អ្នកជំនាញជាតិ និងអន្តរជាតិ លើប្រធានបទសំខាន់ៗដូចជា៖ ការអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន ការវាយតម្លៃសមត្ថភាពគ្រូបង្រៀន និងការប្រើបច្ចេកវិទ្យាក្នុងការបង្រៀនភាសាអារ៉ាប់។ សន្និសីទនេះត្រូវបានរំពឹងថានឹងផ្តល់នូវអនុសាសន៍ និងទិសដៅថ្មីៗ ដើម្បីពង្រឹងគុណភាពនៃការបង្រៀន និងជំរុញការកសាងប្រព័ន្ធអប់រំប្រកបដោយចីរភាព សម្រាប់ជាប្រយោជន៍ដល់យុវជន និងសហគមន៍មូស្លីមនៅកម្ពុជា៕

Digiqole Ad

Related post