សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក-ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តក្រចេះ ថ្ងៃចន្ទទី០៦ ខែកក្កដា ឆ្នាំ២០២៦
នៅព្រឹកថ្ងៃចន្ទទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចុះជួបសំណេះសំណាល ជាមួយ ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តក្រចេះ ដែលមានសមាភាពចូលរួមសរុប ១០២៦នាក់។ ពិធីនេះបានប្រារព្ធធ្វើនៅសណ្ឋាគារ ហ៊រ ប៊ុន្នី ស្ថិតនៅភូមិឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដែលនេះគឺជាគោលដៅទី១៦ហើយ នៃកម្មវិធី ចុះជួបមន្ត្រីមូលដ្ឋាន របស់ សម្តេចតេជោ បន្ទាប់ពីបានផ្អាកជាបណ្តោះអាសន្ន ក្នុងកម្មវធីជំនួបលើកទី១៥នៅលើទឹកដី នៃខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមិថុនា ដោយសារសម្តេច ត្រូវដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៥ដល់២៧ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។






