• November 26, 2025
 អគ្គរដ្ឋទូតសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបប្រចាំកម្ពុជា ផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងសហគមន៍ឥស្លាមកម្ពុជា និងអេហ្ស៊ីប

អគ្គរដ្ឋទូតសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបប្រចាំកម្ពុជា ផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងសហគមន៍ឥស្លាមកម្ពុជា និងអេហ្ស៊ីប

Spread the love
Digiqole Ad

លោកជំទាវ Hala Youssef Ahmed Ragab ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងសហគមន៍ឥស្លាមកម្ពុជា និងអេហ្ស៊ីប។ ហើយប្រទេសអេហ្ស៊ីបត្រៀមខ្លួនបន្ថែមទំនាក់ទំនង និងកិច្ចសហការឲ្យបានកាន់តែច្រើនជាមួយកម្ពុជា ជាពិសេសលើវិស័យអប់រំ និងវិស័យផ្សេងៗទៀត។ លោកជំទាវបានមានប្រសាសន៍បែបនេះ នៅទីស្នាក់ការគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជានៅក្នុងជំនួបជាមួយអ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជានាថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ ២០២៥ ។

បើយោងតាមគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាបានឲ្យដឹងថា នៅក្នុងជំនួបនេះផងដែរ លោកជំទាវអគ្គរដ្ឋទូតបានលើកឡើងថា មុហ្វតីអេហ្សុីប និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ Al-Azhar បានផ្តាំផ្ញើនូវការសួរសុខទុក្ខជូនអ្នកឧកញ៉ាចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងកោតសរសើរចំពោះនិស្សិតកម្ពុជាដែលទទួលបានអាហាររូបករណ៍សិក្សានៅទីនោះ ថាជានិស្សិតដែលតស៊ូរៀនសូត្រ និងតែងតែជាប់ជានិស្សិតឆ្នើម។ លោកជំទាវបន្ថែមថាសាធារណរដ្ឋអារ៉ាប់អេហ្ស៉ីប រីករាយចំពោះកិច្ចសហការជាមួយកម្ពុជាហើយនឹងបង្កើនការផ្តល់អាហាររូបករណ៍ដល់និស្សិតខ្មែរឥស្លាមបន្ថែមទៀតឲ្យទៅបន្តកាសិក្សានៅប្រទេសអេហ្ស៊ីប។

ដោយឡែកអ្នកឧកញ៉ាសុះ កំរី បានជម្រាបជូនលោកជំទាវអគ្គរដ្ឋទូតអេហ្ស៉ីបអំពីស្ថានភាពទូទៅរបស់សាសនិកឥស្លាមកម្ពុជាតាំងពីសម័យមុនសង្គ្រាម សម័យប៉ុលពត និងរហូតមកដល់ស្ថានភាពបច្ចុប្បន្ន ដោយអ្នកឧកញ៉ាចាងហ្វាងគូសបញ្ជាក់ថា ជាយូរណាស់មកហើយដែលប្រទេសកម្ពុជានិយាយជារួម និងនិយាយដោយឡែកសម្រាប់សហគមន៍ឥស្លាមកម្ពុជាតែងតែមានទំនាក់ទំនងល្អជាមួយប្រទេសអេហ្ស៉ីប ជាក់ស្តែងមុនពេលរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ចូលមកដល់ ថ្នាក់ដឹកនាំខ្មែរឥស្លាមស្ទើរគ្រប់ជំនាន់តែងតែបញ្ជូននិស្សិតទៅបន្តការសិក្សានៅប្រទេសអេហ្ស៊ីប ជាពិសេសនៅសាកលវិទ្យាល័យ Al-Azhar។
អ្នកឧកញ៉ា សុះ កំរ៉ី បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលអេហ្ស៉ីប ជាពិសេសសាកលវិទ្យាល័យ Al-Azhar ដែលកន្លងមករហូតដល់បច្ចុប្បន្ននេះ តែងតែបានជួយគាំទ្រវិស័យអប់រំឥស្លាមកម្ពុជាជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឥស្លាមឲ្យទៅបន្តការសិក្សានៅប្រទេសអេហ្ស៉ីបជារៀងរាល់ឆ្នាំ។

Digiqole Ad

Related post