គ្រោះអគ្គិភ័យដ៏សាហាវមួយ បានឆាបឆេះក្លឹបកម្សាន្តមួយក្នុងទីក្រុងបាងកក ប្រទេសថៃ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៧នាក់ស្លាប់ និង ៦៣នាក់រងរបួស ខណៈមនុស្សមួយចំនួនទៀតនៅតែបាត់ខ្លួន។
ប្រភពពីសារព័ត៌មាន Thairath អគ្គិភ័យបានកើតឡើងនៅក្លឹប Na Ladprao ស្ថិតក្បែរផ្លូវ Soi Lat Phrao Lane 1 ក្នុងខណ្ឌចតុចក្រ នៅវេលាម៉ោង ១២ និង ០២នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
ក្រុមពន្លត់អគ្គិភ័យបានឱ្យដឹងថា នៅពេលកើតហេតុ មានភ្ញៀវជាច្រើនកំពុងស្ថិតនៅក្នុងក្លឹប។ ទោះបីអាជ្ញាធរអាចគ្រប់គ្រងអគ្គិភ័យបានក្នុងរយៈពេលប្រមាណកន្លះម៉ោងក៏ដោយ ប៉ុន្តែអណ្តាតភ្លើងបានរាលដាលយ៉ាងឆាប់រហ័ស បង្កឱ្យមានអ្នកស្លាប់ជាច្រើន ដែលភាគច្រើនបណ្តាលមកពីការស្រូបផ្សែងពុល និងថប់ដង្ហើម។
អាជ្ញាធរបានបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសទាំង ៦៣នាក់ មានអ្នករបួសធ្ងន់ចំនួន ២២នាក់ ខណៈប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួននៅតែបន្ត។ ដោយសារមានមនុស្សមួយចំនួនមិនទាន់រកឃើញ តួលេខអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។
ចំពោះមូលហេតុនៃអគ្គិភ័យនេះ មន្ត្រីជំនាញបានសន្និដ្ឋានជាបឋមថា អាចបណ្តាលមកពីការទុស្សេចរន្តអគ្គិសនី។ សាក្សីបានរាយការណ៍ថា គេឃើញអណ្តាតភ្លើងឆេះចេញពីប្រអប់ចែកចាយអគ្គិសនីក្បែរឆាកតន្ត្រី មុនពេលចរន្តអគ្គិសនីដាច់ និងមានសំឡេងផ្ទុះកើតឡើង។ បច្ចុប្បន្ន អាជ្ញាធរថៃកំពុងបើកការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុពិតប្រាកដនៃគ្រោះអគ្គិភ័យដ៏សោកនាដកម្មនេះ។





