សិស្សានុសិស្សសាលារៀនសុវណ្ណភូមិ 762នាក់ ទទួលវិញ្ញាបនបត្រគុណវុឌ្ឍិភាសាអង់គ្លេសខេមប្រ៊ីជ ខណៈដែលសាលារៀនសុវណ្ណភូមិទទួលត្រូវបានទទួលស្គាល់ជាមជ្ឈមណ្ឌលត្រៀមប្រលងcambridgeកម្រិតមាស ដំបូងគេនៅកម្ពុជា
សិស្សានុសិស្សជ័យលាភីចំនួន ៧៦២នាក់ មកពីទូទាំងព្រះរាជាណាចក្រកម្ពុជា បានទទួលវិញ្ញាបនបត្រគុណវុឌ្ឍិភាសាអង់គ្លេសខេមប្រ៊ីជ (Cambridge English) ពីសាលារៀនសុវណ្ណភូមិ ក្នុងពិធីដ៏អធិកអធម ដែលបានប្រារព្ធឡើងនៅសណ្ឋាគារសុខា ភ្នំពេញ នាថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៦។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងជាអគ្គនាយកស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និង លោកជំទាវ យូ ឃីម ធីឡាយ ព្រមទាំង លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ អ៊ិន ធី ស៊ី គ្រុប តំណាងដៃគូសហការ ភ្ញៀវជាតិ និងអន្តរជាតិ អាណាព្យាបាល ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សជាច្រើនរូប។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកឧកញ៉ា ជា ធីឡាយ បានមានប្រសាសន៍សម្តែងនូវសេចក្តីរីករាយ និងមោទនភាពយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ដែលបានសម្រេចនូវលទ្ធផលដ៏លេចធ្លោ។ លោកបានអបអរសាទរដល់សិស្សានុសិស្សជ័យលាភីទាំងអស់ ចំនួន ៧៦២នាក់ ដែលបានឆ្លងកាត់ការប្រឡងដោយជោគជ័យ។
លោកឧកញ៉ាបានបញ្ជាក់ថា ក្នុងចំណោមសិស្សជ័យលាភីទាំងនេះ មានសិស្សចំនួន ២៦៤នាក់ ទទួលបាននិទ្ទេស A ហើយក្នុងនោះ មានសិស្សចំនួន ៩នាក់ ទទួលបានពិន្ទុខ្ពស់ជាងគេទូទាំងប្រទេស ដែលជាការធ្វើឲ្យសាលារៀន មាតាបិតា និងព្រះរាជាណាចក្រកម្ពុជា មានមោទនភាពយ៉ាងខ្លាំងលើឆាកអន្តរជាតិ។
លោកឧកញ៉ា ជា ធីឡាយ បានបន្តថា ជោគជ័យរបស់សិស្សានុសិស្សនៅថ្ងៃនេះ គឺជាលទ្ធផលនៃការយកចិត្តទុកដាក់របស់សាលារៀនសុវណ្ណភូមិ ក្នុងការជ្រើសរើស និងអភិវឌ្ឍគ្រូបង្រៀនដែលមានសមត្ថភាព និងបទពិសោធន៍ខ្ពស់ ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សឲ្យមានស្តង់ដារអន្តរជាតិគ្រប់សាខា។
លោកក៏បានលើកឡើងផងដែរថា សាលារៀនសុវណ្ណភូមិគឺជាសាលាតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានទទួលស្គាល់ជាមជ្ឈមណ្ឌលត្រៀមប្រលងខេមប្រ៊ីជកម្រិតមាស ដែលបញ្ជាក់ពីកម្រិតគុណភាពអប់រំ និងភាពជឿជាក់របស់ស្ថាប័នអប់រំអន្តរជាតិមួយនេះ។
លោកឧកញ៉ាបានបន្ថែមថា វិញ្ញាបនបត្រគុណវុឌ្ឍិភាសាអង់គ្លេសខេមប្រ៊ីជ គឺជាគន្លឹះសំខាន់មួយ សម្រាប់បើកទ្វារឱកាសឲ្យសិស្សានុសិស្សអាចបន្តការសិក្សានៅសាកលវិទ្យាល័យនានា ជុំវិញពិភពលោក និងឪកាសបម្រើការងារជាមួយស្ថាប័នអន្តរជាតិ ។
ជាចុងក្រោយលោកឧកញ៉ា ជា ធីឡាយ ក៏ បានសម្តែងនូវការគោរព និងអរគុណយ៉ាងជ្រាលជ្រៅដល់មាតាបិតា និងអាណាព្យាបាល ដែលបានជឿជាក់ និងគាំទ្រក្នុងការបញ្ជូនកូនៗមកសិក្សានៅសាលារៀនសុវណ្ណភូមិជានិច្ច។ពិសេសអរគុណដល់ ខេមប្រ៊ីជអង់គ្លេស សម្រាប់ការជឿជាក់លើប្រទេសកម្ពុជានិងសិស្សានុសិស្សរបស់យើង។




