• April 27, 2024
 ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត អញ្ជើញធ្វើបាឋកថាលើកទឹកចិត្តនិស្សិតនៅសាកលវិទ្យាល័យ CUMT ស្តីពី “បរិវត្តកម្មជីវិត តាមរយៈការអប់រំ” ក្នុងកម្មវិធីកម្រងបាឋកថាអគ្គរដ្ឋទូត Ambssador Lecture Series

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត អញ្ជើញធ្វើបាឋកថាលើកទឹកចិត្តនិស្សិតនៅសាកលវិទ្យាល័យ CUMT ស្តីពី “បរិវត្តកម្មជីវិត តាមរយៈការអប់រំ” ក្នុងកម្មវិធីកម្រងបាឋកថាអគ្គរដ្ឋទូត Ambssador Lecture Series

Spread the love
Digiqole Ad

ភ្នំពេញ៖ ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Mohammed Ismaeil A. Dahlwy បានអញ្ជើញធ្វើបាឋកថាលើកទឹកចិត្តដល់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT ស្តីពី “បរិវត្តកម្មជីវិត តាមរយៈការអប់រំ” នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅអគារសិក្សារបស់សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT រាជធានីភ្នំពេញ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសផងដែរពីសំណាក់ ឯកឧត្តម បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា, ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ CUMT រួមទាំងសាស្ត្រាចារ្យ បុគ្គលិកសិក្សាសាកលវិទ្យាល័យ និងនិស្សិតជាច្រើនរូបផងដែរ។

នៅក្នុងសន្ទករថាស្វាគមន៍ ឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ CUMT ឯកឧត្តមពិតជាមានកិត្តិយសដោយបានរៀបចំកម្រងបាឋកថាអគ្គរដ្ឋទូត ស្តីពី “បរិវត្តកម្មជីវិត តាមរយៈការអប់រំ” ក្រោមវត្តមានវាគ្មិនជាឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ បានថ្លែងអំណរគុណដល់ឯកឧត្តម ឯកអគ្គរាជទូត ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមដើម្បីមកចូលរួមក្នុង កម្រងបាឋកថាអគ្គរដ្ឋទូត។ ហើយឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីតដែលតែងតែបានចូលរួមឧបត្ថម្ភគាំទ្រលើវិស័យផ្សេងៗជាច្រើននៅក្នុងប្រទេសកម្ពុជា។

បើតាមឯឧត្តមបណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ CUMT បានមានប្រសាសន៍អោយដឹងថា កម្រងបាឋកថាអគ្គរដ្ឋទូត រៀបចំធ្វើឡើងក្នុងគោលបំណងអញ្ជើញឯកអគ្គរដ្ឋទូត រាជទូតនៃបណ្តាប្រទេសផ្សេងប្រចាំនៅកម្ពុជា ចូលរួមចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជូនដល់នសិស្សិតទាំងអស់ លើប្រធានបទដែលមានសារសំខាន់ផ្សេងៗ។

ឯកឧត្តម បានបន្តថា នេះគឺជាលើកទី២ហើយដែលសាកលវិទ្យាល័យបានរៀបចំកម្រងបាឋកថាអគ្គរដ្ឋទូត ដោយលើកទី១ បានរៀបចំធ្វើឡើងដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម Eldeen Hussaini Mohamand Hashim ឯកអគ្គរាជទូតម៉ាឡេស៊ី។

ក្នុងឱកាសធ្វើបទបង្ហាញ ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានមានប្រសាសន៍ថា ជីវិតដែលជោគជ័យគ្មានវិធីសាស្ត្រណាដែលប្រើហើយប្រសើរជាងការអប់រំនោះទេ។ ឯកឧត្តម បានបន្តថា ការរៀនគឺមិនមែនត្រឹមតែរៀនក្នុងថ្នាក់ទេ ប៉ុន្តែត្រូវរៀនពីអ្វីដែលល្អនៅជុំវិញយើងផងដែរ។

ឯកឧត្តម ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានលើកទឹកចិត្តដល់និស្សិតដែលកំពុងសិក្សានៅទីនេះ ត្រូវព្យាយាមស្វែងរកការសិក្សាបន្តនៅប្រទេសអារ៉ាប៊ីសាអូឌីតក្រោយបញ្ចប់ថ្នាក់សាកលវិទ្យាល័យ ដើម្បីអោយបានមើលឃើញពិភពលោកកាន់តែធំទូលាយ និងជាពិសេសធ្វើយ៉ាងត្រូវរិតចំណងសាមគ្គីភាពជាមួយប្រទេសដែលយើងបានទៅបន្តការសិក្សានោះ។

ឯកឧត្តម បានសន្យាថា នឹងជ្រើសរើសអ្នកដែលរៀនពូកែចំនួន ៣នាក់ ពីសាកលវិទ្យាល័យ CUMT ដើម្បីទៅធ្វើអុំរ៉ោះនៅប្រទេសអារ៉ាប៊ីសាអូឌីត។

បាឋកថារបស់ឯកឧត្តម ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានទទួលការចាប់អារម្មណ៍ពីនិស្សិតជាច្រើន ហើយពួកគាត់បានថ្លែងអំណរគុណដល់ឯកឧត្តមដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមផ្តល់នូវបាឋកថាដ៏មានសារសំខាន់សម្រាប់ពួកគាត់៕

Digiqole Ad

Related post