សប្បុរសជនអាមេរិក តាមរយៈអង្គការមូលនិធិហ្សាកាត់អាមេរិកបន្តគាំទ្រគម្រោងគោគូរហ្ពាន ដល់សហគមន៍ខ្មែរឥស្លាមនៅកម្ពុជា
ពោធិ៍សាត់៖ ក្នុងឱកាសបុណ្យអ៊ីឌុលអាឌ្ហា ឬបុណ្យហាជ្ជី ឆ្នាំ២០២៦នេះ សប្បុរសជននៅ សហរដ្ឋអាមេរិក តាមរយៈអង្គការមូលនិធិហ្សាកាត់អាមេរិក( Zakat Foundation of America )បានបន្តផ្តល់ការគាំទ្រដល់គម្រោងមនុស្សធម៌គោគួរហ្ពាននៅកម្ពុជា ដើម្បីចែករំលែកសេចក្តីរីករាយ និងជួយសម្រាលការលំបាកជីវភាពរបស់បងប្អូនខ្មែរឥស្លាមដែលមានជីវភាពខ្វះខាត។

គម្រោងនេះត្រូវបានអនុវត្តតាមរយៈ មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន គណៈកម្មការម៉ាស្ជិត និងថ្នាក់ដឹកនាំសហគមន៍ ដើម្បីធានាថា ការចែកសាច់គោគួរបានីប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងឈានដល់ដៃអ្នកដែលត្រូវការជាក់ស្តែង។
ក្នុងពិធីសំឡេះ និងចែកសាច់គោជូនប្រជាពលរដ្ឋភូមិបេងដង្កៀប ឃុំកញ្ជរ ស្រុកកណ្តៀង នៅខេត្តពោធិ៍សាត់ បងប្អូនខ្មែរឥស្លាមជាច្រើនគ្រួសារ បានមកទទួលសាច់គួរបានីដោយក្តីរីករាយ និងសេចក្តីថ្លែងអំណរគុណចំពោះម្ចាស់ជំនួយដែលបានចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះសហគមន៍នៅកម្ពុជា។
មានប្រសាសន៍ក្នុងឱកាស នោះ ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា បានលើកឡើងថា គម្រោងគោគួរហ្ពាននេះ មិនត្រឹមតែជាការចែកសាច់អាហារប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតីមនុស្សធម៌ ក្តីមេត្តាករុណា និងភាពជាបងប្អូនរវាងមូស្លីមជុំវិញពិភពលោក ជាពិសេសការចែករំលែកទៅកាន់អ្នកដែលមានជីវភាពខ្វះខាត។

ឯកឧត្តមបានបញ្ជាក់ថា មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា និងអង្គការមូលនិធិហ្សាកាត់អាមេរិក (Zakat Foundation of America) បានសហការគ្នាអនុវត្តគម្រោងសប្បុរសធម៌ជាច្រើននៅកម្ពុជា ក្នុងនោះរួមមានគម្រោងគោគួរហ្ពាន ការចែកស្បៀងអាហារខែរ៉ម៉ាឌន កសាងវិហារ សាលារៀន និងគម្រោងមនុស្សធម៌ផ្សេងៗ ដែលបានបន្តអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ឯកឧត្តម ស្លេះ ណាស៊ី បានសម្តែងនូវសេចក្តីអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងអង្គការ Zakat Foundation of America ដែលបានបន្តផ្តល់ការគាំទ្រដល់សហគមន៍ខ្មែរឥស្លាមនៅកម្ពុជា ដោយចាត់ទុកថា ការជួយគ្នាក្នុងគ្រាលំបាក និងការចែករំលែកធនធាន គឺជាតម្លៃដ៏ប្រពៃរបស់មនុស្សជាតិ និងស្របតាមគោលការណ៍មនុស្សធម៌នៃសាសនាឥស្លាម។
ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនអ្នកទទួលអំណោយ បន្តថែរក្សាសាមគ្គីភាព ភាពអត់ធ្មត់ និងការជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ ខណៈដែលការរួបរួម និងការគាំទ្រគ្នា គឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងការរស់នៅប្រកបដោយសុខដុមរមនា។
បងប្អូនប្រជាពលរដ្ឋដែលបានទទួលសាច់គោគួរហ្ពាន បានបង្ហាញក្តីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ ដោយចាត់ទុកថា ការឧបត្ថម្ភនេះមិនត្រឹមជួយផ្នែកជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់កម្លាំងចិត្ត និងធ្វើឱ្យពួកគេមានអារម្មណ៍ថា មិនត្រូវបានបំភ្លេចពីសង្គម និងបងប្អូនមូស្លីមនៅជុំវិញពិភពលោកឡើយ។





