• May 19, 2024
 ក្រសួងទេសចរណ៍បើកកិច្ចពិភាក្សាពិគ្រោះយោបល់ស្តីពីផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីមកម្ពុជា(២០២៣-២០២៧) ដើម្បីជម្រុញវិស័យទេសចរណ៍មូស្លីមអោយកាន់តែមានការរីកចម្រើន

ក្រសួងទេសចរណ៍បើកកិច្ចពិភាក្សាពិគ្រោះយោបល់ស្តីពីផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីមកម្ពុជា(២០២៣-២០២៧) ដើម្បីជម្រុញវិស័យទេសចរណ៍មូស្លីមអោយកាន់តែមានការរីកចម្រើន

Spread the love
Digiqole Ad

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍កម្ពុជាបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីមកម្ពុជារយៈពេល៥ឆ្នាំ (២០២៣-២០២៧)ដើម្បីចូលរួមអភិវឌ្ឍន៍លើកស្ទួយវិស័យទេសចរណ៍មូស្លីមអោយមានការរីកចម្រើន និងក៏ដូចជាចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។
កិច្ចពិគ្រោះយោបល់នេះ បានរៀបចំធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ជា សែ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍, ឯកឧត្តម កាទើរ ម៉ូហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ព្រមទាំងប្រធានមន្ទីរទេសចរណ៍ គណៈអ៊ីមាំទាំង២៥រាជធានីខេត្ត ក៏ដូចជាក្រុមហ៊ុនឯកជនក្នុងវិស័យទេសចរណ៍មួយចំនួនទៀត។

នៅក្នុងសុន្ទរកថាបើកនៃកិច្ចពិគ្រោះយោបល់ ឯកឧត្តម ជា សែ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ដោយសារប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទើបធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនស្ទើរគ្រប់វិស័យ ក្នុងនោះមានវិស័យទេសចរណ៍ដែលយើងឃើញថា មានភាពប្រសើរឡើងជាទីមោទន ដែលចូលរួមលើកកម្ពស់ជីវភាពប្រជាជន ជំរុញឱ្យមានការងារកាន់តែច្រើនឡើង និងបានកាត់បន្ថយភាពក្រីក្រ។ ជាក់ស្តែង ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ២,២៨ លាននាក់ កើនឡើង ១០៥៩% ធៀននឹងឆ្នាំ២០២១ ធ្វើឱ្យមានចំណូលទេសចរណ៍អន្តរជាតិមានរហូតដល់ ១,៤១៥ លានដុល្លារអាមេរិក កើនឡើង ៦៦៩,០%។
ឯកឧត្តម បានបន្តថា ដើម្បីសម្រេចគោលបំណងនិងគោលដៅអភិវឌ្ឍ ក្រសួងទេសចរណ៍ ចាំបាច់ទាមទារឱ្យមានការចូលរួមសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធនានា និងគណៈអ៊ីមាំរាជធានី ខេត្តត្រូវយកចិត្តទុកដាក់ជាចម្បងលើគុណភាពធនធានមនុស្ស ប្រកបដោយសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រទេសជាតិ ក៏ដូចជាសហគមន៍ឥស្លាមទាំងមូល។

ដោយឡែក ឯកឧត្តម កាទើ មូហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់អោយដឹងថា កិច្ចពិគ្រោះយោបល់នេះ មានគោលបំណងប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ ដែលផ្តល់ភាពកក់ក្តៅ និងភាពទាក់ទាញសម្រាប់ភ្ញៀវមូស្លីមអន្តរជាតិ និងដើម្បីជម្រុញចលនាទេសចរណ៍មូស្លីមក្នុងស្រុក អោយបានកាន់តែប្រសើរឡើងថែមទៀត។

ចំពោះផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម ៥ឆ្នាំ (២០២៣-២៧) ឯកឧត្តម បានលើកឡើងថា មានចក្ខុវិស័យពង្រីក និងពង្រឹងទីផ្សារដើម្បីទាក់ទាញមូស្លីមកម្ពុជាបន្ថែម ដោយផ្តោតលើការអភិវឌ្ឍ និងពិពិធកម្មគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែច្រើន ដើម្បីប្រើប្រាស់ ឱ្យអស់ពីលទ្ធភាពនូវប្រភពធនធាន និងសក្កានុពលទាំងសង្គម វប្បធម៌ សាសនា និងធម្មជាតិ រួមទាំងប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរមូស្លីម ក្រោយវិបត្តិកូវីដ១៩ និងសម្រាប់នាពេលអនាគត។

ឯកឧត្តមបានបន្ថែមថា ដើម្បីឱ្យផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីមអាចសម្រេចជោគជ័យទៅបាន គឺត្រូវការពិភាក្សា ពិគ្រោះយោបល់ពីថ្នាក់ដឹកនាំនៅតាមសហគមន៍ឥស្លាម ដើម្បីចូលរួមកែលម្អររមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ដែលមានស្រាប់ ដោយតម្រង់ទិសនិងបញ្រ្ជាបការយល់ដឹងជាសាធារណៈឱ្យស្របទៅនឹងនិន្នាការទេសចរមូស្លីម និងសហគមន៍ទេសចរណ៍មូស្លីមគំរូ។ ការលើកទឹកចិត្តដល់វិស័យឯកជន អ្នកវិនិយោគិន ក្នុងការវិនិយោគ ឬបង្កើតផលិតផលឱ្យបានកាន់តែច្រើនឡើង សម្រាប់ទាក់ទាញភ្ញៀវទេសចរមូស្លីម ក៏ដូចជាធ្វើការអភិវឌ្ឍពិពិធកម្ម ផលិតផលសេវាកម្មទេសចរណ៍មូស្លីមឱ្យបានកាន់តែសម្បូរបែប ដូចជា វិហារឥស្លាមបុរាណ-ថ្មី រមណីយដ្ឋាននានា កន្លែងកម្សាន្ត ជាពិសេស បណ្តាខេត្តដែលមានសក្តានុពលទេសចរមូស្លីមស្រាប់។

ដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់លើ ផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម ក្រសួងក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥ចំណុច រួមមាន៖
១. យុទ្ធសាស្ត្រពង្រឹង និងពង្រីកគុណភាព និងអភិវឌ្ឍន៍ទេសចរណ៍មូស្លីម
២. យុទ្ធសាស្ត្រសម្រួលការធ្វើដំណើរដល់ទេសចរណ៍មូស្លីម និងជម្រុញការតភ្ជាប់
៣. យុទ្ធសាស្ត្របង្កើនការផ្សព្វផ្សាយទៅកាន់គោលដៅទេសចរណ៍មូស្លីម
៤. យុទ្ធសាស្ត្រពង្រឹង ពង្រីកសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ
៥. យុទ្ធសាស្ត្របណ្តុះបណ្តាល និងបញ្រ្ជាបការយល់ដឹងដល់ផ្នែកឯកជន និងភាគីពាក់ព័ន្ធ។

សូមបញ្ជាក់ផងដែរថា មុននឹងទទួលបាននូវលទ្ធផលផែនការដ៏ល្អដែលបានដាក់ជូននៅក្នុងអង្គពិធីសិក្ខាសាលានាថ្ងៃនេះ ក្រុមការងារនៃក្រសួងទេសចរណ៍ បានចុះប្រមូលព៌តមាន និងរកធាតុចូលទិន្នន័យមួយចំនួន តាមគោលដៅសំខាន់ៗនៅតាមបណ្តាខេត្តនៃសហគមន៍ឥស្លាមជាច្រើន ដូចជា គោលដៅរាជធានីភ្នំពេញ កំពត ត្បូងឃ្មុំ និងបាត់ដំបង ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្រនិងប្រជាសាស្ត្រ ក៏ដូចជាតម្រូវការចាំបាច់មួយចំនួនរបស់ភ្ញៀវទេសចរមូស្លីម៕

Digiqole Ad

Related post