• May 20, 2024
 ក្រសួងទេសចរណ៍ចាត់ទុកសក្ដានុពលនៃទេសចរមូស្លីមជាទីផ្សារមួយដ៏សំខាន់

ក្រសួងទេសចរណ៍ចាត់ទុកសក្ដានុពលនៃទេសចរមូស្លីមជាទីផ្សារមួយដ៏សំខាន់

Spread the love
Digiqole Ad

ភ្នំពេញ៖ ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍បានចាត់ទុកសក្ដានុពលនៃទេសចរមូស្លីមជាទីផ្សារមួយដ៏សំខាន់សម្រាប់គោលដៅកម្ពុជា។ ប្រសាសន៍របស់ឯកឧត្តម បានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាបណ្តុះបណ្តាលអំពីនិន្នាការ និងតម្រូវការរបស់ទេសចរមូស្លីម ដល់ភាគីពាក់ពន្ធក្នុងវិស័យទេសចរណ៍ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមរដ្ឋមន្ត្រី សុខ សូកេន។

ឯកឧត្ដម បានគូសបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព ស្ថេរភាព និងគោលនយោបាយសុខដុមនីយកម្ម តាំងពីដើមរៀងមក ក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាការបន្តដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងស្វាហាប់របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើអោយកម្ពុជាក្លាយជាប្រទេសដែលមានភាពលេចធ្លោមួយទៅកាន់ពិភពនៃបណ្តាប្រទេសឥស្លាម។

ជាមួយគ្នានេះ ឯកឧត្ដម កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទេសចរណ៍មូស្លីម នៃក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមថា៖ ដោយសារភ្ញៀវមូស្លីម ពួកគាត់មានតម្រូវការមួយចំនួនដូចជា ម្ហូបអាហារហាឡាល់, ការបដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្ម បែបមូស្លីម…ជាដើម ទាមទារឲ្យវិស័យឯកជន ភាគីពាក់ពន្ធក្នុងវិស័យទេសចរណ៍ យល់ដឹងអំពីនិន្នាការ និងតម្រូវការភ្ញៀវមូស្លីម។ ដូច្នេះវគ្គបណ្តុះបណ្តាលនេះសំខាន់ណាស់ គឺមានបំណងចង់ឲ្យវិស័យឯកជន និងភាគីពាក់ពន្ធក្នុងវិស័យទេសចរណ៍ បានយល់ដឹងអំពីតម្រូវការរបស់ភ្ញៀវមូស្លីម ដើម្បីងាយស្រួលឲ្យមូលដ្ឋានអាជីវកម្មរបស់ពួកគាត់ បានរៀបចំទទួល និងបដិសណ្ឋារកិច្ចល្អប្រសើរ ជូនដល់ទេសចរមូស្លីម។

ឯកឧត្ដមប្រធានក្រុមការងារ បានបន្ថែមថា ការទាក់ទាញទេសចរមូស្លីម មិនត្រឹមតែជំរុញកំណើនទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយជំរុញការវិនិយោគ ជាពិសេសការវិនិយោគលើវិស័យហាឡាល់ ដែលកម្ពុជាជាប្រទេសមានសក្តានុពលស្រាប់ទាំងកសិកម្ម និងឧស្សាហកម្ម។ វគ្គបណ្តុះបណ្តាលនេះនឹងបន្តធ្វើនៅតាមបណ្តាគោលដៅខេត្តមួយចំនួនទៀត ដូចជា៖ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ។

គួរជម្រាបផងដែរថា កាលពីពេលកន្លងទៅ ក្រសួងទេសចរណ៍បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៣ ២០២៧ ដើម្បីចូលរួមអភិវឌ្ឍន៍លើកស្ទួយវិស័យទេសចរណ៍មូស្លីមអោយមានការរីកចម្រើន និងក៏ដូចជាចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា៕

Digiqole Ad

Related post