ឯកឧត្តម សុះ មុះសិន តំណាងរដ្ឋសភាកម្ពុជា ថ្លែងសន្ទរកថាក្នុងមហាសន្និបាតសភា នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅ (PABSEC) នៅប្រទេសក្រិក
ទីក្រុងអាតែន៖ ឯកឧត្តម សុះ មុះសិន បានអញ្ជើញថ្លែងសន្ទរកថាក្នុងនាមជាតំណាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមហាសន្និបាតសភានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅ (Parliamentary Assembly of the Black Sea Economic Cooperation – PABSEC) ដែលបានរៀបចំឡើងនៅវិមានរដ្ឋសភា Hellenic Parliament នៃសាធារណរដ្ឋក្រិក នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
មហាសន្និបាតនេះមានការអញ្ជើញចូលរួមពីតំណាងមកពីសភា សមាជិកសភាសង្កេតការណ៍ អង្គការអន្តរសភា និងអង្គការគណបក្សនយោបាយ ដែលជាឱកាសដ៏សំខាន់សម្រាប់សភាកម្ពុជាតភ្ជាប់ទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគត។
គួរឲ្យដឹងថា PABSEC ជាស្ថាប័នអន្តរសភានៃកិច្ចសហប្រតិបត្តិការសមុទ្រខ្មៅ (BSEC) ដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព តាមរយៈកិច្ចសន្ទនាអន្តរសភា។



