អ៊ីស្រាអែលព្រមានបង្កើនការវាយប្រហារ និងបណ្តេញប្រជាជននៅហ្កាហ្សា ជុំវិញការបង្ហោះខ្លែង និងដ្រូន
អ៊ីស្រាអែលបានព្រមានថា ខ្លួននឹងបង្កើនប្រតិបត្តិការវាយប្រហារនៅតំបន់ហ្កាហ្សា និងអាចបញ្ជាឱ្យប្រជាជនជម្លៀសចេញពីតំបន់ដែលមានការបង្ហោះខ្លែង បាឡុង និងដ្រូនឆ្ពោះទៅកាន់អ៊ីស្រាអែល ប្រសិនបើការបង្ហោះទាំងនេះមិនបញ្ឈប់ភ្លាមៗ។ ការព្រមាននេះត្រូវបានចេញដោយការិយាល័យនាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល កាត្ស បន្ទាប់ពីកិច្ចប្រជុំវាយតម្លៃសន្តិសុខ។
កាលពីថ្ងៃទី២៣ ខែសីហា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសពីរលើតំបន់កណ្តាលហ្កាហ្សា ដែលតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់ ក្នុងនោះមានកុមារប្រុសអាយុ៤ឆ្នាំម្នាក់ និង៧នាក់រងរបួស។ អ៊ីស្រាអែលអះអាងថា ការវាយប្រហារនេះជាការឆ្លើយតបទៅនឹងការបង្ហោះដ្រូន បាឡុង និងខ្លែងពីហ្កាហ្សា។
ក្រុមហាម៉ាស់បានបដិសេធការទទួលខុសត្រូវចំពោះការបង្ហោះខ្លែង ហើយភាពតានតឹងនេះកំពុងបង្កើនការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌ និងការរក្សាបទឈប់បាញ់នៅហ្កាហ្សា។





