អារ៉ាប៊ីសាអូឌីតថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់លើប្រទេសបារ៉ែន ខណៈអ៊ីរ៉ង់ថាជាការវាយប្រហារលើមូដ្ឋានទ័ពអាមេរិក
ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់លើប្រទេសបារ៉ែន ដោយបញ្ជាក់ពីការគាំទ្រ និងសាមគ្គីភាពពេញលេញជាមួយរដ្ឋាភិបាល និងប្រជាជនបារ៉ែន។
ជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ពីការគាំទ្រចំពោះវិធានការទាំងឡាយដែលប្រទេសបារ៉ែនចាត់វិធានការដើម្បីការពារសន្តិសុខ ស្ថិរភាព និងអធិបតេយ្យភាពរបស់ខ្លួន។
អ៊ីរ៉ង់បានអះអាងថា ការវាយប្រហារតាមអាកាសនៅក្នុងប្រទេសបារ៉ែន គឺជាប្រតិបត្តិការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកដែលស្ថិតនៅក្នុងប្រទេសនេះ មិនមែនជាការវាយប្រហារលើប្រទេសបារ៉ែនដោយផ្ទាល់នោះទេ។
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា ខ្លួនបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក (ដ្រូន) ចំនួន ៦ គ្រឿង សំដៅវាយប្រហារប្រព័ន្ធរ៉ាដាការពារដែនអាកាសរបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានទ័ពអាកាស Al-Rifaa ក្នុងប្រទេសបារ៉ែន។
តាមការអះអាងរបស់អ៊ីរ៉ង់ ប្រតិបត្តិការនេះធ្វើឡើងជាការឆ្លើយតបទៅនឹងអ្វីដែលទីក្រុងតេអេរ៉ង់ចាត់ទុកថា ជាសកម្មភាពឈ្លានពានរបស់សហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា កងកម្លាំងការពារជាតិបារ៉ែនបានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញការវាយប្រហារតាមអាកាសជាច្រើន មុនពេលទៅដល់គោលដៅ។ ខណៈដែលអាមេរិក និងបារ៉ែនមិនទាន់បញ្ជាក់ជាផ្លូវការថា មូលដ្ឋានរ៉ាដាត្រូវបានរងការខូចខាតឬយ៉ាងណានោះទេ។
ហេតុការណ៍នេះបានកើតឡើងចំពេលដែលភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៅតែបន្តកើនឡើងក្នុងតំបន់ឈូងសមុទ្រ។
ប្រភព៖ Reuters និង Al Jazeera ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។



