• December 10, 2024
 កម្ពុជា ម៉ាឡេស៊ី បានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលក្នុងនោះរួមមានវិស័យឧស្សាហកម្មអាហារហាឡាល់ផងដែរ

កម្ពុជា ម៉ាឡេស៊ី បានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលក្នុងនោះរួមមានវិស័យឧស្សាហកម្មអាហារហាឡាល់ផងដែរ

Spread the love
Digiqole Ad

កម្ពុជា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នាព្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយភាគីទាំងពីរទទួលបាននូវការវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។

សម្តេចធិបតី ហ៊ុនម៉ាណែត បានសម្តែងក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ហើយសម្តេចបានបញ្ជាក់ថា តាមរយៈការធ្វើទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីកាលពីខែមីនា ឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ នឹងរួមចំណែកក្នុងការធ្វើឱ្យទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជា-ម៉ាឡេស៊ី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ក្នុងនោះសម្តេចក៏បានពិភាក្សាក្នុងការពិនិត្យលទ្ធភាពពង្រីកនូវជើងហោះហើរផ្ទាល់ពីម៉ាឡេស៊ីទៅកាន់តំបន់ទេសចរណ៍សំខាន់ៗកម្ពុជា ដូចជាខេត្តសៀមរាបផងដែរ។ ក្នុងក្របខ័ណ្ឌ វិស័យការពារជាតិ និងសន្ដិសុខ កម្ពុជា និងម៉ាឡេស៊ី បានឯកភាពលើការបន្តជំរុញកិច្ចសហប្រតិបត្តិការរួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការធ្វើលំហាត់រួមគ្នា។ ជាពិសេសទៅលើវិស័យសន្តិសុខថាមពល ភាគីទាំងពីរ ក៏បានឯកភាពក្នុងការគាំទ្រការសម្របសម្រួលសម្រាប់គម្រោងខ្សែបញ្ជូនថាមពលក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ដោយឆ្លងកាត់បាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ីដូចគ្នា។

ជាមួយគ្នានោះ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម ក៏បានគូសបញ្ជាក់ថា ពាក់ព័ន្ធការតភ្ជាប់បណ្តាញបញ្ជូនថាមពលអគ្គិសនី ក្រសួង និងស្ថាប័ន ដែលមានចំណាប់អារម្មណ៍នឹងចំណាយការសាងសង់បំពង់ថាមពលបាតសមុទ្រប្រវែង ១,០០០គីឡូម៉ែត្រ ដែលជួយសម្រួលការបញ្ជូនថាមពលកកើតឡើងវិញពីកម្ពុជា និងឡាវ ទៅសិង្ហបុរី។ ហើយពាក់ព័ន្ធការហោះហើរវិញ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម បានបញ្ជាក់ថា បច្ចុប្បន្នមានជើងហោះហើរត្រង់ចំនួន ៤៧ជើង ក្នុងមួយសប្តាហ៍ពីកម្ពុជា ទៅទីក្រុងកូឡាឡាំពួរ និងពីកូឡាឡាំពួរ មកកម្ពុជា ដូចនេះលោកបានយល់ព្រមពិចារណា ពង្រីកការហោះហើរព្រោះវាមានសក្តានុពលដ៏ធំសម្រាប់ប្រទេសទាំងពីរ។

បន្ថែមពីនោះ ឯកឧត្តមក៏បានអះអាងថា ប្រទេសកម្ពុជា និងម៉ាឡេស៊ី គឺមានការវិវឌ្ឍន៍យ៉ាងលឿនហួសការរំពឹងទុកលើកិច្ចចរចាពាក់ព័ន្ធសន្តិសុខស្បៀង ការស្រាវជ្រាវកិច្ចសហប្រតិបត្តិការ ការវិនិយោគ ឧស្សាហកម្មអាហារហាឡាល ថាមពលកកើតឡើងវិញ និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ រួមទាំង EV និង AI។ ដោយលោកបានបញ្ជាក់ថា ស្ថាប័នគយប្រទេសទាំងពីរ នឹងជួយសម្រួលការផ្លាស់ប្តូរទំនិញ ហើយប្រទេសទាំងពីរបានចាប់ផ្តើមពិភាក្សាគំនិតផ្តួចផ្តើមនៃការចុះអនុស្សារណៈរវាងស្ថាប័ន គយនៃប្រទេសទាំងពីររួចហើយ ហើយនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

គួរជម្រាបថា ប្រទេសកម្ពុជា និងម៉ាឡេស៊ី មានសក្ដានុពលខ្ពស់លើការធ្វើពាណិជ្ជកម្ម ប្រេងដូង និងអង្ករនាពេលកន្លងមក ហើយប្រទេសទាំងពីរក៏មានការប្តេជ្ញាចិត្តខ្ពស់ទៅលើការដោះស្រាយបញ្ហាដែលប្រឈមរវាងគ្នា និងស្វែងរកដំណោះស្រាយនានា សម្រាប់ធ្វើឱ្យពាណិជ្ជកម្ម និងទេសចរណ៍ប្រទេសទាំងពីរកាន់តែល្អប្រសើរ ក៏ដូចជាជំរុញឱ្យមានការវិនិយោគកាន់តែច្រើនក្នុងប្រទេសកម្ពុជា និងពីកម្ពុជា ទៅម៉ាឡេស៊ីដូចគ្នា។

Digiqole Ad

Related post