រដ្ឋបាលស្រុកទឹកផុស ប្រកាសឱ្យពលរដ្ឋផ្អាកប្រើទឹកក្នុង «អូរឬស្សី» ដោយសារសង្ស័យមានសារធាតុពុល
កំពង់ឆ្នាំង៖ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលស្រុកទឹកផុស បានប្រកាសឲ្យប្រជាពលរដ្ឋដែលមានទីលំនៅជាប់ជាមួយ «អូរឬស្សី» និងអ្នកប្រើប្រាស់ទឹកអូរនៃភូមិតានៃ ភូមិស្រែរបង ភូមិព្រៃតាំងធ្នង់ និងភូមិបឹងស្ទង នៅក្នុងឃុំជៀប និងភូមិក្រោយវត្ត ភូមិត្រពាំងក្របៅ ក្នុងឃុំខ្លុងពពក ផ្អាកប្រើប្រាស់ទឹកអូរនោះមួយរយៈពេលសិន ដោយសារក្រុមការងារកំពុងយកទឹកទៅពិសោធន៍ ខណៈសង្ស័យមានសារធាតុពុល។
រដ្ឋបាលស្រុកទឹកផុសបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥នេះ គេបានប្រទះឃើញត្រីងាប់ ក្នុងអូរមួយឈ្មោះថា «អូរឬស្សី» មានទីតាំងក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ដើម្បីបញ្ចៀសបានពីការគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលស្រុក សូមពលរដ្ឋផ្អាកប្រើប្រាស់ទឹក និងការពារសត្វចិញ្ចឹមដូចជាគោ ក្របី ជ្រូក មាន់ទា កុំឱ្យចូលក្នុងទឹកអូរនោះមួយរយៈពេលសិន៕





