• November 26, 2025
 នាយករដ្ឋមន្ត្រីថៃ បានប្រកាសដាក់ខេត្តសុងក្លា ក្នុងគ្រាអាសន្ន ខណៈទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក បន្តបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ

នាយករដ្ឋមន្ត្រីថៃ បានប្រកាសដាក់ខេត្តសុងក្លា ក្នុងគ្រាអាសន្ន ខណៈទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក បន្តបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ

Spread the love
Digiqole Ad
នាយករដ្ឋមន្ត្រី លោក អានុទីន ឆានវីរៈគុល បានប្រកាសដាក់ខេត្តសុងក្លា (Songkhla) ក្នុងគ្រាអាសន្ននៅថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥នេះ ខណៈដែលទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក បន្តបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ។
យោងតាមសារព័ត៍មានថៃ The Nation Thailand បញ្ជាក់ថា ការប្រកាសដែលមានសុពលភាពចាប់ពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ ដល់ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៦ ធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា ដែលបង្កឲ្យមានទឹកជំនន់«ដ៏មហន្តរាយ» នៅតាមស្រុកជាច្រើន។ អាជ្ញាធរបានលើកឡើងថា ស្ថានភាពនេះបានរំខានយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋប្រឈមនឹងគ្រោះថ្នាក់ និងបង្កការខូចខាតយ៉ាងធំធេងដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន។
រដ្ឋាភិបាលបានប្រកាសថា វិធានការបន្ទាន់គឺចាំបាច់ដើម្បីធានាសុវត្ថិភាពសាធារណៈ រក្សាសណ្តាប់ធ្នាប់ និងពន្លឿនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងស្តារឡើងវិញ ដោយកត់សម្គាល់ថា នីតិវិធីរដ្ឋបាលធម្មតាមិនគ្រប់គ្រាន់ដើម្បីដោះស្រាយទំហំនៃគ្រោះមហន្តរាយនេះឡើយ។

នៅក្រោមព្រះរាជក្រឹត្យស្តីពីការគ្រប់គ្រងរដ្ឋបាលក្នុងស្ថានភាពគ្រាអាសន្ន គណៈរដ្ឋមន្ត្រីបានអនុម័តបទបញ្ជានេះ និងបានតែងតាំងអគ្គមេបញ្ជាការកងទ័ព ជាមន្ត្រីទទួលបន្ទុកគ្រប់គ្រង និងសម្របសម្រួលប្រតិបត្តិការសង្គ្រោះបន្ទាន់នៅក្នុងខេត្តសុងក្លា។
រដ្ឋាភិបាលថៃ ក៏បានឲ្យដឹងទៀតថា ខ្លួននឹងបន្តផ្តល់អាទិភាពដល់ជំនួយឆាប់រហ័ស ការកាត់បន្ថយការខូចខាត និងការស្តារឡើងវិញរយៈពេលវែង ខណៈដែលស្ថានភាពទឹកជំនន់នៅតែធ្ងន់ធ្ងរនៅឡើយ៕
គួរបញ្ជាក់ថា អាជ្ញាធរទប់ស្កាត់និងបង្ការគ្រោះមហន្តរាយរបស់ថៃ កាលពីថ្ងៃចន្ទនេះ បានរាយការណ៍ថា គ្រោះមហន្តរាយទឹកជំនន់ កំពុងវាយប្រហារខ្លាំងលើខេត្តសរុបចំនួន១០ នៅភាគខាងត្បូងប្រទេស ប៉ះពាល់ដល់ប្រជាជនសរុបជិត២លាននាក់ ហើយកម្ពស់ទឹក កំពុងបន្តកើនឡើងថែមទៀត។
ក្នុងចំណោមខេត្តភាគខាងត្បូងទាំងនោះរបស់ប្រទេសថៃ ខេត្ត Songkhla បានប្រកាសដាក់ខេត្តទាំងមូល ជាតំបន់គ្រោះមហន្តរាយ ដោយអភិបាលខេត្ត បានបញ្ជាឱ្យជម្លៀសពលរដ្ឋទាំងអស់ ចេញទៅរកកន្លែងមានសុវត្ថិភាព បន្ទាប់ពីស្ថានការណ៍ទឹកជំនន់ នៅស្រុក Hat Yai ព្រមទាំងស្រុកមួយចំនួនទៀតនៃខេត្តនេះ ត្រូវបានរាយការណ៍ថា ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត។
Digiqole Ad

Related post