ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អញ្ជើញដោះស្រាយបញ្ហាទំនាស់ដីធ្លី ដែលជាស្រះទឹកសហគមន៍ របស់បងប្អូនខ្មែរឥស្លាម នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមជាមួយក្រុមការងារ បានអញ្ជេីញដោះស្រាយទំនាស់ដីធ្លី ដែលជាស្រះទឹកសហគមន៍ របស់បងប្អូនខ្មែរឥស្លាម ស្ថិតនៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច។ ក្នុងការដោះស្រាយវិវាទដីធ្លីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោក ចាន់ ណា សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាឃុំឈូកស រដ្ឋបាលឃុំឈូក អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
គួរបញ្ជាក់ដែរថា ស្រះទឹកមួយនេះ បានកេីតឡើងដោយការធ្វេីសម្បទានដីផ្ទាល់ខ្លួនរបស់បងប្អូនខ្មែរឥស្លាម ដេីម្បីជីកជាស្រះទឹកសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ តាំងពីយូរណាស់មកហើយ។ លុះក្រោយមកទៀត មានភាគីម្នាក់ ដែលមានដីក្នុងចំណែកស្រះទឹកនោះ បានធ្វើលិខិតជាអំណោយដីជាប់នឹងស្រះទឹកនោះ រួមបញ្ចូលទាំងស្រះទឹកទាំងមូលទៅឱ្យកូនស្រីរបស់គាត់ធ្វើជាកម្មសិទ្ធិតែម្ដង។ ស្របពេលនោះដែរ បងប្អូនដែលមានដីក្នុងស្រះទឹកសហគមន៍ ព្រមទាំងបងប្អូនក្នុងសហគមន៍ភូមិក្រសះថ្មីទាំងមូល កេីតទុក្ខពុំសុខចិត្ត និងបានប្តឹងគ្នាទៅវិញទៅមក។
ក្រោមការសម្របសម្រួលដោះស្រាយវិវាទដីធ្លី ដោយប្រេីយន្តការដោះស្រាយវិវាទ ឈ្នះ ឈ្នះ របស់ ឯកឧត្ដមបណ្ឌិត និងលោកមេធាវី រួមជាមួយបងប្អូនប្រជាពលរដ្ឋ និងភាគីបណ្តឹង បានជជែកពិភាក្សាក្នុងការបរិច្ចាគស្រះទឹកទុកសម្រាប់ប្រេីប្រាស់ក្នុងសហគមន៍ដដែល ក្នុងលក្ខខណ្ឌផ្តល់សំណងឧបត្ថម្ភជាថវិកាមួយចំនួន ដែលជាការចូលរួមចំណែកថវិការបស់ ឯកឧត្ដមបណ្ឌិត និងក្រុមការងារក្នុងមូលដ្ឋាន ដល់ម្ចាស់ស្រះទឹកនោះជាការបញ្ចប់បញ្ហា។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ក៏ស្នើឱ្យមានការបរិច្ចាគដីសម្រាប់បេីកផ្លូវចូលមកស្រះទឹកនោះផងដែរ៕





