ប្រធានរដ្ឋសភាម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ៖ លោកបណ្ឌិត តាន់ស៊ី ដាតូ ហ្សហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី១៦ ខែមករា នេះ បានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភាម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការហើយ តបតាមការ អញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
តាមគម្រោងលោកបណ្ឌិត តាន់ស៊ី ដាតូ ហ្សហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ី មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណា ចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភាម៉ាឡេស៊ីនាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយតម្កល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិជាស្នូល។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល និងគណៈប្រតិភូ មានគម្រោងជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញជួបសម្តែងការគួរសម និងជំនួបចរចាទ្វេភាគីជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ហើយនិងជួបសម្តែងការ គួរសម ពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
Cr:CNC