សហភាពអាហ្រ្វិកសម្តែងនូវការសោកស្តាយ និងអំពាវនាវអោយមេដឹកនាំក្នុងតំបន់បង្កើនកិច្ចសន្ទនា បន្ទាប់ពីប្រទេសជាសមាជិកចំនួន៣ប្រកាសដកខ្លួនចេញ
កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសចំនួន៣រួមមាន៖ ម៉ាលី, ប៊ូគីណាហ្វាសូ, និងនីហ្សេ ដែលជាសមាជិករបស់សហភាពអាហ្វ្រិក បានប្រកាសដកខ្លួនចេញពីសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ដោយនិយាយថា ប្លុកនេះគឺស្ថិតនៅក្រោម “អំណាចបរទេស”។
សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បង្កើតឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧៥ ដើម្បីជួយសម្រួលដល់កិច្ចសហការក្នុងវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងសន្តិសុខ ដើម្បីជំរុញស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់អាហ្វ្រិកខាងលិច។
ជុំវិញការប្រកាសដកខ្លួនរបស់សមាជិក លោក Moussa Faki Mahamat ប្រធានគណៈកម្មការសហភាពអាហ្រ្វិក បានសម្តែងនូវការសោកស្តាយ និងអំពាវនាវឱ្យមេដឹកនាំក្នុងតំបន់ បង្កើនកិច្ចសន្ទនារវាងថ្នាក់ដឹកនាំ ECOWAS និងប្រទេសទាំងបី។
នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារ ដែលត្រូវបានដកស្រង់ផ្សាយដោយសារព័ត៌មាន Anadolu នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក Moussa Faki Mahamat បានគូសបញ្ជាក់ថា គណៈកម្មការសហភាពអាហ្រ្វិកមានឆន្ទៈផ្តល់ជំនួយគ្រប់បែបយ៉ាងនៅក្នុងអំណាចរបស់ខ្លួន សម្រាប់ភាពជោគជ័យនៃការសន្ទនាជាបងប្អូន។
លោក Moussa Faki ក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីឱ្យការរួបរួមដែលមិនអាចជំនួសបាននៃ ECOWAS ត្រូវបានថែរក្សា ហើយសាមគ្គីភាពនៃអាហ្វ្រិកត្រូវបានពង្រឹង។
ទំនាក់ទំនងរវាង ECOWAS និងប្រទេសទាំងបីមានភាពតានតឹងបន្ទាប់ពីប្លុកនេះបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើពួកគេ ក្រោយរដ្ឋប្រហារយោធានៅប្រទេសម៉ាលី ក្នុងឆ្នាំ ២០២០, ប៊ូគីណាហ្វាសូ ក្នុងឆ្នាំ២០២២, និងក្នុងប្រទេសនីហ្សេ កាលពីខែកក្កដាឆ្នាំមុន។
ប៉ុន្តែទោះបីយ៉ាងណា ECOWAS បាននិយាយថាប្រទេសទាំងបីនៅតែជាសមាជិកដ៏សំខាន់នៃសហគមន៍ ហើយប្រទេសនេះនៅតែប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយចរចារចំពោះភាពជាប់គាំងនៃនយោបាយផងដែរ៕