និស្សិតកម្ពុជាចំនួន ៥រូប ធ្វើដំណើរចាកចេញពីប្រទេស ដោយទទួលបានអាហាររូបករណ៍ទៅបន្តការសិក្សាថា្នក់អនុបណ្ឌិត នៅសាកលវិទ្យាល័យក្នុងប្រទេសម៉ាឡេស៊ី តាមរយៈសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT
និស្សិតកម្ពុជាចំនួន ៥រូប ដែលទទួលបានអាហាររូបករណ៍ទៅបន្តការសិក្សាថា្នក់អនុបណ្ឌិត ជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ University Collect MAIWP International (UCMI) នៃប្រទេសម៉ាឡេស៊ី តាមរយៈសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT បានធ្វើដំណើរចាក់ចេញពីប្រទេស នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ តាមអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
នៅក្នុងដំណើរចាកចេញទៅបន្តការសិក្សារបស់និស្សិតទាំង៥រូប នាពេលនេះ ក៏ត្រូវបានផ្តល់ជាកិត្តិយសអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា និងឯកឧត្តមបណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការ ផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា បានមានប្រសាសន៍អោយដឹងថា នេះគឺលើកទី១ហើយ ដែលសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា បានបញ្ជូននិស្សិតអោយទៅសិក្សាបន្តនៅក្រៅប្រទេស កម្រិតថ្នាក់អនុបណ្ឌិត ដោយទទួលបានការឧបត្ថម្ភពីសាកលវិទ្យាល័យដែលជាដៃគូរ។
ឯកឧត្តម បានបន្តថា ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ឯកឧត្តមសន្យានឹងបន្តស្វែងរកសាកលវិទ្យាល័យផ្សេងៗទៀត ដើម្បីសហការអោយនិស្សិតកម្ពុជា ទទួលបានឱកាសបន្តការសិក្សានៅក្រៅប្រទេស ដើម្បីក្លាយជាធនធានអភិវឌ្ឍសង្គមជាតិនាពេលខាងមុខ។
ជាមួយគ្នានេះ បើតាមឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT បានមានប្រសាសន៍ថា អាហារូបករណ៍របស់និស្សិតទាំង៥រូប មានរយៈពេល២ឆ្នាំ ដោយមួយឆ្នាំសិក្សាផ្ទាល់នៅប្រទេសម៉ាឡេស៊ី និងមួយឆ្នាំទៀតសិក្សាតាមរយៈអនឡាញ។
ឯកឧត្តម បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ University Collect MAIWP International (UCMI) ក្នុងប្រទេសម៉ាឡេស៊ី ដែលបានផ្តល់ឱកាសដល់និស្សិតកម្ពុជាចំនួន ៥រូបនេះ បានទៅបន្តការសិក្សានៅទីនោះ។
ដោយឡែក តំណាងនិស្សិតមួយរូបក្នុងចំណោម៥រូប ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសម៉ាឡេស៊ី លោក កទៀត ប៉ាស៊ី បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT ដែលបានផ្តល់ឱកាសអោយពួកគាត់បានទៅបន្តការសិក្សានៅក្រៅប្រទេស និងអញ្ជើញចូលរួមជាកិត្តិយសជូនដំណើរ។
គួរជម្រាបថា នេះគឺជាលើកទី១ហើយ ដែលសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT បានបញ្ជូននិស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសកម្រិតថ្នាក់អនុបណ្ឌិត ខណៈកាលពីពេលកន្លងទៅ សាកលវិទ្យាល័យក៏ធ្លាប់បានបញ្ជូននិស្សិតទៅបន្តការសិក្សានៅក្រៅប្រទេសផងដែរ ក្នុងកម្រិតថា្នក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ៕