ព្រមគ្នាជាមួយនឹងអង្គការសហប្រតិបត្តិការឥស្លាម OIC! មហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តសេចក្តីសម្រេចមួយ ចាត់ទុករាល់អំពើហឹង្សាប្រឆាំងនឹងគម្ពីរគួរអានរបស់សាសនាឥស្លាម ជាការបំពានច្បាប់អន្តរជាតិ
ហ្សឺណែវ៖ មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានអនុម័តសេចក្តីសម្រេចមួយ ដោយចាត់ទុករាល់អំពើហឹង្សាប្រឆាំងនឹងគម្ពីរគួរអានរបស់សាសនាឥស្លាម ជាការបំពានច្បាប់អន្តរជាតិ។
ច្បាប់អន្តរជាតិ ដែលបានចែងអំពី “ការលើកកម្ពស់កិច្ចសន្ទនាអន្តរសាសនា និងអន្តរវប្បធម៌ និងការអត់ឱនក្នុងការប្រឆាំងនឹងការនិយាយស្អប់ខ្ពើម” មានកថាខណ្ឌថា “ជាការប្រមាថយ៉ាងខ្លាំងចំពោះរាល់អំពើហឹង្សាលើមនុស្សដោយផ្អែកលើសាសនា ឬជំនឿរបស់ពួកគេ ក៏ដូចជាទង្វើដែលសំដៅប្រឆាំងនឹងនិមិត្តសញ្ញាសាសនារបស់ពួកគេ គម្ពីរដ៏ពិសិដ្ឋ ផ្ទះ អាជីវកម្ម ទ្រព្យសម្បត្តិ សាលារៀន មជ្ឈមណ្ឌលវប្បធម៌ ឬកន្លែងគោរពប្រណិប័តសាសនា ព្រមទាំងការវាយប្រហារទាំងអស់នៅក្នុងផ្នែកនៃសាសនា រួមទាំងគេហទំព័រផងដែរ”។
ការអនុម័តដោយមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដែលមានសមាជិកចំនួន ១៩៣រូប នាពេលនេះ ធ្វើឡើងបន្ទាប់ពីមានការដុតបំផ្លាញ និងការប្រមាថមើលងាយច្បាប់ចម្លងនៃគម្ពីរគួរអានដ៏ពិសិដ្ឋរបស់សាសនាឥស្លាម ម្តងហើយម្តងទៀត នៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុប រួមទាំងហេតុការណ៍ដុតគម្ពីរគួរអាន កាលពីពេលថ្មីៗកន្លងទៅ នៅមុខវិហារឥស្លាម នៃប្រទេសស៊ុយអែត និងមុខស្ថានទូតអេហ្ស៊ីប និងតួកគី ក្នុងទីក្រុងកូប៉ែនហាហ្គែន (Copenhagen) ប្រទេសដាណឺម៉ាក ក្រោមការអនុញ្ញាតពីប៉ូលីស បង្កអោយមានការខឹងសម្បារនិងថ្កោលទោសជាអន្តរជាតិ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន TRT World នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
ដោយឡែក កាលពីថ្ងៃអង្គារផងដែរ អង្គការសហប្រតិបត្តិការឥស្លាម OIC និងបណ្តាប្រទេសមួយចំនួន រួមមាន៖ អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អ៊ីរ៉ង់ និងអាល់ហ្សេរី បានសម្រេចថ្កោលទោសជាថ្មី ទៅលើប្រទេសដាណឺម៉ាក និងស៊ុយអែត ដែលនៅតែបន្តឱ្យមានការដុតបំផ្លាញគម្ពីរគួរអានរបស់សាសនាឥស្លាម ដែលជាការប្រមាថដ៏ធ្ងន់ធ្ងរដល់អ្នកកាន់សាសនាឥស្លាម នៅទូទាំងពិភពលោក។
មិនត្រឹមតែបានថ្កោលទោសទេ អង្គការសហប្រតិបត្តិការឥស្លាម(OIC) ក៏បានសម្រេចព្យួរឋានៈបេសកជនពិសេស នៃប្រទេសស៊ុយអែត ប្រចាំអង្គការរបស់ខ្លួនផងដែរ ចំពោះការបង្ហាញពីភាពមិនគោរពលើសិទ្ធសេរីភាពរវាងគ្នានិងគ្នា ជាពិសេស រំលោភលើច្បាប់អន្តរជាតិ ដោយបង្កឱ្យមានអំពើហឹង្សា ញុះញង់ឱ្យមានការស្អប់ខ្ពើម និងបង្កើតឱ្យមានការបែកបាក់រវាងសាសនា និងវប្បធម៌ផ្សេងៗនៅលើពិភពលោក៕