អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នឹងពង្រឹងការអនុវត្តច្បាប់ចំពោះទីតាំង ផលិតផល និងសេវាទាំងឡាយណាដែលបានប្រើប្រាស់ស្លាកសញ្ញា និងឡូហ្គូហាឡាលកម្ពុជា ដោយមិនបានស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នឹងពង្រឹងការអនុវត្តច្បាប់ចំពោះទីតាំង ផលិតផល និងសេវាទាំងឡាយណាដែលបានប្រើប្រាស់ស្លាកសញ្ញា និងឡូហ្គូហាឡាលកម្ពុជា ដោយមិនបានស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ចេញថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។
យោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ការប្រកាសពង្រឹង និងអនុវត្តច្បាប់នេះ បន្ទាប់ពីបានសង្កេតឃើញថាអំឡុងពេលថ្មីៗនេះ មានការប្រើប្រាស់ស្លាកសញ្ញាហាឡាល និងឡូហ្គូហាឡាលកម្ពុជា នៅលើស្លាកយីហោភោជនីយដ្ឋាន អាហារដ្ឋាន និងនៅលើសម្បកវិចខ្ចប់នៃផលិតផលម្ហូបអាហារជាច្រើនទីតាំង ដោយមិនបានស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា។
សូមបញ្ជាក់ថា ការស្នើសុំប្រើប្រាស់ស្លាកសញ្ញា និងឡូហ្គូហាឡាលកម្ពុជា ជាគោលការណ៍ស្ម័គ្រចិត្ត ដែលម្ចាស់អាជីវកម្មមានសិទ្ធិក្នុងការជ្រើសរើសប្រើប្រាស់ ឬមិនប្រើប្រាស់ ពោលគឺប្រើសិនបើប្រើប្រាស់ស្លាកសញ្ញាហាឡាល និងឡូហ្គូហាឡាលណាមួយដែលមិនបានស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា ក៏ដូចជាទទួលបានការត្រួតពិនិត្យនិងវាយតម្លៃក្នុងការប្រើប្រាស់នោះ ជាអំពើល្មើសដែលស្ថិតនៅក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងកិច្ចការហាឡាល ខណៈ ក.ប.ប. ត្រូវបានប្រគល់សិទ្ធិដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារផលប្រយោជន៍អ្នកប្រើប្រាស់និងប្រកួតប្រជែងដោយសុចរិត ជាពិសេសចំពោះបងប្អូនមូស្លីម ក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក៏បានអំពាវនាវអោយម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន ក្រុមហ៊ុនសហគ្រាស និងសិប្បកម្ម ដែលមានបំណងប្រើប្រាស់ស្លាកសញ្ញាហាឡាលអោយបានត្រឹមត្រូវ តាមលិខិតបទដ្ឋានគតិយុត្ត ត្រូវទៅដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា នៅនាយកដ្ឋានកិច្ចការហាឡាល នៃអគ្គនាយកដ្ឋាន ក.ប.ប.។