រឿងរ៉ាវជីវិត និងបញ្ហាសុខភាព របស់អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហម ៥០០នាក់ នឹងត្រូវបានផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សាយព័ត៌មាន
ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជារៀបចំកម្មវិធីសម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៥០០នាក់ ដើម្បីផ្តល់ឱកាសឲ្យអ្នកទាំងអស់នេះ បាននិយាយរៀបរាប់អំពីរឿងរ៉ាវជីវិតពិត និងបញ្ហាសុខភាពរបស់ខ្លួន តាមរយៈប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈ។
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជាមានការជួបប្រជុំជាមួយស្ថាប័នឯកជន, អ្នកសិក្សាស្រាវជ្រាវ អ្នកជំនាញ ចំនួន១៥រូប ដើម្បីរៀបចំការផ្សព្វផ្សាយអំពីបទពិសោធន៍ជីវិតពិត និងបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការផ្សព្វផ្សាយនេះមានការចូលរួមពីក្រុមតូរ្យតន្រ្តី, ស្ថាបត្យករ, សិល្បករ-សិល្បការិនី, អ្នកផលិតវីដេអូ, អ្នកស្ម័គ្រចិត្ត, បណ្តាញទូរទស្សន៍ឯកជន, អ្នកស្រាវជ្រាវ, សារព័ត៌មាន, អង្គការមជ្ឈមណ្ឌលព័ត៌មាន, មន្ទីរសម្រាកព្យាបាលឯកជន និងសហគមន៍ចាម ដែលក្រុមនីមួយៗមានយន្តការខុសៗគ្នាក្នុងការផ្សព្វផ្សាយ ទៅកាន់សាធារណជនអំពីរឿងជីវិតពិត និងបញ្ហាសុខភាពរបស់អ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម។