ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នឹងធ្វើទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការបង្ហូរឈាម នៅក្នុងតំបន់ហ្គាហ្សា
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នឹងធ្វើទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសអេហ្ស៊ីប នៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការបង្ហូរឈាម នៅក្នុងតំបន់ហ្គាហ្សា។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតួកគី ទៅកាន់ប្រទេសអេហ្ស៊ីបនាពេលនេះ គឺជាទស្សនកិច្ចលើកដំបូងរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១២ ដើម្បីជួបជាមួយសមភាគីអេហ្ស៊ីប លោក Abdel Fattah El-Sisi ដែលទើបតែបានចាប់ដៃគ្នាឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅកាតា។
លោកប្រធានាធិបតី Erdogan បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសទាំងពីរនឹងពិភាក្សាអំពីរាល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការបង្ហូរឈាមនៅក្នុងតំបន់ហ្គាហ្សា។ ក្រៅពីនោះ ប្រទេសទាំងពីរក៏នឹងពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ថាមពល និងវិស័យការពារជាតិផងដែរ។
លោកប្រធានាធិបតី Erdogan គឺជាអ្នករិះគន់អ៊ីស្រាអែលយ៉ាងខ្លាំងក្លាបំផុតសម្រាប់ការទម្លាក់គ្រាប់បែក និងការវាយលុកក្នុងទឹកដីប៉ាឡេស្ទីន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨,៤៧៣ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។
ការវាយលុករបស់អ៊ីស្រាអែលក្នុងទឹកដីប៉ាឡេស្ទីន ត្រូវបាននាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា ជាការសងសឹក ក្រោយការវាយប្រហារនៅថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស់ទៅលើអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សប្រហែល ១,១៦០ នាក់ បានស្លាប់ដែលភាគច្រើនជាជនស៊ីវិល។
បច្ចុប្បន្នអេហ្ស៊ីប និងកាតា គឺជាប្រទេសដែលកំពុងសម្រុះសម្រួលកិច្ចព្រមព្រៀងដ៏មានសក្តានុពល រវាងភាគីជម្លោះ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក៕