ប្រជាពលរដ្ឋខ្មែរឥស្លាមសរុបចំនួន ៩០០គ្រួសារ មកពីរាជធានីខេត្តចំនួន៣ រួមនឹងនិស្សិតដែលកំពុងបន្តការសិក្សាមហាវិទ្យាល័យ ទទួលបានកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនពីសប្បុរសជនតួកគី នៅប្រទេសហូឡង់ តាមរយៈអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា
ភ្នំពេញ៖ អំឡុងខែរ៉ម៉ាឌន ដែលជាខែដ៏ពិសិដ្ឋនៅក្នុងសាសនាឥស្លាម បងប្អូនមូស្លីមតែងតែបង្កើនការធ្វើនូវទង្វើកុសល្យផ្សេងៗ គេសង្កេតឃើញអង្គការសមាគម និងសប្បុរសជនជាច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក បានបង្កើនសកម្មភាពមនុស្សធម៌របស់ខ្លួន តាមរយៈការផ្តល់ជំនួយជាកញ្ចប់អាហារស្រាយបួស និងរៀបចំអាហាស្រាយបួសនៅតាមវិហារ ឬស៊ូរ៉ាវផ្សេងៗ។
ជាក់ស្តែង ប្រជាពលរដ្ឋខ្មែរឥស្លាមសរុបចំនួន ៩០០គ្រួសារ មកពីរាជធានីខេត្តចំនួន៣ ក្នុងនោះ៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង រួមនឹងនិស្សិតដែលកំពុងបន្តការសិក្សាមហាវិទ្យាល័យ ទទួលបានកញ្ចប់អាហារស្រាយបួសរ៉ម៉ាឌនពីសប្បុរសជនតួកគី នៅប្រទេសហូឡង់ តាមរយៈអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា។
នាឱកាសអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីចែកកញ្ចប់អាហារស្រាយបួស ជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន ២៥០គ្រួសារ នៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា បានមានប្រសាសន៍អោយដឹងថា ការផ្តល់ជូនជាកញ្ចប់អាហារទាំងនេះ គឺដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង និងនិស្សិតដែលកំពុងបន្តការសិក្សាមហាវិទ្យាល័យ នៅក្នុងខែបួសរ៉ម៉ាឌន។
ឯកឧត្តមបានបន្តថា ជំនួយទាំងនេះទទួលបានពីសប្បុរសជនហូឡង់ និងតួរគី តាមរយៈ អង្គការជំនួយមនុស្សធម៌អន្តរជាតិ IHHNL ដែលជាអង្គការដៃគូរ។ ឯកឧត្តម បានថ្លែងអំណរគុណដល់សប្បុរសជនហូឡង់ និងតួរគីទាំងអស់ ដែលតែងតែផ្តល់ជំនួយជួយដល់ប្រជាជនកម្ពុជាជាបន្តបន្ទាប់។
ក្រៅពីការផ្តល់ជំនួយជាកញ្ចប់អាហារ អង្គការជំនួយមនុស្សធម៌អន្តរជាតិ IHHNL ក៏បានផ្តល់ជាថវិកាដើម្បីរៀបចំអាហារស្រាយបួសរួមគ្នានៅតាមវិហារឥស្លាម ចំនួន៣១៥នាក់ និងបានចែកជូនសម្លៀកបំពាក់ដល់កុមារកំព្រានៅរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង សរុបចំនួន ១០០នាក់ផងដែរ។
គួរជម្រាបដែរថា ជារៀងរាល់ឆ្នាំ អង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជា ដែលមានឯកឧត្តម បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ជាប្រធាន តែងតែទទួលបានជំនួយជាកញ្ចប់អាហារស្រាយបួសពីសប្បុរសជនមូស្លីមនៅក្រៅប្រទេស តាមរយៈអង្គការដែលជាដៃគូរ។ ហើយនៅឆ្នាំ២០២៤នេះ អង្គការសម្ព័ន្ធបញ្ញវន្តមូស្លីមកម្ពុជាក៏ទទួលបានសរុប ១០៣០កញ្ចប់ផងដែរ ដើម្បីចែកជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា៕