ថ្នាក់ដឹកនាំខេត្តនៃខេត្តត្បូងឃ្មុំ បានចូលរួមពិសារអាហារស្រាយបួសរ៉ម៉ាឌនរួមគ្នា ជាមួយសាសនិកឥស្លាម នៅឃុំប៉ើស១ ស្រុកក្រូចឆ្មារ ដែលរៀបចំដោយអង្គការសម្ព័នបញ្ញវន្តមូស្លីមកម្ពុជា CMIA
ត្បូងឃ្មុំ៖ ថ្នាក់ដឹកនាំខេត្តនៃខេត្តត្បូងឃ្មុំ បានចូលរួមពិសារអាហារស្រាយបួសរ៉ម៉ាឌនរួមគ្នា ជាមួយសាសនិកឥស្លាម នៅឃុំប៉ើស១ ស្រុកក្រូចឆ្មារ ដែលរៀបចំដោយអង្គការសម្ព័នបញ្ញវន្តមូស្លីមកម្ពុជា CMIA សហការជាមួយអង្គការ Nouvelle Optique ប្រទេសបារាំង ដើម្បីរឹតចំណងសាមគ្គីភាព និងការយកចិត្តទុកដាក់រវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ពិធីនេះបានរៀបចំធ្វើឡើងដោយ អង្គការសម្ព័នបញ្ញវន្តមូស្លីមកម្ពុជា CMIA សហការជាមួយអង្គការ Nouvelle Optique ប្រទេសបារាំង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅបរិវេណវិហារឥស្លាម ក្នុងឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមវត្តមានកិត្តិយសពីសំណាក់ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំប៉ើស១, និងមានការចូលរួមពីសំណាក់ ឯកឧត្តម បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានអង្គការសម្ព័នបញ្ញវន្តមូស្លីមកម្ពុជា CMIA តំណាងអោយម្ចាស់ជំនួយ ព្រមទាំងមានការចូលរួមផងដែរពីសំណាក់ លោកអភិបាលស្រុក អភិបាលរង លោកមេឃុំ ហាកឹម តួន និងបងប្អូនប្រជាពលរដ្ឋនៃឃុំប៉ើស១ ចំនួន៦០០នាក់។
ក្នុងឱកាសមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានអង្គការសម្ព័នបញ្ញវន្តមូស្លីមកម្ពុជា CMIA បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះវត្តមានកិត្តិយសរបស់ឯកឧត្តមអភិបាលរងខេត្ត ដែលជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ឯកឧត្តម បានលើកឡើងអំពីកាតព្វកិច្ចបួសក្នុងខែរ៉ម៉ាឌន របស់សាសនិកឥស្លាម និងបានជម្រុញអោយមូស្លីមទាំងអស់ត្រូវខិតខំបង្កើននូវទង្វើកុសលផ្សេងៗនៅក្នុងខែរ៉ម៉ាឌន ដែលនឹងទទួលបានផលបុណ្យតបស្នងដ៏ធំធេងពីអល់ឡោះ ជាពិសេស នៅ១០យប់ចុងក្រោយនៃខែរ៉ម៉ាឌននេះ ដែលត្រូវបង្កើនទង្វើកុសលទ្វេរដងថែមទៀត។
ដោយឡែក ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំប៉ើស១ បានមានប្រសាសន៍ថា ការរួបរួមសាមគ្គីគ្នាគឺជាកត្តាមួយដែលចាំបាច់បំផុត ដើម្បីអោយសង្គមជាតិមានការអភិវឌ្ឍន៍ និងរីកចម្រើន។
ឯកឧត្តម បានបន្តថា ក្រោមនយោបាយសុខដុមនីយកម្មសាសនារបស់រាជរដ្ឋាភិបាល ដែលបច្ចុប្បន្នក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នាក្នុងការទទួលបាន ដោយមិនមានការប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយណាមួយនោះឡើយ ជាពិសេស ប្រជាពលរដ្ឋទទួលបានសិទ្ធគ្រប់គ្រាន់ក្នុងការអនុវត្តជំនឿរៀងៗខ្លួន។
ក្នុងនាមប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំប៉ើស១ ឯកឧត្តម បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអង្គការ CMIA ដែលបានស្វះស្វែងរៀបចំអោយមានការជួបជុំពិសារអាហារស្រាយបួសរួមគ្នា ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំប៉ើស១នាពេលនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានចែកល្មើដែលជាការចូលរួមឧបត្ថម្ភពីសប្បុរសជន ជូនទៅដល់ថ្នាក់ដឹកនាំជាច្រើនរូបដែលបានចូលរួមក្នុងពិធីផងដែរ៕