• October 14, 2024
 ឯកឧត្តម ហ៊ុន ម៉ានី៖ តាំងពីដើមរៀងមកសាសនាឥស្លាមបានចូលរួមចំណែកជាមួយសាសនាដទៃទៀត ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជា ជាពិសេសការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមគ្រប់ៗរូប

ឯកឧត្តម ហ៊ុន ម៉ានី៖ តាំងពីដើមរៀងមកសាសនាឥស្លាមបានចូលរួមចំណែកជាមួយសាសនាដទៃទៀត ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជា ជាពិសេសការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមគ្រប់ៗរូប

Spread the love
Digiqole Ad

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា តាំងពីដើមរៀងមកសាសនាឥស្លាមបានចូលរួមចំណែកជាមួយសាសនាដទៃទៀត ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ ជាពិសេស ការលើកកម្ពស់ការអប់រំចរិយាធម៌ និងសីលធម៌ដល់ប្រជាពលរដ្ឋដែលជាសាសនិកឥស្លាមគ្រប់ៗរូប។ តាមរយៈការអប់រំទូន្មានទាំងអស់នេះ សាសនាឥស្លាមក៏បានចូលរួមចំណែកក្នុងការធានានូវភាពសុខសាន្ត ភាពសុខដុមនៃសង្គមការពារ អភិរក្ស វប្បធម៌ ប្រពៃណី និងបុព្វហេតុសង្គមជាតិជារួមផងដែរ។

ប្រសាសន៍របស់ឯកឧត្តម ធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីពិធីសម្ពោធ វិហារឥស្លាមអាល់អឹកពើរជ្រៃអណ្តែត នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ក្នុងន័យនេះ និងជាបន្តបន្ទាប់ ការពង្រឹងតួនាទីភារកិច្ចរបស់គណៈអ៊ីម៉ាំ ហាកឹម តួន និងម៉ាស្ជិត ស៊ូរ៉ាវ ព្រមទាំងសាលាបង្រៀនសាសនា ពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍សម្រាប់ការប្រតិបត្តិជំនឿសាសនា និងការរួមចំណែកចូលរួមអភិវឌ្ឍសហគមន៍ឥស្លាម និងសង្គមជាតិ។ ដូច្នេះហើយទើបថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាលតែងតែបង្កបរិយាកាសល្អ និងយកចិត្តទុកដាក់លើកកម្ពស់វិស័យសាសនាឥស្លាមតាមរយៈការចូលរួមអភិវឌ្ឍន៍ និងជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនសម្រាប់បម្រើសាសនាឥស្លាមជាបន្តបន្ទាប់។

ឯកឧត្តម បានគូសបញ្ជាក់ថា សមិទ្ធផលដែលយើងទាំងអស់គ្នាមើលឃើញនាពេលបច្ចុប្បន្ន មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសន្តិភាព និងស្ថិរភាពនយោបាយដូចពេលនេះ ដែលធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកសាសនាចក្រ និងអាណាចក្រ។ កត្តាសន្តិភាព និងស្ថិរភាពនយោបាយនេះហើយ ដែលបានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នាបានជួបជុំធ្វើបុណ្យរួមគ្នា និងប្រមូលបច្ច័យពីគ្រប់ទិសទីមកកសាងសមិទ្ធផលនានាជាច្រើនឱ្យចេញជារូបរាងសម្រាប់បម្រើឱ្យឥស្លាមសាសនា ដូចពេលនេះ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសប្បុរសជនទាំងក្នុង និងក្រៅប្រទេស រួមនឹងបងប្អូនទាំងអស់ ដែលតែងតែគាំទ្រទាំងសម្ភារៈ ថវិកា និងស្មារតី ចូលរួមកសាងសមិទ្ធផលនានាជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះសម្រាប់បម្រើអោយវិស័យឥស្លាមសាសនានៅកម្ពុជា។

ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឯកឧត្តម ហ៊ុន ម៉ានី សូមចូលរួមអបអរសាទរជាថ្មីជាមួយសហគមន៍ឥស្លាមនៅទូទាំងប្រទេស និងគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចំពោះសមិទ្ធផលថ្មីៗនានាជាបន្តបន្ទាប់ រួមទាំងវិហារឥស្លាមអាល់អឹកពើរជ្រៃអណ្តែត ដ៏ថ្មីសន្លាងនាថ្ងៃនេះ ដែលជាចំណែកមួយក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍសហគមន៍អោយកាន់តែរីកចម្រើនបន្ថែមទៀតក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍ។

គួរជម្រាបថា វិហារឥស្លាម អាល់អឹកពើរជ្រៃអណ្តែត ដែលរៀបចំសម្ពោធដាក់អោយប្រើប្រាស់នេះ បានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ មានទទឹង ១៨ម៉ែត្រ បណ្តោយ ២៨ម៉ែត្រ លើផ្ទៃដីទំហំ ៩,៣១២ ម៉ែត្រការ៉េ និងបានកសាងរួចរាល់ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានចំណាយថវិកាសរុប ៣២១,៣៨០ ដុល្លារ៕

Digiqole Ad

Related post