• July 25, 2024
 សាលី អ៊ូមើ​ត ចំណាយ​លុយ​ផ្ទាល់​ខ្លួន ​១ លាន​ដុល្លារ ​សាងសង់​ទីលានម៉ូតូ​ទឹក ដើម្បី​​បណ្តុះ​​​អ្នក​បន្ត​​វេននៅ​កម្ពុជា

សាលី អ៊ូមើ​ត ចំណាយ​លុយ​ផ្ទាល់​ខ្លួន ​១ លាន​ដុល្លារ ​សាងសង់​ទីលានម៉ូតូ​ទឹក ដើម្បី​​បណ្តុះ​​​អ្នក​បន្ត​​វេននៅ​កម្ពុជា

Spread the love
Digiqole Ad

ក្រចេះៈ វីរកីឡាករ​ម៉ូតូទឹក​របស់​កម្ពុជា សាលី អ៊ូមើត បាន​និង​កំពុង​សាង​សង់​ទី​លាន​ហ្វឹក​ហាត់ម៉ូតូ​ទឹក​​មួយ​កន្លែង ស្ថិត​នៅ​ភូ​មិ​គ្រញូងសែន​ជ័យ ឃុំគ្រញូងសែនជ័យ ស្រុក​ស្នូល ខេត្តក្រចេះ ដើម្បី​ជា​​កន្លែង​ហ្វឹក​ហាត់​ដល់​​​ក្រុម​​ជម្រើសជាតិផង ជាពិសេសជា​កន្លែងដែល​រូបគេត្រូវ​បង្វឹកហាត់​ និង​​បណ្តុះ​បណ្តាល​អ្នក​បន្ត​វេនជំនាន់​ក្រោយដោយ​ផ្ទាល់ ដើម្បី​ពង្រីក​​វិសាល​ភាព​​វិស័យ​កីឡា​ម៉ូតូទឹក​នៅ​កម្ពុជា ឱ្យកាន់តែ​ខ្លាំង និងកាន់​តែល្បី។

សម្រាប់ការ​រៀបចំ​សាង​សង់ទីលាន​ម៉ូតូ​ទឹក នៅលើ​ផ្ទៃដី​​មាន​ទំហំ​ជាង​​ ១០ ​ហិកតា នៅ​ខេត្ត​ក្រចេះ​នេះ ម្ចាស់​មេដាយ​មាស​កីឡាអាស៊ី និង​កីឡាស៊ីហ្គេម សាលី អ៊ូមើត បាន​​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ដែលសន្សំបានពី​ប្រាក់​រង្វាន់ ក្នុងការ​ប្រកួតនៅលើ​ឆាក​អន្តរជាតិ​កន្លង​មក ដោយ​គម្រោង​​នេះ ​រូបគេត្រូវចំណាយ​សរុប​ប្រមាណ​ ១ ​លាន​ដុល្លារ​ អាមេរិក ប៉ុន្តែ សាលី អ៊ូមើត គ្មានការ​រួញ​រា​នោះ​ទេ ដោយសារ​រូបគេ​ចង់​ផ្តល់​ឱកាសឱ្យ​យុវជនកម្ពុជា បានចូល​ហាត់​កីឡា​ម៉ូតូ​ទឹក​ ដើម្បី​បន្ត​វេន ដោយ​មិន​យក​ប្រាក់​កម្រៃ​។

តាម​រយៈ​ក្រុម​ប្រឹក្សា​កីឡាក្រសួងមហាផ្ទៃ សាលី អ៊ូមើត បាន​និយាយ​ថា៖​ «ខ្ញុំកំពុង​រៀប​គម្រោង​ជីក​​ដី​សាងសង់ទី​លាន​ហ្វឹកហាត់ម៉ូតូ​ទឹក ដោយ​សារ​តែ​កីឡាករ​ជម្រើសជាតិ​របស់​យើង​ហ្វឹកហាត់ នៅក្រៅ​ប្រទេស មិនទាន់​មាន​ទីលាន​ហ្វឹកហាត់ច្បាស់លាស់​ទេ ហេតុនេះ​ខ្ញុំ​បានស្នើ​ទៅ​ខាងស្ពនស័រ​របស់​ខ្ញុំ នៅ​ក្លិប​ប្រទេស​ថៃ ឱ្យ​គាត់​ជួយ​ជា​គ្រឿងចក្រ​យកមក​ជីកដី ដែល​ខ្ញុំ​បាន​ទិញ​​ជាង​ ១០ ហិកតា ដើម្បី​សាង​សង់​ជាទី​លាន និង​បង្កើត​ក្លិប​ សម្រាប់​​បង្វឹក​ថ្នាល ក៏​ដូចជា​យុវជន​ជំនាន់​ក្រោយ ដែល​គាត់​មាន​ចិត្តស្រឡាញ់​លើ​វិស័យ​កីឡា​ម៉ូតូ​ទឹក​នេះ»។

ចំពោះដី​ជាង​ ១០ ហិក​តា ស្ថិត​នៅ​ភូ​មិគ្រញូងសែន​ជ័យ ឃុំ​គ្រញូង​សែនជ័យ ស្រុក​ស្នូល ខេត្តក្រចេះ​នេះ សាលី អ៊ូមើត បាន​ទម្លាយ​ថា រូបគេ​បាន​យកប្រាក់​រង្វាន់បានពី​ការ​​ប្រកួត​កីឡា​អាស៊ី ឆ្នាំ​២០១៨ នៅប្រទេសឥណ្ឌូនេស៊ី​ មក​ទិញ ដោយ​ព្រឹត្តិការណ៍​នោះ អ៊ូមើត បានឈ្នះ​មេ​ដាយ​មាស​១ និង​សំរឹទ្ធ​១ ឱ្យកម្ពុជា ជា​ប្រវត្តិសាស្រ្ត​លើក​ដំបូង។

ដោយ​ឡែក សម្រាប់​​ការ​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ជា​លើកដំបូង កាលពី​ខែឧសភា កន្លង​មកនេះ សាលី អ៊ូមើត បាន​ឈ្នះ​មេដាយមាស​១ និងសំរឹទ្ធ​​១ ជូន​​កម្ពុជា ហើយ​សមិទ្ធផល​នេះបាន​ធ្វើឱ្យ អ៊ូមើត កាន់តែ​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង ​បន្ថែម​ទៅ​លើ​ការ​ឈ្នះ​បានមេដាយ​មាស ប្រាក់ និងសំរឹទ្ធ រួមទាំង​ពាន​ជា​ច្រើន​ទៀត ដែល​រូបគេ​ដណ្តើមបានពីការ​ប្រកួត​កម្រិត​ពិភព​លោក អាស៊ី និង​កម្រិត​អាស៊ាន កន្លង​មក ហើយ​ពេលនេះ អ៊ូមើត ចង់​ផ្ទេរចំណេះ​ដឹង និងបច្ចេក​ទេស​ដ៏​ល្អ​របស់​គេ​ ទៅ​ដល់​​អ្នក​បន្ត​វេនជំនាន់​ក្រោយ។

 

សាលី អ៊ូមើត បានបញ្ជាក់​ថា៖ «បើ​គាត់​ចង់មក​ចូល​រួម​ហ្វឹក​ហាត់ ខ្ញុំ​មិនគិត​លុយ​ពី​គាត់​ទេ គឺ​ខ្ញុំ​បញ្ចេញ​​ស្នាដៃ​របស់​ខ្ញុំ អ៊ីចឹង​រាល់​បច្ចេក​ទេស ដែល​ខ្ញុំ​មាន ខ្ញុំ​នឹង​បង្ហាត់​ដល់​ពួក​គាត់ សម្រាប់​​ឱ្យគាត់​យក​បច្ចេក​ទេស​របស់​ខ្ញុំ ទៅប្រកួត​នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ឱ្យ​អន្តរជាតិ​មើល​ឃើញ​ថា ខ្ញុំខ្លាំង អ្នក​ដែល​បន្ត​វេន​ពី​ខ្ញុំ​ក៏​ខ្លាំងដូចគ្នា។ អ៊ីចឹង​​អ្វី​ដែល​ខ្ញុំ​ធ្វើនេះ ខ្ញុំបានចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ដោយ​មិនបាន​​ស្នើសុំ​ថវិកាពី​ណាមក​​ទេ គឺ​មាន​តែ​ម្ចាស់​ក្លិប Flamingo ជនជាតិ​អាល្លឺម៉ង់ ដែល​គាត់​តែងតែ​នៅ​ពី​ក្រោយខ្ញុំ និង​ជំរុញដល់​ខ្ញុំ»។​

ការ​សម្រេចចំណាយ​ថវិកា​ផ្ទាល់​ខ្លួនចូល​១លាន​ដុល្លារ ដើម្បី​សាង​សង់​ទីលាន​ហ្វឹកហាត់​ម៉ូតូទឹក​នេះ សាលី អ៊ូមើត បាន​ទម្លាយ​ថា ដោយសារ​តែ​រូបគេមិនពេញ​ចិត្ត​នឹង​​​ប្រជា​ជន​ថៃ​មួយចំនួន ដែល​បាន​និយាយ​បែប​ដៀម​ដាម ក្នុងពេល​រូប​គេ និង​ក្រុមជម្រើសជាតិ​ម៉ូតូ​កម្ពុជា បាន​ហ្វឹក​ហាត់ នៅលើ​ទឹក​ដី​ថៃ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មកនេះ ហើយ​ជាមួយ​គ្នានេះ អ៊ូមើត បានដាក់​គោលដៅ​សាងសង់ទី​លាននេះ ឱ្យ​រួចរាល់ មុនការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ ខណៈ​ពេលនេះ ការ​សាងសង់ ដំណើរ​ការ​បាន​៣០​ភាគ​រយ​ហើយ នៅ​សល់​៧០ភាគ​រយ​ទៀត។

វីរកីឡាករម៉ូតូទឹក​របស់​កម្ពុជា​រូប​នេះ បាន​សង្កត់​ធ្ងន់ថា៖ «យើង​ជា​ខ្មែរ នៅពេល​គេ​និយាយ​​ដៀមដាម​មកលើពួក​​យើង គឺ​មាន​កូន​ចិត្តមួយ​ថា ខឹង ប៉ុន្តែ​យើង​បានទប់​អារម្មណ៍ ដោយសារ​សម្តេចតេជោ មានប្រសាសន៍​ថា ធ្វើជា​អ្នក​កីឡា យើង​ត្រូវមាន​ចិត្តអត់​ធ្មត់ កុំ​ប្រើ​អំពើ​ហិង្សា កុំ​ប្រើ​ចិត្តក្តៅ នាំ​​​ឱ្យ​​ខូច​ការ​ធំ។ អ៊ីចឹង​កន្លែង​នេះហើយ ទើប​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ចិត្តសាងសង់​ទី​លាន​ហ្វឹកហាត់នេះ ដោយ​ត្រូវ​ចំណាយ​​ទាំង​អស់​ប្រមាណ​១លាន​ដុល្លារ»។

សាលី អ៊ូមើត បានបន្ថែម​ថា៖ «នៅពេល​ខ្ញុំ​អភិវឌ្ឍ​ទី​លាននេះ​រួច​រាល់​ហើយ ​ខ្ញុំ​នឹង​បណ្តុះបណ្តា​ល​ក្មេងជំនាន់​ក្រោយ ឱ្យ​ចេញ​ទៅ​ដណ្តើម​មេដាយ​គ្រប់​ប្រទេស និង​គ្រប់ព្រឹត្តិការណ៍ ដែល​គេ​មាន ហើយ​ខ្ញុំ​ជឿ​ជាក់​​ទៅ​លើ​អ្វីដែល​ខ្ញុំ​មាន ដែល​ខ្ញុំ​បាន​បង្ហាញ​ឱ្យ​ពុក​ម៉ែបងប្អូន​ឃើញ​រួច​ហើយ​ថា ​ខ្ញុំ​ជា​កីឡាករ​ខ្លាំង​លំដាប់​ណា។ ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់​ប្រទេសខ្មែរ ព្រោះ​ខ្ញុំជាកូន​ខ្មែរ អ៊ីចឹង​​បើ​ខ្ញុំ​មាន​ពូជ​សាសន៍​ជា​ខ្មែរ ​ខ្ញុំត្រូវតែ​ជួយប្រទេស​ខ្មែរ គឺ​ខ្ញុំ​មិនអាច​ទៅ​ជួយ​ប្រទេស​ផ្សេង​បានទេ! បើ​ខ្ញុំ​ជួយ​ប្រទេស​ផ្សេង ខ្ញុំសុខចិត្ត​ឈប់​​ប្រកួត​ល្អ​ជាង»៕

Cr: PhnomPenh Post

Digiqole Ad

Related post