• December 10, 2024
 សហភាពឥស្លាមមកពីហុងកុង សហការជាមួយសមាគមសម្ព័ន្ធនារីឥស្លាមកម្ពុជា រួមនឹងសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា បានរៀបចំសិក្ខាសាលាអន្តរជាតិស្តីអំពីគន្លឹះនៃការផ្សព្វផ្សាយ ក្រោមប្រធានបទ “ក្តីមេត្តាទៅកាន់ពិភពលោក”

សហភាពឥស្លាមមកពីហុងកុង សហការជាមួយសមាគមសម្ព័ន្ធនារីឥស្លាមកម្ពុជា រួមនឹងសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា បានរៀបចំសិក្ខាសាលាអន្តរជាតិស្តីអំពីគន្លឹះនៃការផ្សព្វផ្សាយ ក្រោមប្រធានបទ “ក្តីមេត្តាទៅកាន់ពិភពលោក”

Spread the love
Digiqole Ad

សហភាពឥស្លាមមកពីហុងកុង សហការជាមួយសមាគមសម្ព័ន្ធនារីឥស្លាមកម្ពុជា រួមនឹងសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅអគារសិក្សារបស់សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា បានរៀបចំសិក្ខាសាលាអន្តរជាតិ រយៈពេល ១ថ្ងៃពេញ ស្តីអំពីគន្លឹះនៃការផ្សព្វផ្សាយ ក្រោមប្រធានបទ “ក្តីមេត្តាទៅកាន់ពិភពលោក”។

ដែលសិក្ខាសាលានេះបានរៀបចំពិធីបើក ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, ឯកឧត្តម លោកជំទាវ ប្រធានសមាគមសម្ព័ន្ធនារីឥស្លាមកម្ពុជា ប្រធានសហភាពឥស្លាមហុងកុង ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ឯកឧត្តមសាកលវិទ្យាធិការ វាក្មិនកិត្តិយស ព្រមទាំងមានការចូលរួមពីសំណាក់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ តំណាងអង្គការសមាគម រួមនឹងសិក្ខាកាមជាច្រើនរយនាក់ផងដែរ។

នាឱកាសថ្លែងសុន្ទរកថាស្វាគមន៍ ឯកឧត្តមបណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ឯកឧត្តមបានមានប្រសាសន៍ថា៖ សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា តែងតែរៀបចំអោយមានកម្មវិធីសិក្ខាសាលាជាបន្តបន្ទាប់ ដើម្បីចែករំលែកចំណេះដឹងថ្មីៗ ជំរុញការអភិវឌ្ឍន៍ ជាពិសេសដើម្បីលើកកម្ពស់វិស័យអប់រំសហគមន៍នៅកម្ពុជា។

ឯកឧត្តម បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិសជាតិ និងអន្តរជាតិ តំណាងអង្គការសមាគម និងសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹកចូលរួមសិក្ខាសាលានាថ្ងៃនេះ។

លោកជំទាវ ទៀត រ៉ទស់ អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានសមាគមសម្ព័ន្ធនារីឥស្លាមកម្ពុជា បានមានប្រសាសន៍ថា៖ រយៈពេលកន្លងមក សមាគមសម្ព័ននារីឥស្លាមកម្ពុជា សហការជាមួយមិត្តហុងកុង និងបណ្តាអង្គការសមាគមជាដៃគូ សម្រេចបាននូវកិច្ចការធំៗមួយចំនួន លើគម្រោងនានាជាច្រើន ដើម្បីសហគមន៍មានភាពរីកចម្រើន។ ហើយថ្ងៃនេះ សមាគមមានមោទនៈភាពទទួលបាននូវការសហការជាមួយដៃគូមិត្តហុងកុង រួមជាមួយនឹងសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា បង្កើតឡើងនូវសិក្ខាសាលានេះឡើង។

ជាមួយគ្នានេះ ឯកឧត្តម A S Suffiad ប្រធានសហភាពឥស្លាមហុងកុង បានថ្លែអំណរគុណចំពោះសមាគមសម្ព័ននារីឥស្លាមកម្ពុជា និងសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ នេះគឺជាលើកទីមួយរបស់ឯកឧត្តម ដែលបានសហការរៀបចំសិក្ខាសាលានៅប្រទេសកម្ពុជា ស្តីអំពីគន្លឹះនៃការផ្សព្វផ្សាយ ក្រោមប្រធានបទ “ក្តីមេត្តាទៅកាន់ពិភពលោក”។ ក្នុងនាមប្រធានសហភាពឥស្លាមហុងកុង ឯកឧត្តមសង្ឃឹមថា សិក្ខសាលានេះនឹងប្រកបទៅដោយអត្ថប្រយោជន៍ជាច្រើនដល់សិក្ខាកាម។

ដោយឡែក ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នាឱកាសមានមតិសំណេះសំណាល និងប្រកាសបើកសិក្ខាសាលាស្តីពីគន្លះផ្សព្វផ្សាយក្តីមេត្តាចំពោះសាកលលោក ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគម និងសាកលវិទ្យាល័យ ក៏ដូចជាសហភាពឥស្លាមពីហុងកុង ដែលបានសហការរៀបចំអោយមានសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង។

ឯកឧត្តម បានមានប្រសាសន៍ថា៖ ការផ្សព្វផ្សាយក្តីមេត្តាករុណាចំពោះសាកលលោក ជាសកម្មភាពដ៏មានន័យសម្រាប់ជំរុញសន្តិភាព និងការយោគយល់គ្នាជាសាកលក្នុងគោលបំណងជួយបង្រៀន បង្កើនការយល់ដឹងអំពីចិត្តមេត្តា និងការយល់ចិត្ត ដើម្បីបង្កើតសង្គមដែលមានការចេះដឹង ការអត់អោនដល់អ្នកដទៃ និងធ្វើអោយមានកិច្ចសហប្រតិបត្តិការល្អ សាមគ្គីភាព និងភាតរៈភាពជាដើម។

ឯកឧត្តម បានបន្តថា៖ ការលើកយកប្រធានបទនេះមកពិភាក្សាក្នុងសិក្ខាសាលានាថ្ងៃនេះ វាពិតជាបានបង្ហាញពីការចូលរួមរបស់យើងទាំងអស់គ្នា ក្នុងការលើកកំពស់គោលនយោបាយសុខដុមនីយកម្មសាសនា ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងទទួយលបានការកោតសរសើរពីណាក់អន្តរជាតិផងដែរ។

ឯកឧត្តម បានមានប្រសាសន៍លើកឡើងអំពីក្តីមេត្តាករុណាចំពោះសាកលលោក នៅក្នុងសាសនាឥស្លាមដែលមានបញ្ជាក់ប្រាប់នៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះនៃព្យាការីមូហាំម៉ាត់ (S.A.W) ដែលមានការចូលរួមបកស្រាយពីវាគ្មិនជំនាញ គឺ សៀក្ខ មូហាំម៉ាត់ អាលណាក៏វី។ ហើយឯកឧត្តមសង្ឃឹមថា សិក្ខាសាលានេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកចូលរួមទាំងអស់គ្នា៕

Digiqole Ad

Related post