• October 14, 2024
 សហភាពអាហ្រ្វិកសម្តែងនូវការសោកស្តាយ និងអំពាវនាវអោយមេដឹកនាំក្នុង​តំបន់បង្កើនកិច្ច​សន្ទ​នា បន្ទាប់ពីប្រទេសជាសមាជិកចំនួន៣ប្រកាសដកខ្លួនចេញ

សហភាពអាហ្រ្វិកសម្តែងនូវការសោកស្តាយ និងអំពាវនាវអោយមេដឹកនាំក្នុង​តំបន់បង្កើនកិច្ច​សន្ទ​នា បន្ទាប់ពីប្រទេសជាសមាជិកចំនួន៣ប្រកាសដកខ្លួនចេញ

Spread the love
Digiqole Ad

កាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសចំនួន៣រួមមាន៖ ម៉ាលី, ប៊ូគីណាហ្វាសូ, និងនីហ្សេ ដែល​ជា​សមាជិករបស់សហភាពអាហ្វ្រិក បានប្រកាសដកខ្លួនចេញពីសហគមន៍​សេដ្ឋកិច្ចនៃរដ្ឋ​អាហ្វ្រិក​ខាង​លិច (ECOWAS) ដោយនិយាយថា ប្លុកនេះគឺស្ថិតនៅក្រោម “អំណាចបរទេស”។

 

សហគមន៍​សេដ្ឋកិច្ចនៃរដ្ឋ​អាហ្វ្រិក​ខាង​លិច (ECOWAS) បង្កើតឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ​១៩​៧៥ ដើម្បីជួយសម្រួលដល់កិច្ច​សហការក្នុងវិស័យផ្សេងៗ រួមទាំងពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងសន្តិ​សុខ ដើម្បី​ជំរុញស្ថិរភាព និងការ​អភិវឌ្ឍន៍នៅក្នុងតំបន់អាហ្វ្រិកខាងលិច។

ជុំវិញការប្រកាសដកខ្លួនរបស់សមាជិក លោក Moussa Faki Mahamat ប្រធានគណៈកម្មការសហ​ភាព​អាហ្រ្វិក បានសម្តែងនូវការសោកស្តាយ និងអំពាវនាវឱ្យមេដឹកនាំក្នុងតំបន់ បង្កើនកិច្ចសន្ទនារ​វាង​ថ្នាក់ដឹកនាំ ECOWAS និង​ប្រទេសទាំងបី។

នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារ ដែលត្រូវបានដកស្រង់ផ្សាយដោយសារព័ត៌មាន Anado​lu នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក Moussa Faki Mahamat បានគូសបញ្ជាក់ថា គណៈ​កម្ម​ការសហភាពអាហ្រ្វិកមានឆន្ទៈផ្តល់ជំនួយគ្រប់បែបយ៉ាង​នៅក្នុង​អំណាចរបស់ខ្លួន សម្រាប់ភាព​ជោគ​ជ័យនៃការសន្ទនាជាបងប្អូន។

លោក Moussa Faki ក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីឱ្យការរួបរួមដែលមិន​អាចជំនួស​បាននៃ ECOWAS ត្រូវបានថែរក្សា ហើយសាមគ្គីភាពនៃអាហ្វ្រិកត្រូវបានពង្រឹង។

ទំនាក់ទំនងរវាង ECOWAS និងប្រទេសទាំងបី​មានភាពតានតឹងបន្ទាប់​ពីប្លុក​នេះបានដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរលើពួកគេ ក្រោយរដ្ឋប្រហារយោធានៅប្រទេសម៉ាលី ក្នុងឆ្នាំ ២០២០, ប៊ូគីណាហ្វាសូ ក្នុង​ឆ្នាំ២០២២, និងក្នុងប្រទេសនីហ្សេ កាលពីខែកក្កដាឆ្នាំមុន។

ប៉ុន្តែទោះបីយ៉ាងណា ECOWAS បាននិយាយថាប្រទេសទាំងបីនៅតែជាសមាជិក​ដ៏សំខាន់នៃ​សហ​គមន៍ ហើយប្រទេស​នេះ​នៅតែប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយ​ចរចារចំពោះភាព​ជាប់គាំង​នៃនយោបាយផងដែរ៕

Digiqole Ad

Related post