• October 14, 2024
 វិហារឥស្លាមម៉ាស្ជិតនូរុលអៀសសាន្ត នៅគីឡូម៉ែត្រលេខ៧ បានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

វិហារឥស្លាមម៉ាស្ជិតនូរុលអៀសសាន្ត នៅគីឡូម៉ែត្រលេខ៧ បានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

Spread the love
Digiqole Ad

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ វិហារឥស្លាមម៉ាស្ជិតនូរុលអៀសសាន្ត និងសមិទ្ធផលនានា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ពិធីនេះមានការចូលរួមផងដែរពីសំណាក់ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ជាច្រើនរូប និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន រួមនឹងហាកឹម តួន បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

 

យោងតាមរបាយការណ៍ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអោយដឹងថា វិហារឥស្លាមម៉ាស្ជិតនូរុលអៀសសាន្ត បានធ្វើការសាងសង់ឡើងវិញក្នុងខែធ្នូ ឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់ នៅក្នុងខែមេសា ឆ្នាំ២០១៩ ខណៈសំណង់អគារវិហារចាស់ដែលបានសាងសង់តាំងពីឆ្នាំ ១៨១៥ មក មានសភាពទ្រុឌទ្រោមខ្លាំង។

សំណង់អគារវិហារថ្មី ជាសំណង់ផុតពីដី ទំហំ២៦ x ៣៦ម៉ែត្រ អាចផ្ទុកអ្នកថ្វាយបង្គំប្រមាណ ១០០០នាក់។ ក្រៅពីសំណង់អគារវិហារថ្មី ក៏មានសមិទ្ធផលផ្សេងៗជាច្រើនទៀតផងដែរ រួមមាន៖ សាលារៀន អន្តេវាសិកដ្ឋាន និងអគារស្នាក់នៅ ដែលចំណាយថវិកាសាងសង់សរុបជាង ៤១ម៉ឺន និង៥ពាន់ដុល្លារអាមេរិក ដោយក្នុងនោះ ៨៥% ជាថវិកាទទួលបានពីសប្បុរសជនក្នុងស្រុក និង១៥% ទទួលបានពីសប្បុរសជនក្រៅស្រុក។

ជាមួយគ្នានេះ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក៏បានចូលរួមថ្លែងនូវចំណាប់អារម្មណ៍ផងដែរ ឯកឧត្តមបានមានប្រសាសន៍ថា សមិទ្ធិផលថ្មីនេះអាចកើតមានឡើងដោយសារប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ក្នុងនាមប្រជាពលរដ្ឋខ្មែរឥស្លាម ឯកឧត្តមបានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ដែលបានចូលរួមជួយជាថវិកាសាងសង់អគារវិហារថ្មី ដើម្បីបម្រើដល់ការគោរពប្រណិបត្តិសាសនារបស់ប្រជាពលរដ្ឋនៅក្នុងសាហគមន៍។

ដោយឡែក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍នូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករឭក ជូនចំពោះគណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនសាសនិកឥស្លាម ហាកឹម តួន អុងៗ ម៉ៃៗ សិស្សានុសិស្ស ក្រុមយុវជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌឬស្សីកែវទាំងមូល ក្នុងមនោសញ្ចេតនាស្រឡាញ់ និងយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅជាទីបំផុត។

ឯកឧត្តម បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “វិហារឥស្លាមម៉ាស្ជិតនូរុលអៀសសាន្ត និងសមិទ្ធផលនានា” នៅក្នុងថ្ងៃនេះ ដែលបានសាងសង់ទ្បើងវិញដោយកម្លាំងរួបរួមសាមគ្គីរបស់ប្រជាពលរដ្ឋជាសាសនិកឥស្លាមក្នុងស្រុក និងក្រៅប្រទេសផងដែរ ដើម្បីជាទីកន្លែងថ្វាយបង្គំ រំលឹកដល់អល់ឡោះជាម្ចាស់ដោយកាយវិការនិងចិត្ត។

ឯកឧត្តម បានមានប្រសាសន៍ថា នៅពេលប្រទេសកាន់តែអភិវឌ្ឍ ការប្រកាន់ខ្ជាប់នូវសាសនាកាន់តែមានភាពសំខាន់ ពីព្រោះការអប់រំនៅក្នុងសាសនាទាំងអស់ មានគោលដៅរួមមួយ គឺដើម្បីការរស់នៅប្រកបដោយសុខសន្តិភាព។

ឯកឧត្តម ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់បងប្អូនខ្មែរឥស្លាមទាំងអស់ ជាពិសេស បងប្អូនខ្មែរឥស្លាមនៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ដែលតែងតែទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបោះឆ្នោតជូនគណបក្សប្រជាជន ហើយឯកឧត្តមអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបន្តបោះឆ្នោតជូនគណបក្សប្រជាជន ក្នុងការបោះឆ្នោតជាតិដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ។

ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមក៏បានផ្តល់កិត្តិយសបំពាក់នូវគ្រឿងឥស្សរយស និងមេដាយមាស ជូនដល់គណៈកម្មការសាងសង់វិហារ និងបងប្អូនសប្បុរសជន ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិលើវិស័យសាសនា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះលោកគ្រូ អ្នកគ្រូខ្មែរឥស្លាម ចំនួន ៥០នាក់ និងក្រុមគ្រូពេទ្យ ២០នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល, សិស្សានុសិស្សខ្មែរឥស្លាម ចំនួន៧០នាក់ ម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច១ដើម និងថវិកា១ម៉ឺនរៀល, ក្រុមយុវជនសរុបជាង៥០០នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល, ក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះ២ និងអាជ្ញាធរមូលដ្ឋាន ជាង១០០នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល, ប្រជាការពារខណ្ឌឬស្សីកែវ ៣០នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល, ប្រជាពលរដ្ឋជាង៦០០នាក់ ម្នាក់ៗទទួលបានសារ៉ុង១ ថវិកា ២ម៉ឺនរៀល, រួមនឹងកម្លាំងការពារសន្តិសុខ អធិការដ្ឋាននគរបាល កងរាជអាវុធហត្ថ ខណ្ឌឬស្សីកែវ មួយអង្គភាព ទទួលបានថវិកា ៥០ម៉ឺនរៀល ផងដែរ៕

Digiqole Ad

Related post