• December 9, 2024
 មនុស្សជាង៣០នាក់ រួមទាំងទាហាន ១០នាក់បានស្លាប់ ដោយសារភ្លើងឆេះព្រៃជិត១០០កន្លែង នៅទូទាំងប្រទេសអាល់ហ្សេរី ខណៈសីតុណ្ហភាពកើនឡើងដល់ ៤៨អង្សាសេ

មនុស្សជាង៣០នាក់ រួមទាំងទាហាន ១០នាក់បានស្លាប់ ដោយសារភ្លើងឆេះព្រៃជិត១០០កន្លែង នៅទូទាំងប្រទេសអាល់ហ្សេរី ខណៈសីតុណ្ហភាពកើនឡើងដល់ ៤៨អង្សាសេ

Spread the love
Digiqole Ad

អាល់ហ្សេរី៖ យ៉ាងហោចណាស់មនុស្សចំនួន ៣៤នាក់ រួមទាំងទាហានចំនួន ១០នាក់បានស្លាប់ ដោយសារភ្លើងឆេះព្រៃជិត១០០កន្លែង នៅទូទាំងប្រទេសអាល់ហ្សេរី និងមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្ទះដើម្បីទៅរកកន្លែងសុវត្ថិភាព។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ ក្រសួងមហាផ្ទៃនៃប្រទេសអាល់ហ្សេរី បាននិយាយកាលពីថ្ងៃច័ន្ទថា សីតុណ្ហភាពបានឡើងដល់ ៤៨អង្សាសេ (ឬ១១៨ហ្វារិនហៃ) នៅក្នុងតំបន់មួយចំនួន បានបង្កអោយមានអគ្គិភ័យកើតឡើងចំនួន ៩៧កន្លែង នៅទូទាំងខេត្តចំនួន១៦ ក្នុងប្រទេស ដែលបណ្តាលមកពីខ្យល់បក់ខ្លាំង។

ប្រភពដដែល បន្តថា អគ្គិភ័យបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤នាក់ រួមទាំងទាហានចំនួន ១០នាក់ផងដែរ ហើយបានបង្ខំឱ្យមានការជម្លៀសប្រជាជនប្រហែល ១៥០០នាក់ ពីខេត្តពើជាយ៉ា (Bejaia), ពូអ៊ីរ៉ា (Bouira) និងជីជែល (Jijel) ដែលស្ថិតនៅភាគខាងកើតនៃរដ្ឋធានី Algiers។

ក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋចាកចេញពីតំបន់ដែលរងផលប៉ះពាល់ដោយអគ្គិភ័យ និងត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ អំពីករណីអគ្គិភ័យថ្មីៗដែលកើតមានឡើង និងបានបញ្ជាឱ្យមានការស៊ើបអង្កេតបឋម ដើម្បីរកមូលហេតុដែលបណ្តាលអោយមានភ្លើងឆាបឆេះ និងរកជនល្មើស។

ជុំវិញគ្រោះអកុសលនេះ ប្រធានាធិបតីនៃប្រទេសអាល់ហ្សេរី លោក Abdelmadjid Tebboune បានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងបានលើកឡើងថា អ្នកពន្លត់អគ្គិភ័យប្រហែល ៧៥០០នាក់ និងរថយន្តពន្លត់អគ្គិភ័យចំនួន ៣៥០គ្រឿង និងយន្តហោះជំនួយពីលើអាកាសមួយចំនួនទៀត កំពុងតស៊ូប្រយុទ្ធដើម្បីពន្លត់អណ្តាតភ្លើងនៅទូទាំងប្រទេស។

គួរជម្រាបថា ហេតុការណ៍ភ្លើងឆេះព្រៃ ក៏បានកើតឡើងនៅក្នុងប្រទេសទុយនីស៊ី ដែលជាប្រទេសក្បែរខាងផងដែរ ហើយសីតុណ្ហភាពនៅក្នុងប្រទេសនេះបានឈានដល់ជិត ៥០អង្សាសេ (ឬ១២២ហ្វារិនហៃ) កាលពីថ្ងៃច័ន្ទ។ មនុស្សជាង៣០០នាក់ ត្រូវបានជម្លៀសតាមសមុទ្រនិងតាមផ្លូវគោក ពីតំបន់ Melloula ។
អ្នកវិទ្យាសាស្ត្របានចាត់ថ្នាក់តំបន់មេឌីទែរ៉ាណេថាជា “ចំណុចងាយរងគ្រោះបំផុត” នៃការប្រែប្រួលអាកាសធាតុ៕

Digiqole Ad

Related post