• December 10, 2024
 ព្រះករុណា ព្រះមហាក្សត្រ មានទំនុកចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែ​រឹងមាំ និង​បន្ត​ថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប សម្រាប់​មនុស្ស​ជំនាន់ក្រោយ

ព្រះករុណា ព្រះមហាក្សត្រ មានទំនុកចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែ​រឹងមាំ និង​បន្ត​ថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប សម្រាប់​មនុស្ស​ជំនាន់ក្រោយ

Spread the love
Digiqole Ad

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជា​ណា​ចក្រកម្ពុជាមានព្រះរាជឱង្ការថា ក្នុងកាលៈទេសៈនៃការប្រែប្រួលស្ថានការណ៍ពិភព​លោក​ដែលកំពុងកើតមាន ព្រះអង្គមានទំនុកចិត្តយ៉ាងមុតមាំថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំនិងបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ខណៈបន្តថែរក្សា​ទំនាក់​ទំនង​មិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត សម្រាប់មនុស្ស​ជំនាន់​ក្រោយ។ នេះ​បើតាមព្រះរាជសារលិខិតរបស់ព្រះករុណាព្រះមហាក្សត្រ ផ្ញើជូនឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងខួបអនុស្សាវរីយ៍លើកទី៦៥ នៃ​ការ​បង្កើត​ទំនាក់ទំនង ការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមា​និត​ចិន។

​ក្នុងព្រះរាជសារលិខិត ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជឱង្ការម្លឹកថា ប្រវត្តិ​សាស្ត្រដ៏យូរលង់នៃមិត្តភាព​ជាប្រពៃណីរបស់យើង ដែលត្រូវបានបង្កើតឡើង និងជូនជ្រុំ ដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ» និងឯកឧត្តម​ប្រធាន ម៉ៅ សេទុង ក៏ដូចជា ឯកឧត្តម ជូ អេនឡាយ នាយករដ្ឋមន្ត្រីចិន ព្រមទាំង​ត្រូវបាន​ជំរុញដោយថ្នាក់ដឹកនាំ ជំនាន់ក្រោយៗទៀត នៃប្រទេសទាំងពីរ មានការរីកចម្រើនប្រកប​ដោយភាពស៊ីជម្រៅ និងវិសាលភាព បើទោះបីជាមានការផ្លាស់ប្តូរយ៉ាងឆាប់ហ័ស​នៅក្នុង​ប្រទេសទាំងពីរ និងក្នុងតំបន់ក៏ដោយ។ ព្រះអង្គបន្តថា ចំណងមិត្តភាពដ៏ល្អ​ប្រសើររបស់​ពួក​យើង ត្រូវបានដំឡើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្តគ្រប់​ជ្រុង​ជ្រោយ​ក្នុងឆ្នាំ២០១០ និងសហគមន៍វាសនារួមក្នុងឆ្នាំ២០១៩ និងបានវិវឌ្ឍទៅជាមិត្តភាព​ដែកថែប ដោយផ្អែកលើគោលការណ៍នៃការជឿជាក់ផ្នែកនយោបាយស៊ីជម្រៅ និងកិច្ច​សហ​ប្រតិបត្តិការឈ្នះ-ឈ្នះ។

ព្រះមហាក្សត្រ ព្រះអង្គមានសេចក្តីសោមនស្សរីករាយ ដែលមើលឃើញ​សមិទ្ធផល​គួរឱ្យកត់សម្គាល់របស់យើង លើគ្រប់វិស័យ និងមានទំនុកចិត្តយ៉ាង​ពេញទំហឹង​ថា កិច្ច​សហ​ប្រតិបត្តិការជាក់ស្ដែងរបស់យើង និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលទើប​បង្កើត​ថ្មី នឹងបន្តកាន់តែស៊ីជម្រៅ និងរីកចម្រើន ដើម្បី ជំរុញកសាងសហគមន៍​វាសនារួម​កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជឱង្ការទៀតថា៖ «កម្ពុជាសូមកោតសរសើរ និង​វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានារបស់ចិន ដែលបានបង្កើតឡើង។ ក្រោមការដឹក​នាំ​ដ៏​ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម ខ្ញុំជឿជាក់យ៉ាងមុតមាំថា ចិននឹងបន្ត​ទទួលបាននូវភាពរីកចម្រើន វិបុលភាព និងការអភិវឌ្ឍបន្ថែមទៀត។ ក្នុងកាលៈទេសៈ​នៃការ​ប្រែប្រួលស្ថានការណ៍ពិភពលោកដែលកំពុងកើតមាន ខ្ញុំមានទំនុកចិត្តយ៉ាងមុត​មាំថា​ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ខណៈបន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត សម្រាប់ មនុស្សជំនាន់ក្រោយ»។ ព្រះមហាក្សត្រក៏បានបន្ថែមថា កម្ពុជានឹងបន្តប្រកាន់​ខ្ជាប់​នូវគោលនយោបាយចិនមួយ គាំទ្រគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ ហើយនឹងធ្វើការរួម​គ្នា​ជាមួយមិត្តចិន ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើ វិស័យនានា ដើម្បីផល​ប្រយោជន៍ប្រជាជន និងប្រទេសយើងទាំងពីរក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុល​ភាពក្នុងតំបន់ និងពិភពលោក។

ដោយឡែកក្នុងលិខិតរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ​ប្រជា​មានិតចិន ផ្ញើថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់​ទំនង ការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្ដមបាន​ថ្លែងថា៖ «តាងនាមរដ្ឋាភិបាល និងប្រជាជនចិន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តី​សោមនស្ស រីករាយយ៉ាងក្រៃលែង សូមសម្ដែង នូវអំណរសាទរយ៉ាងកក់ក្តៅ​បំផុតថ្វាយ​ព្រះ​ករុណា និងតាមរយៈព្រះករុណា ជូនចំពោះប្រជាជនកម្ពុជាជាបងប្អូន ក្នុងឱកាស​ដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង​សាធា​រណ​រដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា»។ ឯកឧត្ដមបានបន្តថា ក្នុងរយៈពេល ៦៥ឆ្នាំ កន្លងមកនេះ ទំនាក់ទំនងចិន-កម្ពុជា បានបន្តរីកចម្រើនកាន់តែរឹងមាំ ថែមទៀត ទោះបីជាមានការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិក៏ដោយ។

ឯកឧត្ដមប្រធានាធិបតីក៏បានរម្លឹកអំពីព្រះករុណា ព្រះមហាក្សត្រ​ដែលបានបន្ត​មរតក របស់ព្រះ​ករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ -ក្នុងកិច្ច​ខិតខំប្រឹងប្រែង និងការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ដើម្បីពង្រឹងមិត្តភាពរវាងកម្ពុជា និងចិន ដែល​អាចចាត់ទុកបានថា ប្រទេសចិន ជាមាតុភូមិទី ២ ដែលតែងតែស្វាគមន៍ព្រះអង្គ។ នៅដើម​ឆ្នាំនេះ ព្រះករុណា និងខ្ញុំបានជួបគ្នានៅប៉េកាំង និងបានផ្លាស់ប្ដូរសារលិខិត សំដៅរួមគ្នា​ជំរុញ​​ការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ឯកឧត្ដមប្រធានាធិបតីក៏បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដោយ បាន​សង្កេត​ឃើញថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា មានការរីកចម្រើនយ៉ាងស៊ី​ជម្រៅ និង ក្នុងវិសាលភាពធំទូលាយ រួមមានវឌ្ឍនភាពនៃគម្រោងបង្កើត “ច្រករបៀង​ឧស្សា​ហកម្ម និងបច្ចេកវិទ្យា និង“ច្រករបៀងមច្ឆា និងអង្ករ» ក្នុងខណៈដែលសម្រេច​បាន​នូវលទ្ធផលផ្លែផ្កានៃឆ្នាំមិត្តភាពចិន-កម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃ​ការបង្កើតទំនាក់ទំនងការទូត។

ឯកឧត្ដមប្រធានាធិបតីក៏បានសង្កត់ធ្ងន់ថា៖ «ខ្ញុំផ្តល់សារៈសំខាន់ ខ្លាំងចំពោះការ​អភិវឌ្ឍ​ទំនាក់ទំនងចិន-កម្ពុជា និងត្រៀមខ្លួនជាស្រេច ក្នុងការខិតខំប្រឹងប្រែងរួមគ្នា ជា​មួយ​ព្រះករុណា ដើម្បីនាំមកនូវជោគជ័យ និងផលប្រយោជន៍ជាក់ស្ដែងបន្ថែមទៀតជូន​ប្រជាជន នៃប្រទេសទាំងពីរ»៕

Digiqole Ad

Related post