ប្រជាពលរដ្ឋតំបន់ទាប នៅខេត្តត្បូងឃ្មុំបន្តជម្លៀសខ្លួន ខណៈទឹកមេគង្គកើនឡើង
ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់នៅតំបន់ទាប និងតាមបណ្តោយទន្លេមេគង្គ ក្នុងខេត្តត្បូងឃ្មុំ កំពុងបន្តជម្លៀសខ្លួន និងរើសម្ភារសំខាន់ៗទៅកាន់ទីទួលសុវត្ថិភាព ដើម្បីត្រៀមទប់ទល់នឹងស្ថានភាពទឹកជំនន់ ខណៈកម្ពស់ទឹកមេគង្គនៅតែបន្តកើនឡើង។
ប្រជាពលរដ្ឋមួយចំនួនបានជម្លៀសទៅស្នាក់នៅទីទួលសុវត្ថិភាពរួចហើយ អស់រយៈពេលប្រមាណ ៣ថ្ងៃ ដោយនាំយកសត្វពាហនៈ និងសម្ភារចាំបាច់ទៅជាមួយ។ ពួកគេបានលើកឡើងពីតម្រូវការទឹកស្អាត សេវាសុខាភិបាល និងការការពារសន្តិសុខនៅទីតាំងស្នាក់នៅបណ្តោះអាសន្ន។
គិតត្រឹមព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅស្ថានីយក្រចេះ-ក្រូចឆ្មារ កម្ពស់ទឹកមេគង្គមាន ៨,៧០ម៉ែត្រ កើនឡើង ០,១៣ម៉ែត្រ ខណៈកម្រិតប្រុងប្រយ័ត្នគឺ ១១,២០ម៉ែត្រ។ នៅស្ថានីយកំពង់ចាម ទឹកមានកម្ពស់ ១៣,១៦ម៉ែត្រ កើនឡើង ០,១៦ម៉ែត្រ និងខ្ពស់ជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នា ២,៨០ម៉ែត្រ។
អាជ្ញាធរបានណែនាំឱ្យប្រជាពលរដ្ឋនៅតំបន់ទាប បន្តតាមដានស្ថានភាពទឹក និងត្រៀមជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ប្រសិនបើកម្ពស់ទឹកបន្តកើនឡើង។
ប្រភព៖ CNC





