• July 25, 2024
 ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៣៤នាក់ និង១៦នាក់ផ្សេងទៀតនៅបន្តបាត់​ខ្លួន ដោយសារ​គ្រោះ​ទឹកជំនន់​ដ៏គំហុក និងកម្អែភ្នំភ្លើងវាយប្រហារលើតំបន់​ភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី

ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៣៤នាក់ និង១៦នាក់ផ្សេងទៀតនៅបន្តបាត់​ខ្លួន ដោយសារ​គ្រោះ​ទឹកជំនន់​ដ៏គំហុក និងកម្អែភ្នំភ្លើងវាយប្រហារលើតំបន់​ភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី

Spread the love
Digiqole Ad

គិតត្រឹមល្ងាចថ្ងៃអាទិត្យ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៣៤នាក់ ខណៈមនុស្សចំនួន​១៦​នាក់​ផ្សេង​ទៀតនៅតែ​បន្ត​បាត់​ខ្លួន ដែលបង្កឡើងដោយគ្រោះ​ទឹកជំនន់​ដ៏គំហុក និងកម្អែភ្នំ​ភ្លើងវាយ​ប្រហារ​លើ​កោះស៊ូម៉ាត្រា​​ភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការគូសបញ្ជាក់​ពីមន្ត្រី​គ្រោះមហន្ត​រាយក្នុងតំបន់ ដែលដកស្រង់ផ្សាយដោយ​សារព័ត៌មាន The Jakarta Post នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។

ភ្លៀងធ្លាក់យ៉ាងខ្លាំងនិងជាច្រើនម៉ោង បានបង្កទៅជាទឹកជំនន់នៅក្នុងស្រុកចំនួនពីរ នៃខេត្តស៊ូម៉ា​ត្រាខាងលិច កាលពីល្ងាចថ្ងៃសៅរ៍ ទន្ទឹមនឹងនោះ កម្អែភ្នំភ្លើង និងថ្មធំៗក៏បានធ្លាក់ពីលើភ្នំ Marapi ដែល​ជាភ្នំភ្លើងសកម្មបំផុតនៅស៊ូម៉ាត្រាផងដែរ។

អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយនៅស៊ូម៉ាត្រាខាងលិច លោក Ilham Wahab បានប្រាប់ទី​ភ្នាក់ងារសារព័ត៌មាន AFP ថា៖ មកដល់ពេលនេះ ទិន្នន័យបឋមមានមនុស្សចំនួន ៣៤​នាក់​បាន​ស្លាប់ ដែលក្នុង​នោះ ១៦នាក់នៅតំបន់ Agam និង ១៨នាក់ទៀតនៅ Tanah Datar ។ ជាមួយ​គ្នានេះ​មានមនុស្សចំនួន ១៨នាក់បានរងរបួស ហើយក្រុមការងារកំពុងបន្តស្វែងរកមនុស្ស ១៦នាក់​ផ្សេង​ទៀតដែលបានបាត់ខ្លួន។ លោក​បានបន្ត​ថា ​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែង​រក និង​ជួយ​សង្គ្រោះនេះ មាន​ការចូលរួមពីគ្រប់ភាគី​ពាក់​ព័ន្ធក្នុង​តំបន់ រួមមាន៖ ប៉ូលិស ទាហាន និង​អ្នក​ស្ម័គ្រ​ចិត្ត។

យោង​តាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ Basarnas ស្រុក Agam និង Tanah Datar ត្រូវ​បាន​វាយប្រហារដោយទឹកជំនន់​ដ៏គំហុក និងកម្អែភ្នំភ្លើង នៅ​វេ​លាម៉ោងប្រហែល ១០៖៣០នាទីយប់ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃសៅរ៍ ។

អាជ្ញាធរមិនអាចផ្តល់តួលេខនៃចំនួនមនុស្សដែល​ត្រូវបានជម្លៀសចេញ​ពីតំបន់​នោះ​ទេ ដោយសារ​ពួកគេផ្តោតសំខាន់ក្នុងការស្វែងរកអ្នកដែលបាត់ខ្លួន។ ប៉ុន្តែយោងតាមរបាយការណ៍ពី ទីភ្នាក់ងារ​ជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (BNPB) បាន​អោយដឹងថា វិហារឥស្លាមចំនួន១ ផ្ទះប្រជាពល​រដ្ឋ​ចំនួន ៨៤ខ្នង និង​ស្ពាន​ចំនួន ១៦ ត្រូវបានបំផ្លាញដោយគ្រោះមហន្ត​រាយនេះ។

គួរជម្រាបថា ឥណ្ឌូណេស៊ី​ជាប្រទេសដែលងាយ​នឹងរងគ្រោះដោយសារការ​បាក់ដី និង​ទឹកជំនន់​ក្នុង​រដូវវស្សា។ កាលពីខែមីនាកន្លងទៅ យ៉ាងហោចណាស់មនុស្ស ២៦នាក់ បានស្លាប់បន្ទាប់ពីការ​រអិលបាក់ដី និងទឹកជំនន់វាយប្រហារកោះស៊ូម៉ាត្រាភាគខាងលិច៕

Digiqole Ad

Related post