• October 14, 2024
 គ្រឹះស្ថានអប់រំឥស្លាមចំនួន៩ នៅទូទាំងប្រទេសកម្ពុជា ពិភាក្សាអំពីការអភិវឌ្ឍភាសាអារ៉ាប់នៅតាមបណ្តាគ្រឹះស្ថានអប់រំឥស្លាម

គ្រឹះស្ថានអប់រំឥស្លាមចំនួន៩ នៅទូទាំងប្រទេសកម្ពុជា ពិភាក្សាអំពីការអភិវឌ្ឍភាសាអារ៉ាប់នៅតាមបណ្តាគ្រឹះស្ថានអប់រំឥស្លាម

Spread the love
Digiqole Ad

កណ្ដាល៖ គ្រឹះស្ថានអប់រំឥស្លាមចំនួន៩ នៅទូទាំងប្រទេសកម្ពុជា បានរៀបចំកិច្ចពិភាក្សាលើកទី១ ស្ដីអំពីការអភិវឌ្ឍភាសាអារ៉ាប់នៃគ្រឹះស្ថានអប់រំឥស្លាមនៅកម្ពុជា។ កិច្ចពិភាក្សានេះ បានរៀបចំធ្វើឡើងនៅវិទ្យាល័យមជ្ឈមណ្ឌលឥស្លាមកម្ពុជា នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដែលដឹកនាំដោយមានលោក អើស្អារី សឡេះ ប្រធានសមាគមកូប្រ៉ាស៊ីមុស្លិមកម្ពុជា។

នេះគឺជាការជួបជុំគ្នាលើកទីមួយ ដែលគ្រប់គ្រឹះស្ថានអប់រំទាំងអស់បានឯកភាពគ្នារៀបចំធ្វើឡើង ដើម្បីពិភាក្សាអំពីការអភិវឌ្ឍភាសាអារ៉ាប់នៅក្នុងបណ្តាគ្រឹះស្ថានអប់រំឥស្លាមនៅកម្ពុជា ដើម្បីស្វែងរកវិធីសាស្ត្រល្អៗក្នុងការបង្រៀន ឱ្យសិស្សានុសិស្សចូលចិត្តរៀន និងអាចចេះនិយាយភាសាអារ៉ាប់បានស្ទាត់ជំនាញ។

ភាសាអារ៉ាប់គឺជាភាសាគម្ពីរ អាល់គួរអាន ជាភាសាដើមនៃក្បូនច្បាប់សាសនាឥស្លាម ហើយក៏ជាភាសាមួយក្នុងចំណោមភាសាផ្លូវការទាំង៦ នៅអង្គការសហប្រជាជាតិទៀតផង

លោក អើស្អារី សឡេះ ប្រធានសមាគមកូប្រ៉ាស៊ីមុស្លិមកម្ពុជា និងជាប្រធានដឹកនាំនៃកិច្ចពិភាក្សាលើកទី១ ស្ដីអំពីការអភិវឌ្ឍភាសាអារ៉ាប់នៃគ្រឹះស្ថានអប់រំឥស្លាមនៅកម្ពុជា បានលើកឡើងថា កិច្ចពិភាក្សានេះ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍភាសាអារ៉ាប់នៅតាមគ្រឹះស្ថានអប់រំឥស្លាម តាមរយៈការបង្រៀនដោយវិធីសាស្ត្រត្រឹមត្រូវតាមស្តង់ដារពីសំណាក់លោកគ្រូអ្នកគ្រូ និងសុំអោយមានកិច្ចសហការពីសំណាក់គ្រឹះស្ថានអប់រំឥស្លាមទាំងអស់ អំពីការអាប់ដេតកម្មវិធីសិក្សា អោយស្របទៅនឹងសម័យកាល។

ស្ថាប័នទាំង៩ ជាសមាជិកសម្ព័ន្ធគ្រឹះស្ថានអប់រំឥស្លាមនៅកម្ពុជា រួមមាន៖ ១. សាលានូរ៉ុលអ៊ីម៉ាន ជ្រោយមេត្រី, ២. មជ្ឈមណ្ឌលឥស្លាមកម្ពុជា, ៣. វិទ្យាល័យអាពូប៉ាកើរឥស្លាមកម្ពុជា, ៤. វិទ្យាល័យម៉ាអាហាទហាជីហ្វីកក្រី, ៥. សាលាអន្តរជាតិ អ៊ិនតាច, ៦. វិទ្យាល័យឥស្លាមអាល់-រ៉ជីហ៊ីកម្ពុជា, ៧. សាលាគំរូរ៉ស់ម៉ះ, ៨. សមាគមកូប៉្រាស៊ីមុស្លឹមកម្ពុជា, និង៩. មជ្ឈមណ្ឌលអប់រំអាប់ឌុលអាហ្ស៊ីសអាល់យ៉ះយ៉ាដើម្បីសង្គមត្បូងឃ្មុំ។

គួរជម្រាបថា នៅក្នុងកិច្ចពិភាក្សាលើកទី១នេះ តំណាងគ្រឹះស្ថានអប់រំឥស្លាមទាំងអស់ បានឯកភាពនឹងរៀបចំធ្វើកិច្ចពិភាក្សាដូចនេះ អោយបានពីរដងក្នុងមួយឆ្នាំ ជាមួយនឹងគម្រោងរៀបចំវគ្គបំប៉នសម្រាប់គ្រូបង្រៀនភាសាអារ៉ាប់មកពីគ្រប់គ្រឹះស្ថានអប់រំ ដោយអញ្ជើញវាគ្មិនដែលជំនាញក្នុងភាសាអារ៉ាប់មកបង្រៀន និងការអនុវត្តផ្ទាល់ផងដែរ៕

 

 

Digiqole Ad

Related post